សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

3 ថ្ងៃដ៏ល្អឥតខ្ចោះនៅ Da Nang

ទីក្រុងដាណាំង គឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានអ្វីៗគ្រប់យ៉ាង៖ ឆ្នេរសមុទ្រមានខ្យល់អាកាសបរិសុទ្ធ ការកម្សាន្តកម្រិតពិភពលោក បេតិកភណ្ឌគួរឱ្យទាក់ទាញ និងម្ហូបអាហារឆ្ងាញ់ៗ។ វាជារឿងងាយស្រួលក្នុងការចំណាយពេលប៉ុន្មានថ្ងៃនៅក្នុងឋានសួគ៌ឆ្នេរសមុទ្រមួយនេះ ប៉ុន្តែដើម្បីទស្សនាចំណុចល្អបំផុតនៃទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ដាណាំង យើងសូមណែនាំនូវកម្មវិធីធ្វើដំណើរខាងក្រោម។ ស្រូបយកសម្រស់នៃទីក្រុងដាណាំង ចាប់ពីឧបទ្វីបសឺនត្រា រហូតដល់ភ្នំម៉ាប៊ល ជាមួយនឹងគន្លឹះពិសេសៗទាំងនេះ។ 

គន្លឹះធ្វើដំណើរដាណាំង

ជំពូក 01 —

ថ្ងៃទី ១ – ភ្នំម៉ាប៊ល វប្បធម៌ចាម និងទន្លេហាន

ពេលព្រឹក៖ បន្ទាប់ពីអាហារពេលព្រឹក និងលឿនបំផុតតាមដែលអាចធ្វើទៅបាន សូមជិះតាក់ស៊ីទៅកាន់ភ្នំម៉ាប៊ល (Marble Mountains) ដែលជាភ្នំថ្មបាយកៀមដ៏ចោទចំនួនប្រាំ មានវត្តអារាមដ៏ស្ងប់ស្ងាត់នៅខាងលើ ដែលមានចម្ងាយត្រឹមតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង។ ភ្នំធុយសឺន (Thuy Son) គឺជាភ្នំដ៏ល្បីល្បាញបំផុតក្នុងចំណោមភ្នំទាំងប្រាំ ដែលមានរូងភ្នំជាច្រើន និងមានអាសនៈហិណ្ឌូ និងព្រះពុទ្ធសាសនាត្រូវបានអភិរក្សជាច្រើនសតវត្សមកហើយ។

គន្លឹះ៖ ប្រសិនបើអ្នកចង់មើលជាមុន សូមរុករកដំណើរទស្សនកិច្ច ៣៦០ អង្សានៃទីក្រុងដាណាំង នៅទីនេះ។

នៅពេលអ្នកត្រឡប់ទៅទីក្រុងវិញ អ្នកនឹងរួចរាល់សម្រាប់ការក្រែបកាហ្វេ។ ជនជាតិវៀតណាមស្ថិតក្នុងចំណោមអ្នកដែលចូលចិត្តកាហ្វេអ៊ីនបំផុត ហើយអ្នកស្នេហាហាងកាហ្វេនៅដាណាំងមានជម្រើសជាច្រើន។ ហាងកាហ្វេក្នុងស្រុកដូចជា Ca Phe Long និង Cong Caphe បម្រើនូវភេសជ្ជៈកាហ្វេក្នុងស្រុកដ៏ក្រអូបឈ្ងុយឆ្ងាញ់ ស្ទើរតែដូចសូកូឡា ក្នុងតម្លៃថោកសមរម្យមែនទែន។ សម្រាប់ជម្រើសកម្រិតខ្ពស់ជាងនេះ សូមសាកល្បង 43 Factory Coffee Roastery។

កម្មវិធីធ្វើដំណើរដាណាំង

ពេលថ្ងៃត្រង់៖ ញ៉ាំគុយទាវមីក្វាង (mì Quảng) មួយចាន ដែលជាម្ហូបដ៏ឆ្ងាញ់ពិសាធ្វើពីសរសៃគុយទាវអង្ករទន់ សាច់ជ្រូកស្ងោរ ពងក្រួច និងបង្គាឆា ស្រោចដោយទឹកស៊ុបលាយរមៀត ម្ទេស សណ្តែកដី និងបន្លែស្រស់ៗ។ ឆ្ងាញ់ណាស់!

