សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

រូបិយប័ណ្ណ និងការទូទាត់ប្រាក់នៅវៀតណាម

ជាមួយនឹងម្ហូបអាហារ សណ្ឋាគារ និងសកម្មភាពកម្សាន្តជាច្រើនដែលមានតម្លៃសមរម្យ វៀតណាមគឺជាគោលដៅដ៏អស្ចារ្យមួយប្រសិនបើអ្នកកំពុងស្វែងរកការចំណាយដែលមានតម្លៃល្អ។ រៀបចំខ្លួនសម្រាប់ការមកកម្សាន្តនៅវៀតណាមជាលើកដំបូងរបស់អ្នកដោយស្វែងយល់ពីប្រាក់រូបិយប័ណ្ណក្នុងស្រុក និងប្រព័ន្ធទូទាត់ប្រាក់ ដើម្បីឱ្យអ្នកអាចរីករាយនឹងវិស្សមកាលរបស់អ្នកនៅទីនេះកាន់តែខ្លាំង។ នេះជាមគ្គុទ្ទេសក៍សង្ខេបអំពីប្រាក់កាសសម្រាប់អ្នកធ្វើដំណើរនៅវៀតណាម។ 

មគ្គុទ្ទេសក៍រូបិយប័ណ្ណវៀតណាម

ជំពូក 01 —

រូបិយប័ណ្ណវៀតណាម

រូបិយប័ណ្ណផ្លូវការនៅប្រទេសវៀតណាមគឺ ដុងវៀតណាម ដែលមានសញ្ញាសម្គាល់ ₫ ឬ VND។ ប្រាក់ក្រដាសវៀតណាមគឺជាការរួមបញ្ចូលគ្នារវាងក្រដាសប្រាក់តូចៗ (មិនមានប្រើប្រាក់កាក់ទេ) និងក្រដាសប្រាក់ប៉ូលីមែរធំជាង ដែលមានតម្លៃចាប់ពី 10,000 VND ដល់ 500,000 VND។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំដោយសារលេខសូន្យច្រើន អ្នកអាចដកលេខសូន្យបីចេញក្នុងចិត្តដើម្បីទទួលបានតួលេខសាមញ្ញជាងនេះ។ ដើម្បីបំប្លែងពី VND ទៅ USD យ៉ាងរហ័ស គ្រាន់តែដកលេខសូន្យបីចេញ ហើយចែកនឹង 23។ 

បណ្ដាំសង្ខេប៖ ក្រដាសប្រាក់ 20,000 VND និងក្រដាសប្រាក់ 500,000 VND មានពណ៌ខៀវស្រដៀងគ្នា -- សូមពិនិត្យមើលឱ្យច្បាស់មុននឹងអ្នកទូទាត់។ 

ប័ណ្ណឥណទានវៀតណាម

ជំពូក 02 —

ការដកប្រាក់ស្រស់ និងការដូរប្រាក់

នៅពេលមកដល់ប្រទេសវៀតណាម អ្នកប្រាកដជាចង់មានប្រាក់ស្រស់ជារូបិយប័ណ្ណក្នុងស្រុកខ្លះៗ។ អ្នកអាចស្វែងរកទូ ATM ដែលទទួលប័ណ្ណអន្តរជាតិនៅខាងក្រៅច្រកទ្វារមកដល់នៅគ្រប់អាកាសយានដ្ឋានធំៗ។ ទូ ATM គឺជាអ្វីដែលគេប្រទះឃើញជាញឹកញាប់នៅតាមទីក្រុងនានាក្នុងប្រទេសវៀតណាម ហើយអ្នកនឹងមិនមានផលវិបាកក្នុងការស្វែងរកទូ ATM នៅតាមគោលដៅភាគច្រើននោះទេ។ ប័ណ្ណអន្តរជាតិដូចជា Visa ត្រូវបានទទួលយកនៅទូ ATM ច្រើនជាង 20,000 ទូនៅទូទាំងប្រទេស។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកទូ ATM ដែលនៅជិតបំផុត គ្រាន់តែសួរនៅសណ្ឋាគាររបស់អ្នក។ កម្រិតកំណត់នៃការដកប្រាក់ក្នុងមួយប្រតិបត្តិការមានចាប់ពី 2 លាន VND (តិចជាង 100 ដុល្លារបន្តិច) ទៅ 3 លាន VND សម្រាប់ទូ ATM របស់ធនាគារក្នុងស្រុក ហើយចាប់ពី 5 លាន VND ដល់ 10 លាន VND សម្រាប់ទូ ATM របស់ធនាគារអន្តរជាតិ។  

អ្នកក៏អាចស្វែងរកកន្លែងដូរប្រាក់នៅខាងក្នុងអាកាសយានដ្ឋានអន្តរជាតិនានាក្នុងប្រទេសវៀតណាមនៅមុនច្រកទ្វារផ្លូវចេញផងដែរ។ នៅពេលអ្នកទៅដល់គោលដៅរបស់អ្នក អ្នកជាទូទៅអាចដូរប្រាក់នៅសណ្ឋាគាររបស់អ្នក នៅតាមតំបន់ទេសចរណ៍ល្បីៗ និងនៅធនាគារក្នុងស្រុក។ 

