
សារលិខិតពីប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម, ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២០
ប្រិយមិត្តជាទីមេត្រី,
ក្នុងនាមអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ខ្ញុំបាទសូមជម្រាបជូនដល់អ្នកគាំទ្រ ដៃគូអាជីវកម្ម និងប្រិយមិត្តទាំងអស់ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលវៀតណាម និងវិស័យទេសចរណ៍ បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបានចាត់វិធានការជាក់ស្តែងដើម្បីធានាបាននូវការការពារ និងសុវត្ថិភាពសុខភាពកម្រិតអតិបរមា ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។
ភ្លាមៗបន្ទាប់ពីប្រទេសចិនបានប្រកាសពីការផ្ទុះឡើងនៃជំងឺ 2019-nCoV ហើយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈជាអន្តរជាតិ (PHEIC) រដ្ឋាភិបាលវៀតណាម និងគ្រប់វិស័យទាំងអស់ដូចជា សុខាភិបាល ទេសចរណ៍ និងស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀត បានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងស្ថានភាពអាសន្ន និងបានអនុវត្តភ្លាមៗនូវវិធានការបង្ការ និងគ្រប់គ្រងជាច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។ គណៈកម្មាធិការដឹកនាំជាតិសម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ 2019-nCoV ត្រូវបានបង្កើតឡើង ព្រមទាំងក្រុមឆ្លើយតបរហ័សចំនួន ៤៥ ក្រុម ត្រូវបានដាក់ឱ្យដំណើរការ។ ច្រកទ្វារព្រំដែនទាំងអស់កំពុងត្រូវបានតាមដានយ៉ាងម៉ត់ចត់ ហើយករណីសង្ស័យត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងទទួលការព្យាបាលយ៉ាងសកម្មនៅក្នុងមន្ទីរពេទ្យ។
VNAT បានប្រកាស និងណែនាំវិធានការទូទាំងប្រទេស ដើម្បីគ្រប់គ្រង និងធានាឱ្យបាននូវការធ្វើដំណើរ និងសុខភាពល្អបំផុតសម្រាប់ទេសចរ។
នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមបានប្រកាសជាផ្លូវការអំពីជំងឺរាតត្បាតនេះ និងបានអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតដោយស៊ីសង្វាក់គ្នា។ អគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ក៏បានបន្ថែមទំព័រពិសេសមួយនៅលើគេហទំព័ររបស់ខ្លួននៅ www.vietnamtourism.gov.vn ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន រួមដំណើរ និងគាំទ្រដល់សហគ្រាសទេសចរណ៍ក្នុងការអនុវត្តវិធានការធានាសុវត្ថិភាព និងសុខភាពជូនទេសចរ។
ដោយមានបទពិសោធន៍ទូលំទូលាយក្នុងការដោះស្រាយជំងឺ SARS, MERS និងជំងឺរាតត្បាតផ្សេងទៀតកាលពីអតីតកាល ប្រទេសវៀតណាមមានប្រព័ន្ធតាមដានសុខភាពដ៏ល្អ ដើម្បីគ្រប់គ្រង និងការពារការផ្ទុះឡើងនៃជំងឺរលាកសួតថ្មីនេះ។ ដោយសារកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់គ្រប់វិស័យ និងប្រជាជនវៀតណាមពាក់ព័ន្ធទាំងអស់ ប្រជាពលរដ្ឋចិនចំនួន ២ នាក់ដែលបានឆ្លងវីរុស ត្រូវបានព្យាបាលជាសះស្បើយដោយជោគជ័យនៅក្នុងប្រទេសវៀតណាម ហើយស្ថានភាពគឺស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អ។ ប្រទេសវៀតណាមនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ហើយជីវភាពរស់នៅប្រចាំថ្ងៃកំពុងប្រព្រឹត្តទៅជាធម្មតា។
អគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាមជឿជាក់ថា ជំងឺរាតត្បាតនេះនឹងត្រូវទប់ស្កាត់បាននាពេលឆាប់ៗ ហើយសកម្មភាពទេសចរណ៍ និងសហគមន៍នឹងត្រឡប់មកជាធម្មតាវវិញ។ VNAT សូមយកឱកាសនេះដើម្បីរំលឹកអំពីទម្លាប់អនាម័យដល់អ្នកទាំងអស់គ្នា ខណៈពេលកំពុងរីករាយនឹងបទពិសោធន៍នៅក្នុងប្រទេសវៀតណាម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការជួយ និងភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងស្ថានភាព 2019-nCoV នៅក្នុងប្រទេសវៀតណាម។
NGUYEN TRUNG KHANH
ប្រធាន
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម
ផ្លូវ 80 Quan Su, ខណ្ឌ Hoan Kiem, ទីក្រុងហាណូយ, ប្រទេសវៀតណាម
Tel: +84-24-39423760