ពេលរសៀល៖ ពីកណ្តាលក្រុង វាជាងាយស្រួលក្នុងការដើរទៅកាន់សារមន្ទីរសិល្បៈចម្លាក់ចាម (Museum of Cham Sculpture) (មើលឃើញព្រះវិហារ Da Nang Cathedral តាមផ្លូវ ដែលជាអគារពណ៌ផ្កាឈូកសង់ដោយអាណានិគមបារាំងក្នុងឆ្នាំ ១៩២៣។) សារមន្ទីរចាមគឺជាកន្លែងដែលមិនអាចរំលងបានសម្រាប់អ្នកស្នេហាប្រវត្តិសាស្ត្រ និងជាសារមន្ទីរដ៏ល្អបំផុតមួយក្នុងប្រទេសវៀតណាម ដែលរក្សាទុកវត្ថុបុរាណ និងរូបចម្លាក់ចាមដែលត្រូវបានរកឃើញពីការកាយរុករកនៅទូទាំងឆ្នេរសមុទ្រភាគកណ្តាល ក៏ដូចជានៅប្រាសាទមីសើន (My Son Sanctuary) ចាប់ពីសតវត្សទី ៥ ដល់ទី ១៥។

គន្លឹះធ្វើដំណើរដាណាំង

បន្ទាប់ពីស្វែងយល់ពីវប្បធម៌បុរាណហើយ សូមស្រូបយកវប្បធម៌ដាណាំងសម័យទំនើបដោយដើរកម្សាន្តតាមដងទន្លេនៅលើផ្លូវ Bach Dang។ ស្រូបយកខ្យល់អាកាសពេលរសៀលជ្រាលជ្រេពីទន្លេហាន ទស្សនាស្នាដៃសិល្បៈថ្មម៉ាបដែលតាំងនៅតាមច្រាំងទន្លេ និងរីករាយជាមួយបរិយាកាសក្នុងស្រុក ខណៈដែលគូស្នេហ៍ អ្នករត់ហាត់ប្រាណ និងមិត្តភក្តិជួបជុំគ្នារីករាយចុងបញ្ចប់នៃថ្ងៃនៅក្បែរមាត់ទឹក។

ពេលល្ងាច៖ សម្រាប់ល្ងាចដំបូងរបស់អ្នកនៅដាណាំង សូមរីករាយជាមួយម្ហូបហ្វ៊ូសិន (fusion) ស្រស់ៗនៅ Fat Fish ឬសាកល្បងម្ហូបវៀតណាមទំនើបច្នៃប្រឌិតនៅ Nen Restaurant។

គន្លឹះធ្វើដំណើរដាណាំង

ជំពូក 02 —

ថ្ងៃទី ២ – ដំណើរទស្សនកិច្ចមួយថ្ងៃ មើលថ្ងៃរៀបលិច និងអាហារសមុទ្រដ៏ឆ្ងាញ់ពិសារ

ពេលព្រឹក៖ នៅថ្ងៃទីពីររបស់អ្នកនៅដាណាំង សូមចេញទៅទស្សនាអច្ឆរិយវត្ថុកម្រិតពិភពលោកមួយចំនួនរបស់ខេត្តនេះ។ ប្រសិនបើអ្នកជាអ្នកចូលចិត្តថតរូបលេង Instagram កន្ត្រកខ្សែកាប និងស្ពានដៃមាស (Golden Hands Bridge) នៅ Sun World Ba Na Hills នឹងផ្តល់ឱកាសយ៉ាងច្រើនសម្រាប់អ្នកក្នុងការថតរូបពេញមេម៉ូរីកាត។ ប្រសិនបើអ្នកជាអ្នកលេងកូនគោលដ៏ចូលចិត្ត រីករាយជាមួយការវាយកូនគោលមួយ ឬពីរជុំនៅទីលានវាយកូនគោលលំដាប់ផ្ទាល់ខ្លួនរបស់ដាណាំងតាមបណ្តោយឆ្នេរសមុទ្រ។ ប្រសិនបើអ្នកមានចំនាប់អារម្មណ៍លើការស្វែងយល់ពីវប្បធម៌ សូមធ្វើដំណើរ ៤៥ នាទីទៅកាន់ទីក្រុងបុរាណហយអាន (Hoi An Ancient Town) ដើម្បីរុករកច្រកផ្លូវតូចៗ វត្តអារាម និងផ្ទះលក់ដូរដ៏ស្រស់ស្អាត។

ពេលថ្ងៃត្រង់៖ សម្រាប់អាហារថ្ងៃត្រង់ សូមសាកល្បងម្ហូបដែលគេចូលចិត្តជាងគេមួយរបស់ដាណាំង៖ ស៊ុបប៊ុនកា (bún cá)។ ដោយប្រើត្រីស្រស់ៗដែលនេសាទបានពីដែនទឹកដាណាំង ចុងភៅប្រឡាក់សាច់ត្រីជាមួយរមៀត និងគ្រឿងទេស។ ទឹកស៊ុបរំងាស់ពីឆ្អឹងត្រី ល្ពៅ ស្ពៃក្តោប ម្នាស់ និងប៉េងប៉ោះ ត្រូវបានស្រោចលើសរសៃគុយទាវ និងត្រីស្ងោរ។ បន្ថែមសណ្ដែកបណ្តុះ បន្លែក្រអូប ក្រូចឆ្មារ និងម្ទេសតាមចំណូលចិត្ត។ 

