សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

ក្រុងហាណូយ ប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ក្នុងឆ្នាំ២០២២

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នឹងត្រូវរៀបចំធ្វើឡើងនៅឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងខេត្តជិតខាងចំនួន ១១ ផ្សេងទៀត។ កីឡាស៊ីហ្គេមត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង ក្នុងនាមជាផ្នែករងថ្នាក់តំបន់នៃអូឡាំពិកអន្តរជាតិ។ កីឡាស៊ីហ្គេម គឺជាផ្នែកមួយនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី រួមជាមួយកីឡាអាស៊ីកណ្តាល (Central Asian Games) កីឡាយុវជនអាស៊ីកើត (East Asian Youth Games) កីឡាអាស៊ីខាងត្បូង (South Asian Games) និងកីឡាអាស៊ីខាងលិច (West Asian Games)។ សមាជិកចូលរួមក្នុងកីឡាស៊ីហ្គេមបច្ចុប្បន្ន រួមមានប្រទេសទាំង ១១ នៃតំបន់ភូមិសាស្ត្រអាស៊ីអាគ្នេយ៍៖ ប្រ៊ុយណេ ភូមា (មីយ៉ាន់ម៉ា) កម្ពុជា ទីម័រខាងកើត អ៊ីនដូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី ថៃ និងវៀតណាម។

កីឡាករ កីឡាការិនីរហូតដល់ ១០ ០០០ នាក់ត្រូវបានគេរំពឹងថានឹងចូលរួមប្រកួតប្រជែងលើប្រភេទកីឡាចំនួន ៤០ និងវិញ្ញាសាចំនួន ៥២៦។ ភាគច្រើននៃប្រភេទកីឡាទាំង ៤០ ដែលត្រូវបានបញ្ចូលក្នុងកីឡាស៊ីហ្គេមលើកទី៣១ គឺជាប្រភេទកីឡាដែលលេងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយមានការបន្ថែមវិញ្ញាសាមួយចំនួនដូចជា វ៉ូវីណាម (vovinam), ប៉េនចាក់ស៊ីឡាត់ (Pencak silat) និងអ៊ូស៊ូ (wushu) ដែលជាក្បាច់គុនបុរាណតំណាងជាតិរៀងៗខ្លួនរបស់ប្រទេសវៀតណាម អ៊ីនដូណេស៊ី និងចិន។ ប្រទេសម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមត្រូវបានអនុញ្ញាតឱ្យលុបចោល ឬបន្ថែមប្រភេទកីឡា និងវិញ្ញាសាផ្សេងៗ ដើម្បីតម្រូវទៅតាមចំណុចខ្លាំង និងចំណុចខ្សោយរបស់ប្រទេសខ្លួន។ នៅឆ្នាំនេះ ប្រទេសវៀតណាមបានប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតដែលស័ក្តិសមនឹងចំណុចខ្លាំងរបស់ប្រទេសចូលរួមទាំងអស់ ដោយមិនលុបចោលវិញ្ញាសាអូឡាំពិកណាមួយឡើយ ដើម្បីធ្វើឱ្យកីឡាស៊ីហ្គេមលើកទី៣១ មានភាពយុត្តិធម៌សម្រាប់អ្នកចូលរួមទាំងអស់។ 

កីឡាស៊ីហ្គេម លើកទី៣១ នឹងកត់សម្គាល់នូវរបកគំហើញដ៏សំខាន់សម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសវៀតណាម ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ស្លោកនៃព្រឹត្តិការណ៍នេះ “ដើម្បីអាស៊ីអាគ្នេយ៍កាន់តែរឹងមាំ” គឺជាការប្រកាសពីសាមគ្គីភាពសម្រាប់សហគមន៍អាស៊ានទាំងមូល និងជាមោទនភាពចំពោះអត្តសញ្ញាណដែលកំពុងកើនឡើងនៃតំបន់នៅលើឆាកអន្តរជាតិ។

