
ហាណូយ ប្រទេសវៀតណាម - ដោយសារតែការរីករាលដាលជាសកលជាបន្តបន្ទាប់នៃវីរុសកូរ៉ូណាប្រភេទថ្មី ហើយបន្ទាប់ពីការពិភាក្សាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន Formula One World Championship Ltd – ដែលជាម្ចាស់រក្សាសិទ្ធិ និងអាជ្ញាប័ណ្ណសម្រាប់ Formula 1 (Formula 1) – ព្រមទាំងសហព័ន្ធ Federation Internationale de l’Automobile (FIA) & គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សមាគមកីឡាយានយន្តវៀតណាម (VMA) ក្រុមហ៊ុន Vietnam Grand Prix Limited Liability Company (VGPC) មានការសោកស្តាយក្នុងការប្រកាសពន្យារពេលការប្រកួត Formula 1 VinFast Vietnam Grand Prix 2020 ដូចដែលបានគ្រោងទុក។
ដើមឡើយត្រូវប្រព្រឹត្តទៅនាថ្ងៃទី ៣ - ៥ ខែមេសា ការសម្រេចចិត្តពន្យារពេលនេះធ្វើឡើងបន្ទាប់ពីបានពិចារណាយ៉ាងល្អិតល្អន់អំពីស្ថានភាពវីរុសកូរ៉ូណាដែលកំពុងបន្តកើតមាន និងការវិវត្ត ព្រមទាំងបន្ទាប់ពីការប្រកាសនាពេលថ្មីៗនេះរបស់ WHO ថាការផ្ទុះឡើងនេះជាជំងឺរាតត្បាតសកល ហើយក៏បានធ្វើតាមការណែនាំពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលមានការយកចិត្តទុកដាក់រួមគ្នាលើសុខភាព និងសុខុមាលភាពរបស់ប្រជាជនវៀតណាម ព្រមទាំងអ្នកគាំទ្រ Formula 1 បុគ្គលិក និងអ្នកចូលរួមការប្រកួតដែលធ្វើដំណើរមក។ នេះជាការសម្រេចចិត្តដ៏លំបាកបំផុតមួយ ជាពិសេសនៅពេលដែលការរៀបចំសម្រាប់ទីក្រុងហាណូយក្នុងការចូលរួមព្រឹត្តិការណ៍កីឡាដ៏ល្បីល្បាញបំផុតក្នុងពិភពលោក ជាមួយនឹងទីលានប្រកួត Formula 1 កម្រិតពិភពលោកដ៏ទំនើប ទើបតែបានឈានចូលដល់ដំណាក់កាលចុងក្រោយ។
ក្រុមហ៊ុន VGPC នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ Formula 1, FIA, គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និង VMA ដើម្បីតាមដានស្ថានភាព ហើយនឹងប្រកាសកាលបរិច្ឆេទថ្មី ព្រមទាំងផ្តល់ព័ត៌មានបច្ចុប្បន្នភាពបន្ថែមជូនដល់អ្នកទិញសំបុត្រ ម្ចាស់ឧបត្ថម្ភ និងដៃគូរបស់យើងនៅពេលសមស្រប។
យើងសូមចូលរួមចែករំលែកការព្រួយបារម្ភដល់អ្នកទាំងអស់គ្នាដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលដោយសារស្ថានភាពវីរុសកូរ៉ូណានាពេលបច្ចុប្បន្ន ព្រមទាំងអ្នកដែលទទួលបានការខកចិត្តពីការប្រកាសនេះ ដោយសារពួកគេបានទន្ទឹងរង់ចាំការប្រកួតបើកឆាកដ៏រំភើបនៅក្នុងប្រទេសវៀតណាម។
ក្នុងអំឡុងពេលនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រ អតិថិជន និងហ្វេនៗទាំងអស់សម្រាប់ការយោគយល់ ហើយសង្ឃឹមថានឹងបានស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Hanoi Circuit នាពេលឆាប់ៗខាងមុខនេះ។
ចូលមើលគេហទំព័រផ្លូវការរបស់ Vietnam Grand Prix សម្រាប់ព័ត៌មានបន្ថែម។