ពេលរសៀល៖ ពេលត្រឡប់មកដាណាំងវិញ ចំណាយពេលរសៀលដ៏លំហែកាយរីករាយជាមួយភាពសុខស្រួល។ ប្រសិនបើអ្នកចង់ទិញទំនិញ អ្នកប្រហែលជាត្រូវចិត្តនឹងហាងទំនិញទាន់សម័យដែលនៅជិតទន្លេ និងមាត់ទឹក។ Danang Souvenirs and Cafe មានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ជាច្រើន ហើយ AVANA មានលក់សម្លៀកបំពាក់ និងគ្រឿងលម្អដ៏អស្ចារ្យដែលទទួលបានគំនិតច្នៃប្រឌិតពីជនជាតិភាគតិចកូទូ (Co Tu)។ សម្រាប់ភាពរីករាយបន្ថែម សូមកក់សេវាកម្មស្ប៉ា ឬទាញយកផលប្រយោជន៍ពីម៉ោងប្រូម៉ូសិន (happy hour) ហើយហែលទឹកនៅលើអាងហែលទឹកជាន់លើដំបូល អមដោយទិដ្ឋភាពជួរអគារក្នុងក្រុង ទន្លេហាន និងឧបទ្វីបសឺនត្រា។

អាហារពេលល្ងាច៖ ទទួលទានអាហារនៅឆ្នេរសមុទ្រជាមួយនឹងអាហារសមុទ្រស្រស់ៗដែលស្រង់ចេញពីអាងត្រីធំៗ។ សាកល្បងញ៉ាំបង្គាកណ្តូបឆាខ្ទឹមស មឹកអាំង ឬលៀកចំហុយខ្ទិះដូង ស្លឹកក្រូចសើច និងម្ទេស។ 

72 ម៉ោងនៅ Da Nang

ជំពូក 03 —

ថ្ងៃទី ៣ – ទស្សនាក្រុង, ឧបទ្វីប Son Tra និងភាពរីករាយនៅឯឆ្នេរសមុទ្រ

ពេលព្រឹក៖ នៅព្រឹកចុងក្រោយរបស់អ្នកនៅក្នុងក្រុង សូមស្វែងយល់បន្ថែមអំពីទីក្រុង Da Nang ។ កក់ការទស្សនាតាមម៉ូតូដើម្បីទៅលេងភូមិអ្នកនេសាទនៅជិតនោះ រុករកផ្សារដែលមានភាពអ៊ូអរ និងស្គាល់ហាងកាហ្វេ និងតូបលក់អាហារតាមផ្លូវដ៏ល្បីៗ។ កុំភ្លេចជិះតាមផ្លូវកោងនៃ ឧបទ្វីប Son Tra ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃឆ្នេរ My Khe នៅខាងត្បូង និង ច្រកភ្នំ Hai Van Pass នៅខាងជើង។ ចូលសម្រាកនៅ វត្ត Linh Ung ដ៏ធំសម្បើមដើម្បីកោតសរសើរទីតាំងសម្គាល់នៃទីក្រុង Da Nang នេះ ហើយប្រសិនបើអ្នកមានពេលច្រើនទៀត សូមបើកបរជុំវិញឧបទ្វីបតាមផ្លូវឆ្នេរសមុទ្រ។ ទេសភាពគឺពិតជាអស្ចារ្យណាស់។

ពេលរសៀល៖ បន្ទាប់ពីការផ្សងព្រេងទាំងអស់នោះ (និងប្រហែលជាការគេងមួយភ្នែក) ដល់ពេលត្រូវទៅឆ្នេរសមុទ្រ និងសម្រាកលំហែកាយ ដូចជាអ្នកស្រុកក្នុងតំបន់ដែរ។ ឆ្នេរសមុទ្រនៃ Da Nang មានរលកដ៏ល្អឥតខ្ចោះសម្រាប់ការជិះរលកចន្លោះខែវិច្ឆិកា និងខែមីនា ប្រសិនបើអ្នកចង់លេងរលកសមុទ្រ។ ប្រសិនបើអ្នកចូលចិត្តសម្រាកលម្ហែ សូមកាន់សៀវភៅមួយក្បាល និងដូងត្រជាក់មួយផ្លែ ហើយទស្សនារលកបោកបក់នៅឆ្នេរ My Khe ។

គោលដៅឆ្នេរសមុទ្រក្នុងប្រទេសវៀតណាម

អាហារពេលល្ងាច៖ បញ្ចប់វិស្សមកាល Da Nang របស់អ្នកជាមួយនឹងអាហារពេលល្ងាចនៅ Ngon Villa។ ទីតាំងដ៏ស្អាតប្រណិត ភោជនីយដ្ឋាននេះជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីភ្លក្សរសជាតិម្ហូបប្រចាំតំបន់ និងចែករំលែកបទពិសោធន៍ដ៏រីករាយពីដំណើរទស្សនារបស់អ្នក។

ចង់បានគំនិតធ្វើដំណើរក្នុងប្រទេសវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតក្នុងប្រអប់សាររបស់អ្នក។