
ក្វាងនីញ វៀតណាម (ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៨) -- ប្រតិបត្តិករទេសចរណ៍កំពូលៗ សិស្សនិស្សិត និងអង្គការក្រៅរដ្ឋាភិបាលបានសហការគ្នាកាលពីសប្តាហ៍មុនសម្រាប់កម្មវិធី «សកម្មភាពដើម្បីហាឡុងបៃតង» (Action for a Green Halong) ដែលជាព្រឹត្តិការណ៍សម្អាតបរិស្ថានលើកទី ៤ រៀបចំឡើងដោយក្រុមហ៊ុន Bhaya Group និងដៃគូនានានៅឆកសមុទ្រ Ha Long។
ប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែមិថុនា ព្រឹត្តិការណ៍នេះមានភាពខុសប្លែកពីបណ្តាឆ្នាំមុនៗ ដោយផ្តោតលើការបណ្តុះបណ្តាលអំពីគោលការណ៍គ្មានសំរាម (zero waste) ដល់សមាជិកក្នុងវិស័យទេសចរណ៍ ដែលត្រូវបានលើកទឹកចិត្តឱ្យបញ្ចូលការអនុវត្តល្អៗបំផុតទៅក្នុងការប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។
សកម្មភាពពេញមួយថ្ងៃនេះត្រូវបានដឹកនាំធ្វើឡើងដោយអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ, Live and Learn, មជ្ឈមណ្ឌលគាំទ្រការអភិវឌ្ឍបៃតង និងក្រុមហ៊ុន Bhaya Group ហើយទទួលបានការគាំទ្រពីសម្ព័ន្ធ Ha Long-Cat Ba Alliance ដែលជាគំនិតផ្តួចផ្តើមផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីដោយអង្គការ UNESCO មួយនេះ បាននាំឱ្យមានផលប៉ះពាល់បរិស្ថានកាន់តែធំនៅក្នុងឆកសមុទ្រជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន Bhaya Group ដែលជាម្ចាស់ និងប្រតិបត្តិការនាវាទេសចរណ៍ជាច្រើននៅក្នុងឆកសមុទ្រ Ha Long បានបង្កើតព្រឹត្តិការណ៍ «សកម្មភាពដើម្បីហាឡុងបៃតង» ឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងសកម្មភាពក្នុងការការពារសម្រស់ធម្មជាតិនៃឆកសមុទ្រនេះ។ ព្រឹត្តិការណ៍នេះបានប្រមូលសំរាមជាង ៤ តោនចេញពីឆកសមុទ្រចាប់តាំងពីការចាប់ផ្តើមដំបូងមក។
មុនពេលការសម្អាតចាប់ផ្តើម តំណាងនៃអង្គភាពនីមួយៗបានជួបជុំគ្នានៅការិយាល័យ Bhaya Group ក្នុងកំពង់ផែ Tuan Chau ដើម្បីធ្វើការពិភាក្សាអប់រំអំពីប្រភេទសំរាម គំនិតក្នុងការកាត់បន្ថយសំរាម និងសារៈសំខាន់នៃការគ្រប់គ្រងកាកសំណល់ក្នុងវិស័យទេសចរណ៍។ កិច្ចប្រជុំដ៏មានអត្ថន័យនេះបានផ្តល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សកម្មភាពពេញមួយថ្ងៃ។
អ្នកស្ម័គ្រចិត្តជាង ១០០ នាក់បានឡើងលើនាវាទេសចរណ៍ Au Co Luxury ហើយក្រោយមកបានបែងចែកគ្នាដើម្បីប្រមូលកាកសំណល់ពីឆ្នេរដាច់ស្រយាលចំនួនពីរនៅគែមឆកសមុទ្រ មុនពេលបែងចែកប្រភេទសំរាមដើម្បីវាយតម្លៃសម្ភារដែលត្រូវបានរកឃើញច្រើនជាងគេ។ សំរាមប្រមាណ ៧៤១ គីឡូក្រាមត្រូវបានប្រមូលដោយអ្នកស្ម័គ្រចិត្ត ដែលបានរកឃើញថា ស្នោប៉ូលីស្ទីរ៉ែន (polystyrene) និងប្លាស្ទិកប្រើបានតែម្តង គឺជាបរិមាណសំរាមច្រើនជាងគេបំផុតដែលបានរកឃើញនៅក្នុងឆកសមុទ្រ។
ការងារប្រចាំថ្ងៃនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកស្ម័គ្រចិត្ត ដោយបានបំផុសគំនិតមនុស្សជាច្រើនឱ្យធ្វើការរួមគ្នាដើម្បីកាត់បន្ថយសំរាម និងបង្កើតនិរន្តរភាពកាន់តែខ្លាំងសម្រាប់អនាគតនៃឆកសមុទ្រ Ha Long និងភ្ញៀវទេសចររបស់ខ្លួន។
###