បណ្ដាំសង្ខេប៖ វាជាគំនិតល្អក្នុងការដកប្រាក់ស្រស់បន្ថែមខ្លះ មុនពេលធ្វើដំណើរទៅកាន់គោលដៅដាច់ស្រយាលក្នុងប្រទេសវៀតណាម ជាពិសេសប្រសិនបើអ្នកចង់ទិញសិប្បកម្ម ឬផលិផលវាយនភណ្ឌដោយផ្ទាល់ពីសិប្បករក្នុងស្រុក។ 

មគ្គុទ្ទេសក៍រូបិយប័ណ្ណវៀតណាម

ជំពូក 03 —

ការទូទាត់តាមប័ណ្ណនៅវៀតណាម

ខណៈពេលដែលប្រាក់ស្រស់ត្រូវបានប្រើប្រាស់សម្រាប់ការទិញទំនិញតូចតាច និងអ្នកលក់តាមចិញ្ចើមផ្លូវនៅវៀតណាម អាជីវកម្មភាគច្រើនទទួលយកការទូទាត់ពីក្រុមហ៊ុនផ្តល់ប័ណ្ណឥណទានធំៗដូចជា Visa ជាដើម។ សណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ ហាងទំនិញ ភោជនីយដ្ឋាន ហាងទំនិញកសិផល/គ្រឿងទេស និងស្ប៉ា ជាទូទៅទទួលយកប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានអន្តរជាតិ។ អត្រាប្តូរប្រាក់ និងកម្រៃសេវាកាត់ប័ណ្ណនឹងត្រូវកំណត់ដោយក្រុមហ៊ុនផ្តល់ប័ណ្ណរបស់អ្នក។ ដោយមានការលើកលែងតិចតួច ការចំណាយលើការធ្វើដំណើរធំៗរបស់អ្នកនៅវៀតណាមអាចទូទាត់តាមប័ណ្ណ មិនថានៅលើទីតាំងផ្ទាល់ ឬតាមអនឡាញជាមុនឡើយ ដោយកាត់បន្ថយតម្រូវការក្នុងការកាន់ និងប្តូរប្រាក់ស្រស់ចំនួនច្រើនតាមខ្លួន។

តើតម្លៃទំនិញនៅវៀតណាមថ្លៃប៉ុន្មាន

ជំពូក 04 —

តម្លៃទំនិញក្នុងស្រុក

ឆ្ងល់ថាត្រូវរៀបចំថវិកាប៉ុន្មានសម្រាប់ការធ្វើដំណើររបស់អ្នកនៅវៀតណាមមែនទេ? ប្រសិនបើអ្នកមានថវិកាកម្រិត ពិសាអាហារតាមចិញ្ចើមផ្លូវ និងស្នាក់នៅផ្ទះស្នាក់ (homestays) គឺជាជម្រើសដ៏ល្អមួយ ហើយនៅតែផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដ៏សម្បូរបែបនៃប្រទេសវៀតណាម។ ប្រសិនបើអ្នកមានថវិកាចំណាយច្រើនជាងនេះបន្តិច សណ្ឋាគារកម្រិតមធ្យម និងភោជនីយដ្ឋានក្នុងស្រុករបស់វៀតណាមផ្តល់ជូននូវតម្លៃដ៏អស្ចារ្យ និងការបម្រើសេវាកម្មប្រកបដោយបេះដូង។ ហើយប្រសិនបើអ្នកមកទីនេះដើម្បីលំហែកាយបែបស៊ីវិល័យ សណ្ឋាគារកម្រិតផ្កាយប្រាំ និងដំណើរកម្សាន្តផ្ទាល់ខ្លួនរបស់យើងផ្តល់ជូននូវគុណភាពដ៏អស្ចារ្យ និងខណៈពេលដែលមិនអាចបំភ្លេចបាន។ សូមមើលបញ្ជីខាងក្រោមសម្រាប់តម្លៃជាមធ្យមមួយចំនួន៖

កាហ្វេចិញ្ចើមផ្លូវ - 25,000 VND (1 USD)
អាហារតាមចិញ្ចើមផ្លូវមួយពេលជាមួយតែទឹកកក - 45,000 VND (2 USD)
កាហ្វេ Cappuccino នៅហាងកាហ្វេ - 55,000 VND (2.50 USD)
អាហារ 3 មុខនៅភោជនីយដ្ឋាន - 450,000 (20 USD)/ម្នាក់
តាក់ស៊ីក្នុងទីក្រុង - 35,000 ដល់ 100,000 VND (1.50 ដល់ 4 USD)
ម៉ាសារជើង 60 នាទីនៅស្ប៉ាក្នុងស្រុក - 350,000 VND (15 USD)
ផ្ទះសំណាក់តម្លៃសមរម្យ - 300,000 VND (13 USD)/យប់ 
សណ្ឋាគារកម្រិតមធ្យម - 700,000 VND (30 USD)/យប់ 
ដំណើរកម្សាន្តជាក្រុម កន្លះថ្ងៃ - 1 លាន VND (43 USD)
សណ្ឋាគារប្រណីត - 3.5 លាន VND (150 USD)/យប់

