នៅភាគខាងជើងនៃប្រទេសវៀតណាម គឺជាទីកន្លែងដែលផ្លូវបត់បែនឆ្លងកាត់ជ្រលងភ្នំដ៏ជ្រៅ និងច្រកភ្នំដ៏ស្រស់ស្អាតអស្ចារ្យ។ ខ្សែផ្លូវ Ha Giang loop គឺជាក្ដីស្រមៃក្លាយជាការពិតសម្រាប់អ្នកធ្វើដំណើរបែបផ្សងព្រេងដែលប្រាថ្នាចង់បានការធ្វើដំណើរលើផ្លូវលាតសន្ធឹងយ៉ាងវែង។ រៀបចំឥវ៉ាន់ សាកថ្មរបស់អ្នក និងត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេង។
ផ្លូវធ្វើដំណើររយៈពេល ៤ ថ្ងៃនេះ ដើរតាមផ្លូវជាតិ QL4C ទៅទិសឥសានពី Hà Giang ទៅ Bảo Lâm និងផ្លូវជាតិ QL34 ទៅទិសនិរតីពី Bảo Lâm ត្រឡប់មក Hà Giang វិញ។
ជំពូក 01 —
ថ្ងៃទី ១៖ ទីក្រុង Ha Giang ទៅ Yen Minh
ព្រឹក
ញ៉ាំអាហារពេលព្រឹកឱ្យបានលឿននៅទីក្រុង Hà Giang មុនពេលចេញដំណើរ។ នៅពេលអ្នកធ្វើដំណើរទៅទិសខាងជើងតាមផ្លូវ QL4C ទេសភាពផ្លាស់ប្ដូរយ៉ាងលឿនទៅជាជួរភ្នំកំបោរ គ្របដណ្ដប់ដោយព្រៃឈើខៀវស្រងាត់។ មិនយូរប៉ុន្មាន អ្នកនឹងទៅដល់ខ្ពង់រាបភ្នំកំបោរ Dong Van Karst Plateau ដែលជាឧទ្យានភូមិសាស្ត្រពិភពលោករបស់ UNESCO។ ចំណុចលេចធ្លោនៃផ្នែកនេះនៃដំណើរគឺច្រកភ្នំ Heaven’s Gate Pass ដែលជាកន្លែងអ្នកនឹងទទួលបានបទពិសោធន៍ដំបូងនៃទស្សនីយភាពដ៏រំភើប ជាមួយនឹងផ្លូវកោងចង្អៀតដ៏ប្រកួតប្រជែង។
បើកបរចុះពីច្រកភ្នំ Heaven’s Gate Pass អ្នកនឹងទៅដល់ Tam Sơn -- ទីក្រុងមួយដែលហ៊ុំព័ទ្ធដោយភ្នំគ្របដណ្ដប់ដោយព្រៃឈើ -- ទាន់ពេលសម្រាប់អាហារថ្ងៃត្រង់។ នៅទីនេះ ភោជនីយដ្ឋាន និងតូបតាមផ្លូវមានលក់អាហារបែបប្រពៃណីភាគខាងជើងវៀតណាម។ ហើយដូចជាកន្លែងផ្សេងទៀតក្នុងប្រទេស ការស្វែងរកកាហ្វេវៀតណាមដ៏ឆ្ងាញ់ពិសាគឺមិនពិបាកនោះទេ។

រសៀល
នៅពេលអ្នកចាក់សាំង និងបំពេញថាមពលរួចហើយ បន្តដំណើរតាមផ្លូវ QL4C សំដៅទៅ Yên Minh។ ផ្លូវនេះរត់តាមទន្លេ Mien ដ៏ស្អាត មុនពេលឡើងឆ្លងកាត់ជ្រលងភ្នំដ៏ខ្ពស់។ បើកបរឆ្លងកាត់ខ្ពង់រាបភ្នំកំបោរ និងច្រកភ្នំនានា មុនពេលទៅដល់ Yên Minh ដែលជាកន្លែងអ្នកអាចសម្រាកនៅសណ្ឋាគារក្នុងស្រុកសម្រាប់ពេលល្ងាច។

ណែនាំ៖ វាជាការល្អបំផុតក្នុងការទាក់ទង ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ដើម្បីទទួលបានការប្រឹក្សាអំពីកម្មវិធីកម្សាន្តពិសេសៗ ឬផ្ទះសំណាក់បែបគ្រួសារ (homestay) ដ៏កក់ក្តៅនៅក្នុងតំបន់តូចៗ ស្ងប់ស្ងាត់ និងសម្បូរទៅដោយអត្តសញ្ញាណក្នុងស្រុក។ កន្លែងស្នាក់នៅដែលស្អាតបំផុត និងពេញនិយមបំផុត ច្រើនតែពេញយ៉ាងឆាប់រហ័ស ជាពិសេសក្នុងអំឡុងរដូវកាលសម្បូរភ្ញៀវទេសចរ។
