ចាប់ពីព្រៃទឹកភ្លៀងដ៏សម្បូរបែប រហូតដល់កំពូលភ្នំថ្ម ពីទិដ្ឋភាពវាលស្មៅធម្មជាតិ រហូតដល់ទេសភាពដ៏អស្ចារ្យមិនគួរឱ្យជឿ Ha Giang នឹងធ្វើឱ្យអ្នកស្ងើចសរសើរចំពោះទិដ្ឋភាពដ៏អស្ចារ្យនៅគ្រប់ផ្លូវកាច់កោង។ "Ha Giang Loop" តភ្ជាប់នូវចំណុចលេចធ្លោនៃទេសភាពក្នុងតំបន់នេះ ប៉ុន្តែនៅឆ្ងាយពីផ្លូវថ្នល់ ក៏មានបទពិសោធន៍ដ៏មានតម្លៃជាច្រើនទៀតដែលរង់ចាំអ្នក។ កត់ចំណាំនូវដំណើរផ្សងព្រេងកំពូលៗទាំងនេះសម្រាប់ដំណើរកម្សាន្ត Ha Giang របស់អ្នក។
ជំពូក 01 —
ផ្ទះស្នាក់នៅបែបសាមញ្ញក្នុងភូមិ Thôn Tha
បន្ទាប់ពីការធ្វើដំណើររយៈពេល ៦ ម៉ោងពី Hà Nội សូមឈប់សម្រាកនៅភូមិ Thôn Tha។ ស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះខាងក្រៅក្រុង Hà Giang ភូមិ Thôn Tha ផ្តល់នូវរសជាតិនៃជីវិតប្រចាំថ្ងៃនៅ Hà Giang។ ម្ចាស់ផ្ទះដែលមានចិត្តសប្បុរស ផ្តល់ជូនអ្នកធ្វើដំណើរនូវកន្លែងស្នាក់នៅដ៏ផាសុកភាពនៅក្នុងផ្ទះផ្ទាល់ដីបែបបុរាណ។ នៅពេលដល់ម៉ោងអាហារ អ្នកអាចទន្ទឹងរង់ចាំអាហារបែបគ្រួសារដ៏ឈ្ងុយឆ្ងាញ់ រួមមានណែមបំពងស្រួយ បន្លែស្រស់ៗ ឆ្អឹងជំនីរជ្រូកផុយ និងបាយ។
គន្លឹះ៖ ក្រុមហ៊ុនទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ YESD (Youth Employment and Society Development) គឺជាសហគ្រាសសង្គមមួយដែលតភ្ជាប់អ្នកធ្វើដំណើរជាមួយសហគមន៍ជនបទ ដូចជាភូមិ Thôn Tha ក្នុងដំណើរកម្សាន្តច្រើនថ្ងៃនៅ Hà Giang។ ដំណើរកម្សាន្តរបស់ YESD អាចកែសម្រួលតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយអាចធ្វើដំណើរដោយរថយន្ត ឬម៉ូតូ។
ជំពូក 02 —
ញ៉ាំកាហ្វេមើលទេសភាពនៅច្រកភ្នំ Quản Bạ
កាហ្វេក្តៅៗមួយកែវអមជាមួយទេសភាពដ៏ស្អាត គឺជាបទពិសោធន៍មួយដែលអ្នកមិនគួររំលងឡើយនៅ Hà Giang។ ក្រេបរវសជាតិនៃកាហ្វេរ៉ូប៊ូស្តានៅ ច្រកភ្នំ Quản Bạ ដែលជាច្រកចូលទៅកាន់ឧទ្យានភូគព្ភសាស្ត្រ Đồng Văn។ នៅទីនេះ Cafe Cổng Trời មានបំរើកាហ្វេនៅលើរានហាលដែលមើលទៅឃើញ ផ្លូវច្រកភ្នំដ៏កោងវៀច។ ហាងកាហ្វេនេះក៏មានហាងលក់ផលិតផលពិសេសៗ ដែលអ្នកអាចស្វែងរកប្រេងរុក្ខជាតិ Red Dao និងផលិតផលស្រោចស្រពឱសថបុរាណមកពីភាគខាងជើងប្រទេសវៀតណាមផងដែរ។
ជំពូក 03 —
ការដើរកម្សាន្តដ៏អស្ចារ្យនៅលើផ្លូវលើមេឃ
ចំណុចមើលទេសភាពទន្លេ Nho Quế គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតមួយរបស់ Hà Giang ប៉ុន្តែវិធីល្អបំផុតក្នុងការទស្សនាវាគឺត្រូវធ្វើការឡើងភ្នំ។ ផ្លូវលើមេឃ គឺជាផ្លូវតូចមួយដ៏ចោតដែលបត់បែនឡើងលើតាមរយៈភូមិរបស់ជនជាតិ Flower H’mong មុនពេលបត់ឡើងតាមចំហៀងភ្នំទៅកាន់កំពូលភ្នំជិតខាង។ សូមរៀបចំស្បែកជើងរឹងមាំសម្រាប់ការដើរឡើងភ្នំនៅលើផ្លូវលើមេឃនេះ ដែលមានកម្ពស់សរុប ៥០០ ម៉ែត្រក្នុងការដើររយៈពេល ២ ម៉ោងយ៉ាងជក់ចិត្ត។ ទិដ្ឋភាពតាមដងផ្លូវគឺប្លែកមិនដូចកន្លែងណាទាំងអស់ ដោយមើលឃើញជួរភ្នំ ទន្លេ Nho Quế និងផ្លូវប្រវត្តិសាស្ត្រ Happiness Road ដែលស្ម័គ្រចិត្ត ១,៣០០ នាក់បានចំណាយពេល ៧ ឆ្នាំដើម្បីសាងសង់។
