សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →
Hai Au Aviation new route

ក្រុមហ៊ុនអាកាសចរណ៍ Hai Au Aviation បើកសម្ពោធផ្លូវហោះហើរថ្មី

Apr 17, 2019 | សេចក្តីប្រកាសព័ត៌មាន

ហាណូយ, វៀតណាម (ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៩) -- ក្រុមហ៊ុនអាកាសចរណ៍ Hai Au Aviation បានប្រកាសពីការបើកសម្ពោធជើងហោះហើរប្រចាំថ្ងៃថ្មីរវាងក្រុងហ្វេ (Hue) និងដាណាំង (Da Nang) ដោយចាប់ផ្តើមពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩។ ជើងហោះហើររវាងក្រុងទាំងពីរនេះមានរយៈពេល ៤០ នាទី ហើយរួមបញ្ចូលទាំងការទស្សនាទស្សនីយភាពតាមអាកាសបន្ថែមនៅឯគោលដៅទេសចរណ៍ មុនពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Phu Bai ឬអាកាសយានដ្ឋានអន្តរជាតិ Da Nang។

អ្នកដំណើរទាំងឡាយក៏អាចជ្រើសរើសការហោះហើរកម្សាន្តរយៈពេល ៣០ នាទី លើផ្ទៃមេឃទីក្រុងដាណាំង ឬទីក្រុងហ្វេតែប៉ុណ្ណោះ សម្រាប់ការទស្សនាតាមអាកាសនៃទីក្រុងទាំងនេះ និងតំបន់ជុំវិញ។ ការហោះហើរនេះនឹងធ្វើឡើងនៅលើកប៉ាល់ហោះ Cessna Grand Caravan 208B-EX ដែលមាន ១២ កៅអី ដែលជាយន្តហោះម៉ាស៊ីនទោលមានសុវត្ថិភាពបំផុត និងមានថាមពលខ្លាំងបំផុតមួយក្នុងឧស្សាហកម្មអាកាសចរណ៍។

«ជាមួយនឹងការហោះហើរកម្សាន្តថ្មីនេះ ខ្ញុំប្រាកដថានេះនឹងក្លាយជាបទពិសោធន៍ដ៏វិសេសវិសាល និងថ្មីសន្លាងទាំងស្រុងនៅពេលធ្វើដំណើរកម្សាន្តនៅភាគកណ្តាលនៃប្រទេសវៀតណាម»។ នេះជាការលើកឡើងរបស់លោក Truong Anh Hung អគ្គនាយករងនៃក្រុមហ៊ុនអាកាសចរណ៍ Hai Au Aviation។

ការហោះហើរកម្សាន្តលើផ្ទៃមេឃក្រុងហ្វេ រួមមានការទស្សនាទីក្រុង និងតំបន់ឆ្នេរសមុទ្រដ៏ល្បីល្បាញ រួមទាំងរាជធានីបុរាណ Hue (Citadel) និងព្រះបរមរាជវាំង (Imperial Enclosure) ដែលត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ព្រមទាំងសំណាញ់ចាប់ត្រីធ្វើពីឫស្សីនៅបឹង Tam Giang (Tam Giang Lagoon) ដែលជាកន្លែងដែលទន្លេ Perfume, ទន្លេ Bo និងទន្លេ O Lau ហូរចាក់ទៅកាន់សមុទ្រ។ 

ការហោះហើរកម្សាន្តលើផ្ទៃមេឃក្រុងដាណាំង ផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ស្អាតអស្ចារ្យនៃឆ្នេរសមុទ្រប្រវែង ៣០ គីឡូម៉ែត្ររបស់ទីក្រុង។ ចាប់ពីឧបទ្វីប Son Tra ដ៏ខៀវស្រងាត់ ដែលជាទីតាំងនៃភ្នំព្រៃស្វា (Monkey Mountain) និងរូបបដិមាព្រះម៉ែគង់ស៊ីអ៊ីម (Lady Buddha) ខ្ពស់ជាងគេនៅវៀតណាម តាមបណ្តោយទន្លេ Han និងចុះទៅដល់ប្រជុំកោះ Cham នៅជិត Hoi An។ បន្ទាប់មក យន្តហោះនឹងហោះក្រឡឹងត្រឡប់មកលើតំបន់ទេសចរណ៍ថ្មីចុងក្រោយបង្អស់របស់ដាណាំង គឺស្ពានមាស (Golden Bridge) ដ៏គួរឲ្យស្ញប់ស្ញែងនៅ Ba Na Hills។

ដើម្បីអបអរសាទរការបើកសម្ពោធផ្លូវហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ Hai Au Aviation កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃ ៣០% ដែលអនុវត្តចំពោះជើងហោះហើរទាំងអស់តាមផ្លូវហោះហើរថ្មី ដាណាំង - ហ្វេ ចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩។

សម្រាប់ការសាកសួរព័ត៌មានអំពីការកក់សំបុត្រ សូមទាក់ទងក្រុមហ៊ុនអាកាសចរណ៍ Hai Au Aviation តាមរយៈ online.sales@haiauaviation.com ឬ ចូលមើលគេហទំព័ររបស់ពួកគេ។