នេះគឺជាកន្លែងដែលអ្នកស្រឡាញ់សិល្បៈអាចស្វែងរកស្នាដៃឯកក្នុងទម្រង់ជាគំនូរ ចម្លាក់ និងសិល្បៈក្រាហ្វិក ដែលរៀបរាប់ពីរឿងរ៉ាវវប្បធម៌ និងការច្នៃប្រឌិតដ៏ពិសេស និងមានឥទ្ធិពល ដោយមិនចាំបាច់ប្រើពាក្យសម្តីអ្វីឡើយ។
ស្ថាបត្យកម្មដ៏ស្រស់ស្អាតនៃសារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម
សារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម មានទីតាំងស្ថិតនៅកណ្តាលទីក្រុងហាណូយ លេខ ៦៦ ផ្លូវ Nguyen Thai Hoc ខណ្ឌ Ba Dinh។ ដើម្បីមកទស្សនាសារមន្ទីរ ភ្ញៀវទេសចរអាចជិះមធ្យោបាយធ្វើដំណើរប្រភេទណាក៏បាន។ ក្រៅពីការដាក់បង្ហាញវត្ថុបុរាណ និងស្នាដៃសិល្បៈដែលមានតម្លៃជាច្រើនក្នុងសម័យកាលផ្សេងៗគ្នា សារមន្ទីរក៏មានលំហអប់រំដ៏ទាក់ទាញជាមួយនឹងកម្មវិធីទស្សនកិច្ចតាមប្រធានបទយ៉ាងសម្បូរបែបសម្រាប់ភ្ញៀវទេសចរផងដែរ។
អគារនៃសារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម មាន ៣ ជាន់ ជាមួយនឹងផ្ទៃក្រឡាបង្ហាញជាង ៣,០០០ ម៉ែត្រការ៉េ។ បច្ចុប្បន្ន សារមន្ទីរដាក់បង្ហាញវត្ថុពិព័រណ៍ប្រមាណ ២,០០០ មុខ នៅក្នុងបន្ទប់ពិព័រណ៍អចិន្ត្រៃយ៍ ចាប់តាំងពីសម័យបុរាណរហូតដល់សម័យទំនើប។ លើសពីនេះ ការពិព័រណ៍ឯកត្តជនផ្សេងៗដោយអង្គការ និងសិល្បករផ្សេងៗគ្នា ត្រូវបានរៀបចំឡើងនៅសារមន្ទីរ ដោយបង្កើតបានជាវេទិកាមួយសម្រាប់ពិភពសិល្បករ។ រៀងរាល់ឆ្នាំ សារមន្ទីរតែងតែរៀបចំការពិព័រណ៍ចល័តនៅតាមទីតាំងជាច្រើនទាំងក្នុង និងក្រៅប្រទេស រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូង ស៊ីង្ហបុរី ឡាវ ជាដើម។
ដូចដែលសិល្បករគំនូរជនជាតិបារាំង Edgar Degas បានពោលថា «សិល្បៈមិនមែនជាអ្វីដែលអ្នកមើលឃើញនោះទេ ប៉ុន្តែជាអ្វីដែលអ្នកធ្វើឱ្យអ្នកដទៃមើលឃើញ» ហើយស្នាដៃឯកទាំងនោះត្រូវបានដាក់បង្ហាញនៅសារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម ដោយបានបំពេញភារកិច្ចយ៉ាងអស្ចារ្យដូចជាសម្លេងស្រែកនៃសេរីភាព គំនិតច្នៃប្រឌិតរបស់សិល្បករ និងលើសពីនេះទៅទៀត គឺដោយមិនចាំបាច់ប្រើពាក្យសម្តី ប៉ុន្តែតាមរយៈរូបរាង និងពណ៌ផ្សេងៗគ្នា ដែលបង្ហាញពីប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ដ៏យូរអង្វែងនៃវិចិត្រសិល្បៈដ៏សម្បូរបែប។ ជាអ្នករៀបរាប់រឿងរ៉ាវនៃសិល្បៈបុរេប្រវត្តិ និងប្រវត្តិសាស្ត្រដើម វិចិត្រសិល្បៈពីសតវត្សរ៍ទី ១១ ដល់ទី ១៩ សតវត្សរ៍ទី ២០ ដល់បច្ចុប្បន្ន សិល្បៈអនុវត្តប្រពៃណីដែលផ្ទុកនូវបេះដូង គំនិត និងព្រលឹងរបស់សិល្បករសិប្បករ។ សិល្បករសិប្បករបានបញ្ជូនតម្លៃសិល្បៈទៅក្នុងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងពិធីសាសនា។
រូបបដិមាព្រះម៉ែគង់ស៊ីអ៊ីមថ្នាំខ្មុក នៃសតវត្សរ៍ទី ១៦
គំនូរប្រេង៖ ប្អូនស្រី Thuy (សិល្បករ Tran Van Can, ឆ្នាំ ១៩៤៣)
គំនូរថ្នាំខ្មុក៖ លោកពូហូនៅតំបន់សមរភូមិ Viet Bac (សិល្បករ Duong Bich Lien, ឆ្នាំ ១៩៨០)
ភ្ញៀវទេសចរដែលមកកាន់សារមន្ទីរអាចចាប់យកឱកាសដើម្បីស្វែងយល់ពីកម្រងប្រមូលផ្តុំសិល្បៈប្រជាប្រិយវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់។ គំនូរប្រជាប្រិយច្រើនតែមានលក្ខណៈស្រស់បំព្រង និងខ្លឹមសាររស់រវើក ដោយបង្ហាញពីប្រធានបទជាច្រើនដូចជា ការគោរពបូជា ការអបអរសាទរ សកម្មភាពប្រចាំថ្ងៃ តួអង្គប្រវត្តិសាស្ត្រល្បីៗ ដូចជា គំនូរ Dong Ho, គំនូរ Kim Hoang, គំនូរភូមិ Sinh...
