
ហាណូយ, វៀតណាម (ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៨) -- អ្នកធ្វើដំណើរអាចហោះហើរពីទីក្រុងហូជីមិញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ វ៉ាន់ដន នៃខេត្តក្វាងនិញ តាមរយៈ ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៨ តទៅ។
សេវាកម្មប្រចាំថ្ងៃនេះនឹងត្រូវដំណើរការដោយយន្តហោះ Airbus A321 ហើយនឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ តាន់ស៊ុនញ៉ាត់ នៅម៉ោង ២ រសៀល និងចេញពីអាកាសយានដ្ឋានអន្តរជាតិ វ៉ាន់ដន នៅម៉ោង ៤:៤៥ នាទីរសៀល ដោយប្រើប្រាស់រយៈពេលហោះហើរប្រមាណ ពីរ ម៉ោង និង ៥ នាទី។
ដើម្បីអបអរសាទរផ្លូវហោះហើរថ្មីនេះ ក្រុមហ៊ុន Vietnam Airlines កំពុងបើកលក់ សំបុត្រប្រូម៉ូសិនជើងហោះហើរទៅទិសដៅតែមួយសម្រាប់ថ្នាក់សន្សំសំចៃ ចាប់ពីត្រឹម ៨០០,០០០ ដុង (មិនរាប់បញ្ចូលពន្ធ កម្រៃសេវា និងថ្លៃបន្ថែមផ្សេងៗ។) សំបុត្រមានលក់នៅតាមការិយាល័យលក់សំបុត្រ ភ្នាក់ងារ និងគេហទំព័រផ្លូវការរបស់ Vietnam Airlines។
សេវាកម្មថ្មីនេះនឹងផ្តល់សមត្ថភាពបន្ថែមដើម្បីបម្រើតម្រូវការផ្នែកទេសចរណ៍ អាជីវកម្ម និងពាណិជ្ជកម្មដែលកំពុងកើនឡើង ព្រមទាំងពង្រឹងការតភ្ជាប់រវាងភាគខាងត្បូង និងភាគឥសាននៃប្រទេសវៀតណាម៖ ទីក្រុងហូជីមិញ - មជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេស – និងខេត្តក្វាងនិញ ដែលនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសនាពេលឆាប់ៗខាងមុខក្នុងប្រទេសវៀតណាម។
ក្នុងការរៀបចំសម្រាប់កិច្ចការនេះ ក្រុមហ៊ុន Vietnam Airlines បានផ្តល់នូវឧបករណ៍លើដីថ្មីៗ ប្រព័ន្ធឆែកអ៊ីននៅអាកាសយានដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារសមស្រប ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកយ៉ាងសកម្ម ដើម្បីធានាបាននូវការធ្វើដំណើរដោយរលូន និងមានសុវត្ថិភាព ព្រមទាំង ទាក់ទាញ ទេសចរកាន់តែច្រើនមកកាន់ទីផ្សារដែលកំពុងរីកចម្រើននេះ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.vietnamairlines.com ឬទាក់ទងមជ្ឈមណ្ឌលថែទាំអតិថិជនតាមរយៈលេខ 1900 1100។
###
អំពីអាកាសយានដ្ឋានអន្តរជាតិ វ៉ាន់ដន៖
ស្រុកវ៉ាន់ដននៃខេត្តក្វាងនិញ គឺជាតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំងបីក្នុងប្រទេសវៀតណាម។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ វ៉ាន់ដន ដែលមានទុនវិនិយោគសរុប ៧.៥ ទ្រីលានដុង (៣៣០ លានដុល្លារអាមេរិក) នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៨។ អាកាសយានដ្ឋាននេះគ្របដណ្តប់លើផ្ទៃដី ២៨៨ ហិកតា និងមានគ្រឿងបរិក្ខារគាំទ្រ ស្ថានីយអ្នកដំណើរចំនួនពីរម៉ូឌុល និងតំបន់មុខងារផ្សេងៗ។ វាត្រូវបានរំពឹងថានឹងជំរុញសេដ្ឋកិច្ចក្នុងស្រុក រួមទាំងវិស័យទេសចរណ៍នៅឆកសមុទ្រហាឡុងដ៏ល្បីល្បាញលើពិភពលោក។ អាកាសយានដ្ឋាន វ៉ាន់ដន ត្រូវបានរំពឹងថានឹងទទួលស្វាគមន៍អ្នកដំណើរ ៥០០,០០០ នាក់ក្នុងឆ្នាំដំបូងនៃការប្រតិបត្តិការ ហើយមានសមត្ថភាពទទួលអ្នកដំណើរប្រចាំឆ្នាំប្រមាណ ២.៥ លាននាក់ក្នុងឆ្នាំ ២០២០ ហើយនឹងកើនឡើងដល់ ៥ លាននាក់ត្រឹមឆ្នាំ ២០៣០។