Ta Xua គឺជាឃុំតំបន់ខ្ពង់រាប (ស្ថិតក្នុងស្រុក Bac Yen) នៅព្រំប្រទល់នៃស្រុក Tram Tau (ខេត្ត Yen Bai) និងស្រុក Bac Yen (ខេត្ត Son La) មានចម្ងាយ ២៤០ គីឡូម៉ែត្រពីរដ្ឋធានីហាណូយ (Ha Noi) និងជាង ១០០ គីឡូម៉ែត្របន្តិចប៉ុណ្ណោះពីមជ្ឈមណ្ឌលស្រុក Moc Chau ដែលជាការរួមបញ្ចូលយ៉ាងល្អឥតខ្ចោះនៃដំណើរទេសចរណ៍ទៅកាន់ Moc Chau និង Ta Xua។ ជាមួយនឹងទីតាំងភូមិសាស្ត្របែបនេះ ភ្ញៀវទេសចរនឹងអាចចាកផុតពីធូលីដីក្នុងក្រុងដើម្បីរីករាយជាមួយខ្យល់អាកាសត្រជាក់បរិសុទ្ធ និងទស្សនាជួរភ្នំរលកបន្តបន្ទាប់ ស្រែថ្នាក់ៗដែលឡើងចុះដូចជារលកសមុទ្របោកបោះមកច្រាំង ជាពិសេសគឺបានលិចលង់ក្នុងសមុទ្រពពកដ៏អណ្តែតអណ្តូង។
ឆ្អឹងខ្នងដាយណូស័រ (Dinosaur spine) - កន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ការប្រមាញ់មើលពពកនៅ Ta Xua
ស្ថិតនៅកម្ពស់ ១.៥០០ - ១.៨០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ Ta Xua មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ។ ចាប់ពីខែមករាដល់ខែមីនារៀងរាល់ឆ្នាំ គឺជាពេលវេលាស័ក្តិសមបំផុតក្នុងការប្រមាញ់មើលពពក។ ក្នុងអំឡុងពេលនេះ ពពកនៅ Ta Xua មានភាពក្រាស់ទន់ស្អាត និងស្រស់បំព្រង។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចស្វាគមន៍រដូវប្រមាញ់ពពកដំបូងនៅក្នុងខែកក្កដាបានដែរ។ ពពកមានភាពស្រពោនស្រពោតក្នុងពន្លឺព្រះអាទិត្យព្រឹកព្រលឹម ដោយជួនកាលរលាយចូលទៅក្នុងអ័ព្ទ ធ្វើឱ្យពិបាកបែងចែកថាជាទឹកសំពោង ឬជាពពក។ ប្រហែលខែមេសា ដល់ ខែកក្កដា គឺជាដូវទឹកឡើង Ta Xua គ្របដណ្តប់ដោយសម្រស់ធម្មជាតិស្រុកស្រែយ៉ាងត្រកាល ជាមួយនឹងចំណុចលេចធ្លោគឺស្រែថ្នាក់ៗដែលចាំងពន្លឺផ្លេកៗដូចប្រាក់។
របៀបធ្វើដំណើរទៅកាន់ Ta Xua ឱ្យបានរលូន និងងាយស្រួលបំផុត ដោយសារ Ta Xua គឺជាឃុំនៅលើភ្នំដាច់ស្រយាល និងមានផ្លូវលំបាក។ ភ្ញៀវទេសចរអាចជ្រើសរើសមធ្យោបាយធ្វើដំណើរផ្សេងៗដើម្បីទៅដល់ Ta Xua ដូចជា ម៉ូតូ រថយន្តក្រុង រថយន្ត limousine...។ ពីរដ្ឋធានីហាណូយ វាចំណាយពេលប្រហែល ៥ ម៉ោងដើម្បីទៅដល់ Ta Xua។ តាមផ្លូវទៅកាន់គោលដៅចុងក្រោយ ភ្ញៀវទេសចរអាចរីករាយមើលទេសភាពពពកបណ្តែតតាមបង្អួចបានមុនគេ។
នៅពេលទៅដល់ ការជួលម៉ូតូជិះខ្លួនឯង ឬជួលអ្នកបើកបរ (តែងតែយកសុវត្ថិភាពជាចម្បង) នឹងជាគំនិតដ៏ល្អមួយដើម្បីចាប់ផ្តើមការរុករករបស់អ្នក។
ឆ្អឹងខ្នងដាយណូស័រ (Dinosaur Spine)
មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំ Hang Dong កន្លែងនេះមានសណ្ឋានដីដ៏អស្ចារ្យ ដោយខ្នងភ្នំអែបនឹងជួរភ្នំដើម Ta Xua ហើយខាងមុខគឺជាជ្រលងភ្នំជម្រៅរាប់រយម៉ែត្រ បែរមុខទៅរកទីប្រជុំជន។ ព័ទ្ធជុំវិញដោយស្រែថ្នាក់ៗ និងជួរភ្នំរលកបន្តបន្ទាប់ ទីនេះគឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលត្រូវតែទៅទស្សនាពេលមកលេង Ta Xua ហើយក៏ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការប្រមាញ់មើលពពកផងដែរ។
ផ្លូវចុះទៅកាន់ឆ្អឹងខ្នងដាយណូស័រ មានប្រវែងប្រហែល ១ គីឡូម៉ែត្រ ហើយពិបាកដើរគួរសម។ ដូច្នេះ ការណែនាំនៅទីនេះគឺត្រូវដើរដោយជើង ឬជួលអ្នកបើកបរឱ្យឌុបអ្នកទៅទីនោះ។
Đỉnh Gió - កំពូលភ្នំ Windy Peak
មិនត្រឹមតែការប្រមាញ់មើលពពកនៅ Ta Xua ប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាចទស្សនាថ្ងៃលិចនៅលើកំពូលភ្នំ Windy Peak ផងដែរ។ ស្ថិតនៅលើផ្លូវ Xim Vang មានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពី Ta Xua កំពូលភ្នំ Windy Peak គឺជាកន្លែងទស្សនាថ្ងៃលិចដែលទាក់ទាញចិត្តមនុស្សជាច្រើន។ ទីនេះក៏ជាកន្លែងបោះជំរុំដ៏ស័ក្តិសមបំផុតផងដែរ។ ពីកំពូលភ្នំ គឺជាទេសភាពដ៏ស្កឹមស្កៃ ដែលអ្នកអាចប៉ះពាល់ពពក និងផ្ទៃមេឃបាន។ ហើយនៅជិតនោះ គឺមានដើមឈើ Docynia តែឯង ឈរនៅផ្លូវបំបែក Xim Vang - Hang Dong ប្រហែល ២,៥ គីឡូម៉ែត្រ ខាងឆ្វេងផ្លូវ Xim Vang។
ថ្មរូបក្បាលអណ្តើក (Turtle head rock)
ក្រៅពីឆ្អឹងខ្នងដាយណូស័រ ថ្មរូបក្បាលអណ្តើក គឺជាចំណុចមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកធ្វើដំណើរដែលចូលចិត្តការផ្សងព្រេង។ បន្ទាប់ពីយកឈ្នះកម្ពស់ ២.១២០ ម៉ែត្រ អ្នកនឹងឃើញថាទេសភាពទូទៅពិតជាមានតម្លៃបំផុតក្នុងការទស្សនាលំហែកាយពីជួរភ្នំ។
ព្រៃបុរាណជាតិ Ta Xua (Ta Xua National Primaeval Forest)
ជាមួយនឹងផ្ទៃដីសរុប ១៧.៦៥០ ហិកតា ស្ថិតនៅលើជម្រាលភាគអាគ្នេយ៍នៃជួរភ្នំ Hoang Lien Son ព្រៃបុរាណជាតិ Ta Xua មានសណ្ឋានដីខ្ពស់ ការបាក់បែកខ្លាំង និងកំពូលភ្នំជាច្រើនដែលមានកម្ពស់លើសពី ២.០០០ ម៉ែត្រតាមជួរភ្នំ Phu Sa Phin។ ទីនេះគឺជាប្រព័ន្ធអេកូឡូស៊ីព្រៃបិទជិត ជាមួយនឹងរុក្ខជាតិ និងសត្វកម្រជាច្រើនប្រភេទ ដែលស័ក្តិសមសម្រាប់ការទស្សនានិងទេសចរណ៍។
Ta Xua មិនមែនមានតែពន្លឺព្រះអាទិត្យ ផ្កាចាំប៉ា ឬភាពរលូនស្រួលនោះទេ ប៉ុន្តែវាជាបទពិសោធន៍ផ្សងព្រេង និងអស្ចារ្យបំផុតដែលអ្នកគួរតែធ្វើដំណើរទៅកាន់ទីនោះយ៉ាងហោចណាស់ម្តងក្នុងមួយជីវិត។