កីឡាហែលទឹក ស៊ីហ្គេម លើកទី៣១

ជំពូក 01 —

ប្រទេសវៀតណាម និងកីឡាស៊ីហ្គេម

ឆ្នាំនេះនឹងកត់សម្គាល់ជាលើកទីពីរដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម ចាប់តាំងពីប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម លើកទី២២ ជាលើកដំបូងក្នុងឆ្នាំ២០០៣។ ទីក្រុងហាណូយ នឹងក្លាយជាទីតាំងកណ្តាលសម្រាប់កីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២២ ដោយមានទីក្រុងរណបនានាធ្វើជាម្ចាស់ផ្ទះរៀបចំវិញ្ញាសា និងការប្រកួតផ្សេងៗទៀត។ ទីក្រុងហាណូយ នឹងរៀបចំការប្រកួតចំនួន ២៨ នៅតាមទីតាំងចំនួន ១៨ ខណៈដែល Bac Ninh, Hai Duong, Hai Phong, Quang Ninh, Ha Nam, Nam Dinh, Ninh Binh, Hoa Binh, Vinh Phuc, Phu Tho, និង Bac Giang នឹងទទួលរៀបចំការប្រកួតដែលនៅសល់។ 

កិត្តិយសនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម កត់សម្គាល់នូវសមិទ្ធផលដ៏សំខាន់មួយក្នុងវិស័យកីឡារបស់វៀតណាមសរុបនៅលើកម្រិតសកល។ . ប្រទេសនេះនៅតែបន្តរីកចម្រើនក្នុងនាមជាអ្នកដឹកនាំក្នុងតំបន់លើផ្នែកអត្តពលកម្ម។ នៅឆ្នាំនេះ វៀតណាមត្រូវបានគេចាត់ទុកថាជាបេក្ខភាពប្រជែងមេដាយមាសដ៏រឹងមាំលើវិញ្ញាសាដូចជា កីឡាសីកាត់ដាវ និងបាល់ទាត់ទាំងបុរស និងស្ត្រី។ 

នៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០១៩ វៀតណាមបានបញ្ចប់ដោយទទួលបានមេដាយមាសចំនួន ៩៨ មេដាយប្រាក់ចំនួន ៨៥ និងមេដាយសំរឹទ្ធចំនួន ១០៥ ដោយទទួលបានចំណាត់ថ្នាក់លេខ ២ សរុបនៅលើតារាងមេដាយ នៅពីក្រោយតែប្រទេសហ្វីលីពិន ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតប៉ុណ្ណោះ។ ចាប់តាំងពីកីឡាស៊ីហ្គេមបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៥៩ ប្រទេសវៀតណាមទទួលបានមេដាយមាសចំនួន ៩២៨ មេដាយប្រាក់ចំនួន ៩៦៧ និងមេដាយសំរឹទ្ធចំនួន ៩៩១។

កីឡាបាល់ទាត់ ស៊ីហ្គេម លើកទី៣១

ជំពូក 02 —

កាលវិភាគកីឡាស៊ីហ្គេម លើកទី៣១ សម្រាប់ឆ្នាំ២០២២

ដើមឡើយ កីឡាស៊ីហ្គេម លើកទី៣១ ត្រូវបានគ្រោងធ្វើឡើងនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ ប៉ុន្តែត្រូវសុំពន្យារពេលដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ កីឡាស៊ីហ្គេម លើកទី៣១ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុង/ខេត្តចំនួន ១១ ផ្សេងទៀតរបស់វៀតណាម។ ពិធីបើកផ្លូវការនឹងប្រព្រឹត្តទៅនៅម៉ោង ៨ យប់ ថ្ងៃទី១២ ខែឧសភា នៅពហុកីឡដ្ឋាន My Dinh Stadium។ ព្រឹត្តិការណ៍នេះនឹងបញ្ចប់នៅម៉ោង ៨ យប់ ថ្ងៃទី២៣ ខែឧសភា ក្នុងពិធីបិទនៅ Palace of Athletics ក្នុងទីក្រុងហាណូយ។ 

ការប្រកួតបាល់ទាត់បុរសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២២ ខែឧសភា ខណៈដែលបាល់ទាត់ស្ត្រីនឹងប្រកួតរវាងថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែឧសភា។ កាលបរិច្ឆេទប្រកួតទាំងអស់សម្រាប់ប្រភេទកីឡាដូចជា អត្តពលកម្ម ក្បាច់គុន បាល់ទះ និងបាល់បោះ ត្រូវបានកំណត់រួចរាល់ហើយ។