គន្លឹះ៖ ប្រសិនបើអ្នកកំពុងស្វែងរកទេសភាពបែបប៉ាណូរ៉ាម៉ាដ៏អស្ចារ្យបន្ថែមទៀត សូមសាកល្បងដើរឡើងភ្នំរយៈពេល ២០ នាទីពី Đồng Văn ទៅកាន់បន្ទាយ Đồn Cao Fortress។
ជំពូក 04 —
អាហារពេលព្រឹកក្នុងស្រុកនៅ Đồng Văn
ទីក្រុងធំបំផុតតាមបណ្តោយ Hà Giang loop គឺជាកន្លែងដ៏ល្អឥតខ្ចោះក្នុងការភ្លក់មុខម្ហូបពិសេសភាគខាងជើង៖ bánh cuốn។ នំចំហុយម្សៅអង្ករស្នូលសាច់ជ្រូក ផ្សិតត្រចៀកកណ្តុរ និងពងទាទាំងនេះ ត្រូវបានបម្រើជាមួយស៊ុបក្តៅៗដែលមានស្លឹកខ្ទឹម និងប្រហិតសាច់ជ្រូក (chả)។ អាហារពេលព្រឹកបែបបុរាណនេះ គឺជាវិធីដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក។ សាកល្បងភ្លក់វានៅ Bánh Cuốn Gia Truyền លើផ្លូវ Phố Cổ។
ជំពូក 05 —
ប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍នៅព្រះរាជវាំង H’mong Palace
នៅក្នុងទីប្រជុំជនជ្រលងភ្នំ Sà Phìn អ្នកនឹងប្រទះឃើញកន្លែងទាក់ទាញវប្បធម៌ដ៏ល្អបំផុតមួយរបស់ Hà Giang៖ គឺ ព្រះរាជវាំងស្តេច H’mong។ ហ៊ុមព័ទ្ធដោយដើមស្រល់ខ្ពស់ៗ ច្រកចូលទៅកាន់បន្ទាយនេះត្រូវបានកត់សម្គាល់ដោយទ្វារឈើដែលមានចម្លាក់យ៉ាងល្អិតល្អន់ ដែលបើកឆ្ពោះទៅកាន់លានប្រាំបីជ្រុងចំនួនបីដែលតភ្ជាប់គ្នា។ ស្តេច H’mong ព្រះនាម Vương Chính Đức បានឡើងកាន់អំណាចនៅដើមសតវត្សរ៍ទី ២០។ ព្រះអង្គបានវិនិយោគទ្រព្យសម្បត្តិក្នុងការសាងសង់ផ្ទះក្នុងសុបិន ជាមួយនឹងអាងងូតទឹកថ្មដ៏ធំស្បើមសម្រាប់ស្រោចស្រពទឹកដោះពពែ។
ជំពូក 06 —
វប្បធម៌ជនជាតិភាគតិច នៅផ្សារ Phố Cáo
ក្រុមជនជាតិភាគតិចមកពីគ្រប់ទិសទីក្នុងខេត្តបានជួបជុំគ្នាមួយសប្តាហ៍ម្តងនៅ ផ្សារ Phố Cáo ដើម្បីលក់ ឬទិញទំនិញជាច្រើនប្រភេទ ចាប់ពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ រហូតដល់សម្លៀកបំពាក់ និងគ្រឿងទេសចម្លែកៗ។ សូមក្រឡេកមើលមនុស្សដែលស្លៀកសម្លៀកបំពាក់ប្រពៃណី ដូចជាសំពត់មានពណ៌ឆើតឆាយរបស់ជនជាតិ Flower H’mong រហូតដល់អាវចឹងចង្កេះយ៉ាងតឹងណែនរបស់ជនជាតិ Black H’mong។ ផ្សារនេះគឺជាបង្អួចដ៏គួរឱ្យចាប់អារម្មណ៍មួយដើម្បីមើលឃើញពីវប្បធម៌ដ៏សម្បូរបែបនៃភាគខាងជើងដ៏ជ្រៅ។
គន្លឹះ៖ សួរមគ្គុទ្ទេសក៍ទេសចរណ៍ ឬម្ចាស់ផ្ទះស្នាក់នៅរបស់អ្នកអំពីកាលវិភាគនៃផ្សារក្នុងស្រុក និងពេលវេលាល្អបំផុតដើម្បីទៅទស្សនា ព្រោះកាលវិភាគអាចពិបាកក្នុងការកំណត់ជាក់លាក់។
ជំពូក 07 —
កាដូអនុស្សាវរីយ៍ប្រកបដោយចីរភាពនៅ Lùng Tám
សហករណ៍ Lùng Tám Linen Co-op គឺជាសហគ្រាសសង្គមមួយដែលគ្រប់គ្រងដោយជនជាតិភាគតិច H'mong ផ្កា ដែលមានទីតាំងស្ថិតនៅជើងភ្នំនៃស្រុក Quản Bạ។ អញ្ជើញទៅទស្សនារោងសិប្បកម្មដើម្បីមើលពីរបៀបដែលដើមកញ្ឆាដែលដាំដុះដោយសហគមន៍ត្រូវបានរវៃ ពន្ធឺ ហាលស្ងួត និងជ្រលក់ពណ៌ជាមួយរុក្ខជាតិ មុនពេលយកទៅតម្បាញដោយដៃនៅលើតម្បាញដើម្បីបង្កើតជាក្រណាត់លីនិន។ នៅក្បែររោងសិប្បកម្មគឺជាហាងលក់កាដូអនុស្សាវរីយ៍ ដែលអ្នកអាចជជែកលេងជាមួយស្ថាបនិក លោកស្រី Mai អំពីម៉ូដសម្លៀកបំពាក់ប្រកបដោយចីរភាព។