រូបចម្លាក់ប្រជាប្រិយត្រូវបានធ្វើឡើងពីដីឥដ្ឋដុត លោហធាតុ និងឈើចាក់ពុម្ព ដោយពិពណ៌នាអំពីជីវិត និងទំនៀមទម្លាប់ដ៏យូរលង់របស់ប្រជាជនវៀតណាម។ កម្រងប្រមូលផ្តុំគ្រឿងសេរ៉ាមិចនឹងប្រៀបដូចជាបទចម្រៀងវ៉ាល់ដ៏ស្រទន់នៃសារមន្ទីរ ជាមួយនឹងការណែនាំពីលក្ខណៈពិសេសនៃដំណាក់កាលសេរ៉ាមិចគ្មានលាបកែវ និងលាបកែវ រួមមាន សេរ៉ាមិចស្រទាប់កែវប្រេះ សេរ៉ាមិចសេឡាដុង សេរ៉ាមិចផ្កាត្នោត (រជ្ជកាល Ly និង Tran) សេរ៉ាមិចស្រទាប់កែវពណ៌សនិងខៀវ និងសេរ៉ាមិចទំនើប។
តម្លៃបន្ថែមមួយទៀតសម្រាប់ក្រុមដែលមានកុមារមកកាន់សារមន្ទីរ គឺការរុករក «លំហច្នៃប្រឌិតសម្រាប់កុមារ»។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ នៅក្នុងលំហបើកចំហ និងបត់បែនបាន ហើយសកម្មភាពនៅ «លំហច្នៃប្រឌិតសម្រាប់កុមារ» គឺមានភាពទាក់ទាញ និងស័ក្តិសមសម្រាប់កុមារគ្រប់វ័យ។ កុមារមានសេរីភាពក្នុងការរុករក យល់ដឹង និងបទពិសោធន៍សិល្បៈពីកម្រងប្រមូលផ្តុំរបស់សារមន្ទីរ ដូចជា គំនូរ សេរ៉ាមិច ចម្លាក់ សិល្បៈប្រជាប្រិយ...
តើអ្នកជាអ្នកចូលចិត្តបច្ចេកវិទ្យា មែនទេ? បើកទូរស័ព្ទស្មាតហ្វូនរបស់អ្នក ហើយសាកល្បង «លំហពិព័រណ៍សិល្បៈនិម្មិត» របស់សារមន្ទីរ និងមគ្គុទ្ទេសក៍ពហុប្រព័ន្ធផ្សព្វផ្សាយ «iMuseum VFA»។

លំហពិព័រណ៍សិល្បៈនិម្មិតនៅសារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាម
សិល្បករដ៏មហាអស្ចារ្យ Leonardo da Vinci ធ្លាប់បានពោលថា គំនូរគឺជាកវីនិពន្ធដែលគេមើលឃើញ ជាជាងទទួលអារម្មណ៍ ហើយកវីនិពន្ធគឺជាគំនូរដែលគេទទួលអារម្មណ៍ ជាជាងមើលឃើញ។ ដោយសារពាក្យពេចន៍មិនអាចរៀបរាប់ពីតម្លៃទាំងអស់នៃសារមន្ទីរវិចិត្រសិល្បៈជាតិវៀតណាមបាន ហេតុអ្វីបានជាអ្នកមិនមកទស្សនាកន្លែងនេះដោយផ្ទាល់ខ្លួនឯង ហើយទទួលអារម្មណ៍ពីសិល្បៈតាមរបៀបផ្ទាល់ខ្លួនរបស់អ្នក ដើម្បីរុករក សម្រាកកាយ និងកម្សាន្តនៅទីក្រុងហាណូយ?