ជំពូក 02 —
ថ្ងៃទី ២៖ ព្រំដែនវៀតណាម
ព្រឹក
រីករាយជាមួយហ្វើ (Pho) មួយចានដ៏ក្តៅគគុកសម្រាប់អាហារពេលព្រឹក មុនពេលចេញដំណើរទៅ Dong Van ដោយជិះតាមផ្លូវ QL4C ទៅទិសឥសាន។ ផ្លូវចោទឡើងយ៉ាងលឿនផុតកម្ពស់ដើមឈើ ដោយបង្ហាញនូវទេសភាពភ្នំកំបោរច្រោះដ៏អស្ចារ្យមិនគួរឱ្យជឿនៅគ្រប់ជ្រុងជ្រោយនៃផ្លូវបត់។ Dốc Chín Khoanh (ច្រកភ្នំ ៩ បត់) គឺជាកន្លែងដ៏ល្អមួយក្នុងការឈប់សម្រាក និងទស្សនាផ្លូវបត់បែនជាច្រើនជួរដែលចុះទៅកាន់ជ្រលងភ្នំខាងក្រោម។ ឈប់នៅតំបន់ Sà Phìn សម្រាប់អាហារ និងចាក់សាំង។
រសៀល
ការធ្វើដំណើរវាងរយៈពេល ៣ ម៉ោង នឹងនាំអ្នកទៅកាន់បង្គោលទង់ជាតិ Lũng Cú Flag Tower។ ទេសភាព ៣៦០ ដឺក្រេឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសចិន ពិតជាសមនឹងការខិតខំប្រឹងប្រែងខ្លាំងណាស់។ ត្រឡប់មកលើផ្លូវ QL4C វិញ អ្នកនឹងមិនខ្វះទេសភាពដ៏ស្រស់ស្អាតនៅលើផ្លូវទៅកាន់ Đồng Văn ដែលជាកន្លែងអ្នកនឹងស្នាក់នៅនោះទេ។ ចំណាយពេលទៅទស្សនាផ្សារក្នុងស្រុក មិនថានៅពេលយប់ ឬព្រលឹមស្រាងៗ ហើយមើលជនជាតិភាគតិចដែលមានសម្លៀកបំពាក់ពណ៌ចម្រុះកំពុងលក់ដូរ និងប្រកបរបរប្រចាំថ្ងៃ។

ណែនាំ៖ សូមប្រាកដថាបានសួរនាំម្ចាស់ផ្ទះសំណាក់របស់អ្នកនៅ Dong Van អំពីកាលបរិច្ឆេទ និងពេលវេលានៃផ្សារក្នុងស្រុក។ វាជាបទពិសោធន៍វប្បធម៌មួយដែលអ្នកមិនចង់រំលងឡើយ។
ជំពូក 03 —
ថ្ងៃទី ៣៖ ច្រកភ្នំ Đồng Văn និង Mã Pí Lèng
ព្រឹក
ថ្ងៃនេះ អ្នកនឹងបានជួបប្រទះនូវកំណាត់ផ្លូវដែលអាចនិយាយបានថាអស្ចារ្យបំផុតនៅក្នុងប្រទេសវៀតណាមទាំងមូល។ ចាប់ពី Đồng Văn រហូតដល់ច្រកភ្នំ Mã Pí Lèng បាតជ្រលងភ្នំមានជម្រៅជ្រៅទៅខាងក្រោមយ៉ាងខ្លាំង នៅពេលអ្នកបើកបរវាងតាមកំពូលភ្នំ និងជ្រលងភ្នំដ៏ធំល្វឹងល្វើយ។ បញ្ហាតែមួយគត់ប្រហែលជាចំនួនដងដែលអ្នកមានអារម្មណ៍ថាត្រូវតែឈប់ ដោយសារគ្រប់បត់ផ្លូវទាំងអស់សុទ្ធតែពោរពេញទៅដោយទេសភាពស្អាតដូចគំនូរ។
Mèo Vạc មានចម្ងាយត្រឹមតែ ២៤ គីឡូម៉ែត្រប៉ុណ្ណោះពី Đồng Văn ប៉ុន្តែវាអាចស៊ីពេលជិតពេញមួយព្រឹកដើម្បីទៅដល់ នោះប្រសិនបើអ្នកឈប់ទស្សនាទិដ្ឋភាពភ្នំដ៏ស្រស់ស្អាតតាមដងផ្លូវ។ នៅពេលទៅដល់ទីនោះ សូមរីករាយជាមួយទីក្រុងដ៏គួរឲ្យស្រឡាញ់នេះ ដែលមានភាពរស់រវើកចម្រុះពណ៌ និងមានជម្រើសអាហារថ្ងៃត្រង់យ៉ាងច្រើន។
ពេលរសៀល
សម្រាប់ដំណើរកម្សាន្តវាងខ្លីៗ អ្នកអាចបត់ឆ្វេងចេញពីផ្លូវ QL4C នៅជើងច្រកភ្នំ Mã Pí Lèng ចូលទៅផ្លូវរង 193A។ វាជាដំណើរបើកបរខ្លីប៉ុន្តែសប្បាយរីករាយ ដែលផ្តល់ទិដ្ឋភាពកាន់តែជិតនៃទន្លេ Nho Quế ដ៏កោងកាច់នៅខាងក្រោម។

