សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

ស្វែងយល់ សម្រាកកាយ និងកម្សាន្តនៅភាគខាងជើងវៀតណាម 

ភាគខាងជើងនៃប្រទេសវៀតណាមមានភាពខុសប្លែកពីភាគខាងត្បូងយ៉ាងខ្លាំង រហូតដល់អាចចាត់ទុកថាជាប្រទេសដាច់ដោយឡែកមួយបាន។ ភាគច្រើននៃជនជាតិភាគតិចទាំង ៥៤ របស់ប្រទេសវៀតណាម រស់នៅភាគខាងជើងនៃប្រទេសវៀតណាម ដោយរស់នៅពាសពេញជួរភ្នំដែលលាតសន្ធឹងពីរាជធានី។ ពិតណាស់ ទីក្រុងហាណូយ (Ha Noi) គឺជាករណីលើកលែងប្រជុំជននគរូបនីយកម្មមួយក្នុងតំបន់នេះ។ ទីក្រុងភាគច្រើននៅភាគខាងជើងវៀតណាមមានអារម្មណ៍ដូចជាពពុះនៃអារ្យធម៌មនុស្សដែលត្រូវបានកាប់ឆ្ការចេញពីព្រៃរញ៉េរញ៉ៃ រុំព័ទ្ធដោយព្រៃក្រាស់ ភ្នំថ្មកំបោរ Karst បុរាណ និងវាលស្រែថ្នាក់ៗដែលផ្លាស់ប្តូរទៅតាមរដូវកាល ពីកញ្ចក់ទឹកភ្លឺចាំង ទៅជាពណ៌បៃតងស្រស់ឆើតឆាយ និងចុងក្រោយជាពណ៌មាសដ៏ស្រស់បំព្រងនៃរដូវប្រមូលផល។

ស្វែងយល់ សម្រាក និងកម្សាន្ត

ជំពូក 01 —

វប្បធម៌ និងប្រវត្តិសាស្ត្រក្នុងទីក្រុងហាណូយ

ទីក្រុងហាណូយ គឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរទៅកាន់ភាគខាងជើងនៃប្រទេសវៀតណាម។ ដោយបានដើរតួជារាជធានីវប្បធម៌ និងប្រវត្តិសាស្ត្រនៃប្រទេសអស់រយៈពេលមួយពាន់ឆ្នាំមកហើយ ទីក្រុងដ៏មមាញឹកមួយនេះ គឺជាមហានគរសម័យទំនើបដែលលាក់បាំងនូវអាថ៌កំបាំងបុរាណនៅតាមច្រកផ្លូវឌឿងហែមខ្វាត់ខ្វែង។

តំបន់ចាស់ (The Old Quarter) គឺជាចំណុចកណ្តាលសម្រាប់អ្នកទេសចរភាគច្រើន។ ខណ្ឌដែលអាចដើរបានយ៉ាងងាយស្រួលមួយនេះបានដើរតួជាមជ្ឈមណ្ឌលពាណិជ្ជកម្មអស់រយៈពេលពីរពាន់ឆ្នាំមកហើយ ហើយផ្លូវភាគច្រើននៅតែត្រូវបានដាក់ឈ្មោះតាមអ្វីដែលសិប្បករ និងជាងជំនាញដើមបានលក់នៅទីនោះ។ អំបិល សូត្រ ប្រាក់ ស្ពាន់ ឫស្សី និងឱសថបុរាណ សុទ្ធតែអាចស្វែងរកបាននៅលើផ្លូវផ្សារដែលមានឈ្មោះតាមមុខទំនិញទាំងនោះ។ «ផ្លូវ ៣៦» នៃតំបន់ចាស់ លាតសន្ធឹងចេញពីបឹងហ្វានគៀម (Hoan Kiem Lake) ជាកន្លែងដែលយុវវ័យជួបជុំគ្នា ហើយមនុស្សចាស់ហាត់ប្រាណនៅលើផ្លូវដើរដ៏ទូលំទូលាយចាប់តាំងពីរះព្រះអាទិត្យឡើង។

វប្បធម៌ប្រពៃណីរបស់ទីក្រុងហាណូយនៅតែបន្តរស់រវើកក្នុងទម្រង់ជាច្រើន ចាប់ពីម្ហូបអាហារ រហូតដល់សិល្បៈ។ ទស្សនាសោភ័ណភាពរោងកុនប្រពៃណីនៅការសម្តែងល្ខោនតុក្កតាទឹក ឬនៅរោងអូប៉េរ៉ា ដែលជាកន្លែងស្ថាបត្យកម្មបារាំងដ៏ស្កឹមស្កៃជួបជាមួយសិល្បៈទស្សនីយភាពវៀតណាមដ៏ជក់ចិត្ត។ ទោះបីជាមិនខ្វះភោជនីយដ្ឋានលំដាប់ខ្ពស់នៅក្នុងទីក្រុងហាណូយក៏ដោយ ប៉ុន្តែវានឹងជាការស្តាយក្រោយយ៉ាងខ្លាំង ប្រសិនបើអ្នករំលងវប្បធម៌ម្ហូបអាហារតាមចិញ្ចើមថ្នល់ដ៏សម្បូរបែប និងមានឱជារសរបស់ទីក្រុងហាណូយ។ 

