ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អ្នកថតរូបជនជាតិបារាំង Réhahn បានធ្វើដំណើរជាច្រើនលើកច្រើនសារទៅកាន់តំបន់ខ្ពង់រាប និងជនបទនៃប្រទេសវៀតណាម ដើម្បីថតរូបបុរស ស្រ្តី និងកុមារនៃជនជាតិភាគតិចទាំង ៥៤ របស់ប្រទេសវៀតណាម។
«តាមរយៈការរៀនភាសា ខ្ញុំមានអារម្មណ៍ថាត្រូវបានទាក់ទាញចិត្តទៅរកចាស់ទុំ និងរឿងព្រេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគាត់» Réhahn មានប្រសាសន៍បែបនេះ។ «នៅពេលពួកគាត់និយាយអំពីវប្បធម៌ និងប្រពៃណីរបស់ខ្លួន ភ្នែករបស់ពួកគាត់បានភ្លឺថ្លា។ នៅពេលគំនិតរបស់ពួកគាត់រំលឹកទៅកាន់អតីតកាល ឬនៅពេលពួកគាត់ស្លៀកសម្លៀកបំពាក់ប្រពៃណី ពួកគាត់ចាប់ផ្តើមភ្លឺរស្មី និងពោរពេញដោយមោទនភាព។ រឿងរ៉ាវរបស់ពួកគាត់នៅតែបន្តបំផុសគំនិតខ្ញុំរហូតមកដល់សព្វថ្ងៃនេះ»។
នៅក្នុងឆ្នាំ ២០១១ Réhahn បានជ្រើសរើសទីក្រុង Hoi An ជាផ្ទះរបស់លោកក្នុងប្រទេសវៀតណាម។ ៦ ឆ្នាំក្រោយមក លោកបានបើកសារមន្ទីរមួយដែលឧទ្ទិសដល់ក្រុមជនជាតិភាគតិចនៃប្រទេសវៀតណាម។ រូបថតរបស់លោកបានទាក់ទាញចិត្តទស្សនិកជនមកពីជុំវិញពិភពលោក និងលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃរបស់ប្រទេសវៀតណាម។ ខាងក្រោមនេះជារូបភាពចំនួន ២៥ សន្លឹកពីកម្រងរូបថតដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក។
ជំពូក 01 —
Ba Na
ស្ថាបត្យកម្មជនជាតិ Ba Na (ឬ Bahnar) ត្រូវបានគេស្គាល់ដោយសារផ្ទះសហគមន៍ដ៏ខ្ពស់ត្រដែតរបស់ពួកគេ ដែលស្ថិតនៅចំកណ្តាលភូមិ ហើយអាចមានកម្ពស់រហូតដល់ ២០ ម៉ែត្រ។

ជំពូក 02 —
Dao
ជនជាតិ Black Dao ស្លៀកខោ និងអាវក្រៅពណ៌ខ្មៅ ដោយមានខ្សែប៉ាក់ស្តើងៗលម្អដោយរំភាយ និងអង្កាំនៅដៃអាវ និងកអាវ។ ស្ត្រី Red Dao ជំនាញខាងបច្ចេកទេសបាទិក និងការប្រើល័ក្ខខៀវដើម្បីជ្រលក់ពណ៌សម្លៀកបំពាក់របស់ពួកគេ។

ជំពូក 03 —
Brâu
ជនជាតិ Brâu នៅតែបន្តទំនៀមទម្លាប់នៃការខាត់ធ្មេញ និងប្រើប្រាស់គ្រឿងអលង្ការធ្ងន់ៗដើម្បីធ្វើឱ្យស្លឹកត្រចៀកធ្លាក់វែង។
ជំពូក 04 —
Bru - Vân Kiều
Bru - Vân Kiều មានន័យថា «មនុស្សរស់នៅក្នុងព្រៃ»។ លោក Réhahn បានថតរូបស្ត្រីរូបនេះមកពីក្រុម Bru - Vân Kiều ក្នុងខេត្ត Quang Tri។
ជំពូក 05 —
Cham
ជនជាតិ Cham ដែលជាអ៊ិស្លាមសាសនិក និងនិយាយភាសារបស់ពួកគេផ្ទាល់ គឺរស់នៅភាគខាងត្បូងនៃប្រទេសវៀតណាម រួមទាំងរាប់ពាន់នាក់នៅតំបន់វាលខ្សាច់នៃខេត្ត Ninh Thuan។

ជំពូក 06 —
Cơ Tu
ប្រជាជន Cơ Tu រស់នៅតំបន់វាលរាប និងតំបន់ខ្ពង់រាបនៃខេត្ត Quang Nam ក្នុងភាគកណ្តាលនៃប្រទេសវៀតណាម។ ជាច្រើនសតវត្សមកហើយ បុរសៗបានស្លៀកសម្លៀកបំពាក់ធ្វើពីសរសៃសំបកឈើ។
ជំពូក 07 —
Dao Man
ប្រជាជន Dao Man ធ្វើស្រែថ្នាក់ជណ្តើរនៅតំបន់ភ្នំដ៏ស្រស់ស្អាតអស្ចារ្យនៃភាគខាងជើងប្រទេសវៀតណាម ដែលត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ជាបេតិកភណ្ឌធម្មជាតិពិភពលោក។
ជំពូក 08 —
Ede
ជនជាតិ Ede គឺជាក្រុមជនជាតិភាគតិចមួយក្នុងចំណោមក្រុមជនជាតិភាគតិចតិចតួចប៉ុណ្ណោះដែលប្រកាន់របបមាតាធិបតេយ្យនៅវៀតណាម។ ស្ត្រីស្លៀកសារុងវែង ចំណែកបុរសស្លៀកសំពត់ចងចង្កេះ និងអាវកាក់យឺតពាក់តាមក។
ជំពូក 09 —
H’mong
ជំនាញដេរប៉ាក់គឺជាលក្ខណៈពិសេសដ៏លេចធ្លោនៃវប្បធម៌ H’mong។ បច្ចេកទេសបង្កើតក្បូរក្បាច់ដ៏ស្មុគស្មាញ និងការប៉ាក់ ត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយ។