អ្នកនឹងបញ្ចប់ថ្ងៃនេះនៅ Bảo Lâm ដែលជាភូមិមួយមានអ្នកស្រុកប្រកបដោយភាពស្និទ្ធស្នាល និងស្វាគមន៍យ៉ាងកក់ក្តៅ។ ចំណាយពេលពីរបីម៉ោងសម្រាកក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ដាច់ស្រយាលនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការបើកបរត្រឡប់ទៅ Hà Giang វិញនៅពេលព្រឹក។
ជំពូក 04 —
ថ្ងៃទី ៤៖ ត្រឡប់ទៅក្រុង Hà Giang វិញ
ពេលព្រឹក
ចាប់ផ្តើមថ្ងៃចុងក្រោយនៃដំណើរកម្សាន្តរបស់អ្នកជាមួយនឹងអាហារពេលព្រឹកសាមញ្ញ និងទិញស្បៀងអាហារស្តុកទុកសម្រាប់ធ្វើដំណើរត្រឡប់ទៅ Hà Giang វិញ។ ពី Bảo Lâm បត់ទៅទិសនិរតីតាមផ្លូវ QL34 រហូតដល់ Hà Giang។ ផ្លូវនេះរត់តាមបណ្តោយទន្លេ Gâm ភាគច្រើន ដែលធ្វើឲ្យការបើកបរតាមបាតជ្រលងភ្នំមានភាពរីករាយ។ នៅតែមានផ្លូវកោងជាច្រើន និងច្រកភ្នំមួយចំនួន ប៉ុន្តែមិនលំបាកខ្លាំងដូចមុននោះទេ។
ឈប់សម្រាកនៅ Bắc Mê ដើម្បីញ៉ាំអាហារនៅតូបអាហារក្នុងស្រុកមួយ។ អ្នកនឹងឃើញមានទីក្រុងតិចតួចប៉ុណ្ណោះក្នុងកំណាត់ផ្លូវចុងក្រោយមុនពេលទៅដល់ទីក្រុង។
ពេលរសៀល
ត្រឡប់មកដល់ក្រុង Hà Giang វិញ ហើយសម្រាកលំហែកាយជាមួយភាពសុខស្រួលទំនើបៗ បន្ទាប់ពីការធ្វើដំណើរយ៉ាងវែងឆ្ងាយក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះ។
ជំពូក 05 —
ព័ត៌មានណែនាំជាក់ស្តែង
អ្វីដែលត្រូវរំពឹងទុក
អ្នកនឹងធ្វើដំណើរឆ្លងកាត់ភាគខាងជើងបំផុតនៃប្រទេសវៀតណាម ហើយសេវាកម្ម និងធនធានមានកម្រិតនៅពេលចេញក្រៅក្រុង Hà Giang។ សូមប្រាកដថាបានយកសាច់ប្រាក់គ្រប់គ្រាន់ ព្រោះម៉ាស៊ីន ATM មានតិចតួចណាស់។
របៀបធ្វើដំណើរទៅកាន់ទីនោះ
រថយន្តក្រុងពេលថ្ងៃ និងពេលយប់ចេញដំណើរជាទៀងទាត់ពីស្ថានីយរថយន្តក្រុង Mỹ Đình ក្នុងរាជធានី Hà Nội ទៅកាន់ Hà Giang។ សេវាកម្មដឹកជញ្ជូនឯកជន និងកញ្ចប់ទស្សនកិច្ចក៏អាចស្វែងរកបានតាមអនឡាញ ឬតាមរយៈក្រុមហ៊ុនទេសចរណ៍នៅក្នុងរាជធានីផងដែរ។
ម៉ូតូ
អ្នកអាចស្វែងរកជួលម៉ូតូបានយ៉ាងងាយស្រួលនៅក្នុងក្រុង Hà Giang។ មជ្ឈមណ្ឌលសេវាកម្ម Honda និង Kawasaki ទាំងពីរមាននៅក្នុងក្រុង។
ស្ថានភាពផ្លូវ និងសុវត្ថិភាព
ផ្លូវនៅលើផ្លូវនេះភាគច្រើនមានស្ថានភាពល្អ ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គ និងការដ្ឋានសំណង់អាចលេចឡើងនៅពេលណាក៏បាន។ ដើម្បីសុវត្ថិភាព សូមបើកបរដោយប្រុងប្រយ័ត្ននៅពេលជួបផ្លូវកោង បើកបរនៅពេលថ្ងៃ និងឈប់សម្រាកនៅពេលងងឹត។