គន្លឹះនៃការទិញទំនិញនៅវៀតណាម

ជំពូក 05 —

សុវត្ថិភាព និងសន្តិសុខ

ជាទូទៅ ប្រទេសវៀតណាមគឺមានសុវត្ថិភាពខ្លាំងណាស់សម្រាប់អ្នកធ្វើដំណើរ ប៉ុន្តែសូមប្រើប្រាស់ការប្រុងប្រយ័ត្នទូទៅដើម្បីតាមដានមើលថែប្រាក់កាសរបស់អ្នក និងចៀសវាងការធ្វើឱ្យគេចាប់អារម្មណ៍លើវត្ថុមានតម្លៃនៅពេលនៅទីសាធារណៈ។ ប្រើប្រាស់ទូសុវត្ថិភាពសណ្ឋាគារនៅក្នុងបន្ទប់របស់អ្នកដើម្បីរក្សាទុកប្រាក់ស្រស់ ប័ណ្ណ និងវត្ថុមានតម្លៃនៅពេលចេញទៅក្រៅ។ រក្សាកាបូបប្រាក់ឱ្យនៅជិតខ្លួន ហើយយកចិត្តទុកដាក់បន្ថែមនៅពេលស្ថិតនៅកន្លែងដែលមានមនុស្សច្រើន។ ប័ណ្ណដែលមានបច្ចេកវិទ្យាសុវត្ថិភាពដូចជាប្រព័ន្ធសុវត្ថិភាព 3D របស់ Visa អាចជួយការពារប្រឆាំងនឹងការបាត់បង់ ឬការឆបោក និងកាត់បន្ថយការព្រួយបារម្ភជុំវិញសុវត្ថិភាពនៃប្រាក់កាសរបស់អ្នក។ 

បណ្ដាំសង្ខេប៖ អាជីវកម្ម និងសេវាកម្មតាក់ស៊ីជាច្រើននៅវៀតណាមឥឡូវនេះទទួលយកការទូទាត់ឥតប៉ះរបស់ Visa ដោយធ្វើឡើងតាមរយៈការប៉ះប័ណ្ណរបស់អ្នកដោយផ្ទាល់ទៅលើម៉ាស៊ីនទូទាត់។ ការទូទាត់ទាំងនេះផ្តល់ភាពស្ងប់ចិត្តបន្ថែម និងកាត់បន្ថយហានិភ័យសុខភាព ដោយសារប័ណ្ណរបស់អ្នកមិនដែលចាកចេញពីដៃរបស់អ្នកឡើយ។

មគ្គុទ្ទេសក៍រូបិយប័ណ្ណវៀតណាម

ជំពូក 06 —

សុជីវធម៌នៃការផ្តល់ប្រាក់ឧបត្ថម្ភ (ទិព)

មិនមានវិធានកំណត់ជាក់លាក់អំពីការផ្តល់ប្រាក់ទិប (tip) នៅវៀតណាមទេ ព្រោះវាមិនមែនជាផ្នែកធម្មតានៃវប្បធម៌វៀតណាមឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ប្រាក់ទិបកាន់តែមានប្រជាប្រិយភាពក្នុងស្ថានភាពមួយចំនួន ដូចជានៅហាងកែសម្ផស្ស និងសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ឯកជន។ ការផ្តល់ប្រាក់ទិបនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេមិនមែនជាការរំពឹងទុកនោះទេ ប៉ុន្តែតែងតែត្រូវបានស្វាគមន៍ជានិច្ច។ នៅពេលសម្រេចចិត្តថាតើត្រូវផ្តល់ប្រាក់ទិបប៉ុន្មាន ការពិចារណាថាតម្លៃអាហារក្នុងស្រុកមួយពេលនៅទីនេះគឺប្រហែល 30,000 VND ទៅ 40,000 VND អាចជួយអ្នកសម្រេចចិត្តលើតម្លៃនៃប្រាក់ទិបរបស់អ្នកសម្រាប់អ្នកទទួល។ 

នៅតាមមជ្ឈមណ្ឌលផ្សារទិញទំនិញ និងផ្សារធម្មតា ការតថ្លៃគឺជាទម្លាប់ទូទៅមួយ។ ប្រសិនបើអ្នកកំពុងទិញទំនិញនៅក្នុងតំបន់ដែលមានភ្ញៀវទេសចរច្រើន អ្នកជាទូទៅអាចទទួលបានការបញ្ចុះតម្លៃតាមរយៈការតថ្លៃដោយទន់ភ្លន់។ ចាប់ផ្ដើមដើរមើល និងសាកសួរតម្លៃនៅហាង ឬអាជីវករមួយចំនួន ដើម្បីដឹងពីតម្លៃទូទៅមុនពេលអ្នកសម្រេចចិត្តទិញ។

ចង់បានគំនិតធ្វើដំណើរកម្សាន្តនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតរបស់យើងនៅក្នុងប្រអប់សំបុត្ររបស់អ្នក។