ការកែលម្អ និងការធ្វើឱ្យប្រសើរឡើងស្ទើរតែទាំងអស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ ទីតាំងប្រកួត និងកន្លែងផ្សេងៗទៀតត្រូវបានបញ្ចប់ត្រឹមថ្ងៃឱសានវាទ ថ្ងៃទី១៥ ខែមីនា។ បញ្ជីឈ្មោះកន្លែងស្នាក់នៅត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរវាងក្រសួងនគរបាល និងក្រសួងដឹកជញ្ជូន។ 

ជំពូក 03 —

ប្រទេសវៀតណាមរៀបចំខ្លួនទទួលស្វាគមន៍សហគមន៍កីឡាអន្តរជាតិ

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានខិតខំប្រឹងប្រែងចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីរៀបចំកីឡដ្ឋាន និងកន្លែងស្នាក់នៅសម្រាប់កីឡាស៊ីហ្គេម លើកទី៣១។ ការអភិវឌ្ឍមួយចំនួននេះ រួមមានសាលកីឡា Gia Lam Gymnasium, សាលកីឡា Hoai Duc Gymnasium, និងពហុកីឡដ្ឋាន My Dinh Stadium ក្នុងទីក្រុងហាណូយ។ សាលកីឡា Gia Lam Gymnasium នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាម៉ាំ ខណៈដែលសាលកីឡា Hoai Duc Gymnasium នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយូដូ និងកីឡាគឺរ៉ាស (Kurash)។ ដោយមានចំណុះ ៤០ ០០០ អាសនៈ ពហុកីឡដ្ឋាន My Dinh Stadium នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបើកកីឡាស៊ីហ្គេម ព្រឹត្តិការណ៍អត្តពលកម្ម ព្រមទាំងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់កីឡាស៊ីហ្គេម លើកទី៣១។ 

ជំនួសឱ្យការសាងសង់ភូមិកីឡាករ កីឡាករ និងអ្នកចូលរួមទាំងអស់នឹងស្នាក់នៅតាមសណ្ឋាគារនៅជិតទីតាំងប្រកួត។ បន្ថែមពីលើការរៀបចំធនធានសម្រាប់កីឡាករ ការកែលម្អត្រូវបានធ្វើឡើងចំពោះប្រព័ន្ធភ្លើង បរិក្ខារ កៅអី អេក្រង់ LED និងសម្ភារបរិក្ខារដូចជាបន្ទប់សន្និសីទសារព័ត៌មាន ដើម្បីធានានូវភាពសុខស្រួល និងសុវត្ថិភាពរបស់អ្នកភ្ញៀវទាំងអស់។ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអាជីវកម្មនានា ដើម្បីលើកកម្ពស់គុណភាពសម្ភារបរិក្ខារទេសចរណ៍ ក្នុងការរៀបចំស្វាគមន៍ទេសចរត្រឡប់មកកាន់ប្រទេសវិញជាលើកដំបូង ចាប់តាំងពីវិបត្តិជំងឺរាតត្បាតបានចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២០។ 

ការធានាសុវត្ថិភាពពីជំងឺកូវីដ-១៩ គឺជាអាទិភាពចម្បងរបស់អនុគណៈកម្មាធិការសុខាភិបាល។ កីឡាករ និងមន្ត្រីទាំងអស់ត្រូវចូលប្រទេសវៀតណាមជាមួយនឹងលទ្ធផលតេស្តអវិជ្ជមាន COVID-19 ប្រភេទ RT-PCR និងធ្វើតេស្តរហ័សឡើងវិញក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីចូលដល់ប្រទេស និងមុនពេលចូលរួមប្រកួតក្នុងវិញ្ញាសារបស់ពួកគេ។ ទស្សនិកជនមិនចាំបាច់បង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដដើម្បីចូលរួមនោះទេ ប៉ុន្តែសមត្ថភាពផ្ទុកនៃទីតាំងប្រកួតនឹងត្រូវកំណត់ដោយស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ-១៩ នៅតាមទីតាំងនីមួយៗ។ 

អាជ្ញាធរមូលដ្ឋានម្ចាស់ផ្ទះជាច្រើននៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ត្រូវបានលើកទឹកចិត្តឱ្យផ្តល់សំបុត្រចូលទស្សនាដោយឥតគិតថ្លៃដល់ទស្សនិកជន ក្នុងស្មារតីសាមគ្គីភាព និងជាការខិតខំប្រឹងប្រែងដើម្បីឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវបាវចនានៃព្រឹត្តិការណ៍ «ដើម្បីអាស៊ីអាគ្នេយ៍កាន់តែរឹងមាំ»។