ជំពូក 10 —
La Chi
បុរសជនជាតិ La Chi គឺជាជាងសាងសង់ដ៏មានជំនាញ ដែលល្បីល្បាញដោយសារសមត្ថភាពក្នុងការច្នៃប្រឌិតឧបករណ៍ប្រើប្រាស់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទពីផ្តៅ និងឫស្សី។
ជំពូក 11 —
La Hu
ជនជាតិ La Hu រស់នៅក្នុងតំបន់ព្រៃឈើនៃប្រទេសវៀតណាម។ ដោយត្រូវបានគេស្គាល់ថាជាអ្នកបរបាញ់ខ្លាក្នុងរឿងព្រេង ឈ្មោះ ‘La Hu’ ត្រូវបានគេនិយាយថាមានន័យថា «ខ្លាំងដូចខ្លា»។
ជំពូក 12 —
Lo Lo
ក្រុមជនជាតិភាគតិច ឡូឡូ (Lo Lo) មានបីក្រុមរង ដែលអាចបែងចែកដាច់ពីគ្នាបានតាមរយៈពណ៌ចម្បងនៃសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ។
ជំពូក 13 —
M’nông
ប្រជាជន M’nông គឺជាអ្នកហ្វឹកហ្វឺនដំរីដ៏ស្ទាត់ជំនាញ ហើយដំរីដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងព្រេងប្រជាប្រិយ M’nông និងនៅក្នុងជីវិតរស់នៅតាមភូមិ។

ជំពូក 14 —
Ơ Đu
ក្នុងវ័យ ៧៨ ឆ្នាំ លោកស្រី Vi Thi Dung គឺជាស្ត្រីចុងក្រោយគេដែលនៅតែធ្វើសំពត់ប្រពៃណី Ơ Đu នៅក្នុងភូមិរបស់គាត់។
ជំពូក 15 —
Pà Thẻn
ការរុំ និងពាក់ឈ្នួតក្បាល Pà Thẻn អាចចំណាយពេលរហូតដល់ ៣០ នាទី។ សម្លៀកបំពាក់ដ៏ប្រណិតរបស់ពួកគេក៏មានខ្សែក្រវាត់មួយដែលមាន ៨ កញ្ចុំ ដែលតំណាងឱ្យខ្សែស្រឡាយគ្រួសារទាំង ៨ របស់ពួកគេផងដែរ។
ជំពូក 16 —
Phù Lá
ភាគច្រើននៃក្រុមជនជាតិភាគតិច Phù Lá របស់ប្រទេសវៀតណាម រស់នៅក្នុងភូមិដាច់ស្រយាលក្នុងខេត្ត Lao Cai។ សហគមន៍តូចៗជាទូទៅមានត្រឹមតែ ១០ ទៅ ១៥ គ្រួសារប៉ុណ្ណោះ ហើយត្រូវបានរៀបចំឡើងដោយមេភូមិ។
ជំពូក 17 —
Ha Nhi ពណ៌ផ្កាឈូក
ជនជាតិ Ha Nhi គឺជាក្រុមជនជាតិភាគតិចដាច់ស្រយាលបំផុតមួយរបស់វៀតណាម ដោយមានក្រុមរងជាច្រើនរស់នៅក្នុងតំបន់ភ្នំនៃខេត្ត Lao Cai និង Lai Chau។
ជំពូក 18 —
Rơ Măm
នៅសល់តែសម្លៀកបំពាក់ប្រពៃណី ១២ ឈុតប៉ុណ្ណោះរបស់ជនជាតិ Rơ Măm ដោយសារគ្មាននរណាម្នាក់ធ្វើវាទៀតនោះទេ។ លោក Réhahn បានទទួលសម្លៀកបំពាក់នេះ ព្រមទាំងខ្សៀ និងកញ្ជើ ជាកាដូពីមេភូមិ Rơ Măm។
សារមន្ទីរ Precious Heritage Art Gallery Museum នៅ Hoi An ដាក់បង្ហាញសម្លៀកបំពាក់ជនជាតិភាគតិចដើមចំនួន ៤៥ ឈុតដែលបានជូនជាអំណោយដល់ Réhahn ព្រមទាំងវត្ថុបុរាណ និងរូបភាពជាច្រើនទៀត។ អ្នកទេសចរអាចចូលទស្សនាដោយឥតគិតថ្លៃនៅសារមន្ទីរ ដែលបើកទ្វារ ៧ ថ្ងៃក្នុងមួយសប្តាហ៍ និងនៅវិចិត្រសាលរបស់ Réhahn ក្នុងទីក្រុងហូជីមិញ ដែលមានលក់រូបថតបោះពុម្ព និងសៀវភៅ ព្រមទាំងជួយគាំទ្រដល់ Giving Back Project របស់អ្នកថតរូបរូបនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័ររបស់ Réhahn និង ទំព័រ Facebook ឬចូលទស្សនាវិចិត្រសាលរបស់លោកនៅវៀតណាម៖
Precious Heritage Collection - 26 Phan Boi Chau, Hoi An
Couleurs d’Asie by Réhahn - ជាន់ទី ១, 151/71 Dong Khoi, ទីក្រុងហូជីមិញ




