នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ អង្គការ UNESCO បានចុះបញ្ជីជាផ្លូវការនូវ «សិល្បៈនៃការធ្វើកុលាលភាជន៍របស់ជនជាតិចាម» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការសង្គ្រោះបន្ទាន់។ វិញ្ញាបនបត្រនេះគឺជាជំហានដ៏ធំមួយក្នុងការលើកកម្ពស់តម្លៃនៃកុលាលភាជន៍ Bau Truc នៅខេត្ត Ninh Thuan។
ភូមិស្មូនឆ្នាំង Bau Truc របស់ជនជាតិភាគតិចចាម គឺជាភូមិស្មូនឆ្នាំងចំណាស់ជាងគេមួយនៅក្នុងអាស៊ីអាគ្នេយ៍។ ភូមិនេះមានទីតាំងស្ថិតនៅប្រមាណ ១០ គីឡូម៉ែត្រ ខាងត្បូងទីក្រុង Phan Rang - Thap Cham។ ភូមិដ៏តូចនេះគឺជាផ្ទះរបស់គ្រួសារជាង ៥០០ គ្រួសារ ដែលក្នុងនោះ ៨៥% ប្រកបរបរធ្វើកុលាលភាជន៍ប្រពៃណី។ រចនាប័ទ្មនេះត្រូវបានគេនិយាយថា បានបន្សល់ទុកពី Po Klong Chan ដែលជាបុព្វបុរសម្នាក់របស់ពួកគេតាំងពីបុរាណកាលមក។
ប្រជាជននៅ Bau Truc ប្រើប្រាស់ដៃដ៏ប៉ិនប្រសប់ រង្វង់ធ្វើពីឫស្សី និងខ្យង ដើម្បីបង្កើតស្នាដៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ វាជាការភ្ញាក់ផ្អើលមួយដែល ខណៈពេលដែលភូមិស្មូនឆ្នាំងផ្សេងទៀតនៅលើទឹកដីវៀតណាម ដូចជា Bat Trang (Ha Noi), Chu Dau (Hai Duong), Bien Hoa - Dong Nai ឬភូមិស្មូនឆ្នាំង Phuoc Tich - Thua Thien Hue, Thanh Ha - Quang Nam... បានប្តូរទៅប្រើកង់បង្វិលជាឧបករណ៍ខ្វះមិនបាន ប៉ុន្តែផ្ទុយទៅវិញ សិប្បករចាមនៅតែពឹងផ្អែកលើដៃដ៏មានទេពកោសល្យ និងឧបករណ៍សាមញ្ញៗ។ ដើម្បីបង្កើតផលិតផលកុលាលភាជន៍ សិប្បករចាមត្រូវការតែជើងទម្រ មិនមែនកង់បង្វិលស្មូនឆ្នាំងឡើយ ព្រមទាំងឧបករណ៍សាមញ្ញៗ និងពុម្ពផ្សេងទៀត ហើយបន្ទាប់មកប្រើដៃដើម្បីកែច្នៃដីឥដ្ឋឱ្យចេញជារូបរាងស្នាដៃដែលខ្លួនចង់បាន។
ដីឥដ្ឋត្រូវបានយកចេញពីច្រាំងទន្លេ Quao ហើយវាមានភាពទន់ស្ទន់ ស្កកមាំមួននៅពេលដុត។ បច្ចេកទេសដែលត្រូវការដើម្បីលាយខ្សាច់ជាមួយដីឥដ្ឋក៏មានភាពខុសៗគ្នាដែរ។ បរិមាណខ្សាច់ដែលត្រូវលាយជាមួយដីសើមគឺអាស្រ័យលើការប្រើប្រាស់ និងទំហំនៃកុលាលភាជន៍។ ដោយសារមូលហេតុទាំងនេះ កុលាលភាជន៍ Bau Truc មានភាពខុសប្លែកយ៉ាងខ្លាំងពីកុលាលភាជន៍នៅកន្លែងផ្សេងទៀត។ ឧទាហរណ៍ ពាងទឹកដែលធ្វើពីកុលាលភាជន៍ Bau Truc តែងតែត្រូវបានប្រជាជននៅតំបន់ក្តៅ និងក្រៀមក្រោះចូលចិត្ត ពីព្រោះសីតុណ្ហភាពទឹកនៅក្នុងពាងតែងតែត្រជាក់ជាងសីតុណ្ហភាពខាងក្រៅ ១ អង្សាសេ។
ផលិតផល Bau Truc ឆ្លុះបញ្ចាំងពីជីវិត វប្បធម៌ និងជំនឿរបស់ប្រជាជនក្នុងស្រុក។ ផលិតផលទាំងនោះមានចាប់ពីប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះសាមញ្ញៗ ដូចជា ពាង ឆ្នាំង ខ្ទះ ឬកែវ រហូតដល់វត្ថុបូជា រូបចម្លាក់ ផ្ទាំងចម្លាក់ និងក្បាច់លម្អ។ ក្បាច់រចនានៅលើផលិតផលកុលាលភាជន៍ Bau Truc ភាគច្រើនពិពណ៌នាអំពីទេសភាពធម្មជាតិ និងបង្ហាញពីជំនឿរបស់ជនជាតិចាម។
ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្ត Ninh Thuan អាចចំណាយពេលមួយថ្ងៃនៅក្នុងភូមិ ស្ងើចសរសើរផលិតផលកុលាលភាជន៍ដ៏វិសេសវិសាលផ្សេងៗ និងសាកល្បងសមត្ថភាពខ្លួនឯងក្នុងការធ្វើផលិតផលកុលាលភាជន៍។ ដោយមានការណែនាំពីសិប្បករ អ្នកអាចបញ្ចេញព្រលឹងសិល្បកររបស់អ្នក និងបង្កើតអ្វីៗគ្រប់យ៉ាងដែលលេចឡើងក្នុងគំនិតរបស់អ្នក ហើយប្រជាជនក្នុងស្រុកនៅទីនេះនឹងជួយអ្នកឱ្យបញ្ចប់វត្ថុដែលអ្នកចូលចិត្ត។
ជាចុងក្រោយ កុំចាកចេញពីភូមិដោយដៃទទេ ជ្រើសរើសកាដូអនុស្សាវរីយ៍តូចៗដែលមានរូបរាង និងពណ៌ចម្រុះសម្រាប់គ្រួសាររបស់អ្នកជាអំណោយ និងជាការចងចាំដ៏ស្រស់បំព្រងដែលត្រូវថែរក្សា។
អ្នកចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះក្នុងការធ្វើដំណើរតាមរថយន្ត និង ២៥ នាទីតាមម៉ូតូពីទីក្រុង Phan Rang - Thap Cham ដូច្នេះហេតុអ្វីមិនធ្វើដំណើរទៅកាន់ភូមិស្មូនឆ្នាំង Bau Truc ហើយរីករាយជាមួយសិល្បៈនៃការធ្វើកុលាលភាជន៍របស់ជនជាតិចាម។
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ខេត្ត Ninh Thuan នឹងរៀបចំពិធីទទួលវិញ្ញាបនបត្រចុះបញ្ជីរបស់ UNESCO «សិល្បៈនៃការធ្វើកុលាលភាជន៍របស់ជនជាតិចាម ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការសង្គ្រោះបន្ទាន់»។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យផ្លែទំពាំងបាយជូរ និងស្រាទំពាំងបាយជូរ Ninh Thuan ឆ្នាំ ២០២៣។