ចាប់ផ្តើមថ្ងៃថ្មីដូចជាអ្នកស្រុកដើមដោយញ៉ាំហ្វើ (Phở) មួយចាន។ សម្រាប់ជនបរទេសភាគច្រើន ហ្វើបានក្លាយជាតំណាងឱ្យមុខម្ហូបវៀតណាមទាំងមូល ប៉ុន្តែមុខម្ហូបស៊ុបដ៏ពិសេសនេះត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងហាណូយ ហើយវាមានរសជាតិឆ្ងាញ់បំផុតនៅទីនេះដែលជាស្រុកកំណើតរបស់វា។ សម្រាប់អាហារថ្ងៃត្រង់ សូមអញ្ជើញទៅកាន់ហាងប៊ុនចា (bún chả) ដូចហាងដែលលោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោក អ៊ែនថូនី ប៊រដេន (Anthony Bourdain) ធ្លាប់បានពិសាជាមួយគ្នា។ កំពូលតារាទាំងពីររូបនេះប្រហែលជាបានធ្វើឱ្យមុខម្ហូបនេះល្បីល្បាញលើឆាកអន្តរជាតិ ប៉ុន្តែអ្នកក្រុងហាណូយបានរីករាយជាមួយមុខម្ហូបនំបញ្ចុកអាហារថ្ងៃត្រង់នេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់នំបញ្ចុកដែលគ្មានទឹកស៊ុប សូមសាកល្បង ប៊ុនបូណាំបូ (bún bò Nam Bộ)។ មុខម្ហូបនេះត្រូវបាននាំចូលមកកាន់ទីក្រុងហាណូយពីភាគខាងត្បូង (ឈ្មោះនេះបកប្រែចំៗថា «នំបញ្ចុកសាច់គោតំបន់ភាគខាងត្បូង») ប៉ុន្តែឥឡូវនេះវាត្រូវបានគេនិយមពិសាសម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាចនៅក្នុងរាជធានីមួយនេះ។ សម្រាប់បទពិសោធន៍ម្ហូបអាហារដ៏ពិតប្រាកដ សូមកុំរំលង ប៊ុនដៅម៉ាំតូម (bún đậu mắm tôm) ដែលជាមុខម្ហូបពិសេសតាមចិញ្ចើមថ្នល់បម្រើជូនជាមួយនឹងប្រហុកបង្គាម៉ាំដែលមានក្លិនឆ្ងាញ់ពិសារពិសេស។ 

ស្វែងយល់ សម្រាក និងកម្សាន្ត

ជំពូក 02 —

អាងសមុទ្រហាឡុង (Ha Long Bay)

(ធ្វើដំណើរ ៣ ម៉ោង)

អាងសមុទ្រហាឡុង (Ha Long Bay) គឺជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ដែលត្រូវបានការពារ ហើយត្រូវបានចាត់ទុកថាជាអច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយៈទាំងប្រាំពីរនៃពិភពលោក។ ជួរភ្នំថ្មកំបោរ និងថ្មផ្ទាំងដែលលេចធ្លោឡើងពីជើងមេឃត្រូវបានបង្កើតឡើងដោយសកម្មភាពសមុទ្រអស់រយៈពេល ២៥០ លានឆ្នាំមកហើយ ដោយបង្កើតបានជាកំពូលភ្នំចោទ និងរូងភ្នំដែលភាគច្រើនមិនទាន់មានមនុស្សប៉ះពាល់ឡើយ។ មានកោះជិត ២០០០ នៅក្នុងអាងសមុទ្រហាឡុង ដែលកោះមួយចំនួនតូចជាកន្លែងរស់នៅរបស់សហគមន៍នេសាទបណ្តែតទឹក ហើយភាគច្រើនបំផុតជាកោះគ្មានមនុស្សរស់នៅ និងជាជម្រកនៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ។

កោះកាតបា (Cat Ba) គឺជាកោះធំបំផុតនៅក្នុងតំបន់នេះ និងល្បីល្បាញបំផុត ដោយសារហេតុផលដ៏ត្រឹមត្រូវ។ លើសពីពាក់កណ្តាលនៃកោះនេះគឺជាឧទ្យានជាតិដែលបង្កើតឡើងដើម្បីការពារប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃនៃតំបន់នេះ ដូចជាប្រពន្ធផ្កាថ្ម និងព្រៃកោងកាងដែលសម្បូរទៅដោយរុក្ខជាតិ និងសត្វរាប់ពាន់ប្រភេទ។ ដើរកម្សាន្តកាត់ជួរភ្នំ ឬលោតទឹក មុជទឹកមើលផ្កាថ្ម និងជិះទូកកាយ៉ាក់ចន្លោះកោះនានា ដើម្បីស្វែងយល់ពីចំណុចល្អបំផុតនៃអាងសមុទ្រហាឡុង។

ស្វែងយល់ សម្រាក និងកម្សាន្ត

ជំពូក 03 —

ខេត្តនិញប៊ិញ (Ninh Bình)

ខេត្តនិញប៊ិញ (Ninh Binh) មានទីតាំងស្ថិតនៅចម្ងាយតិចជាង ១០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងហាណូយ ដែលជាចម្ងាយដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកកម្សាន្តចុងសប្តាហ៍។ និញប៊ិញ គឺជាឈ្មោះខេត្ត ព្រមទាំងជារាជធានី/ទីរួមខេត្តរបស់ខ្លួនផងដែរ ហើយទីក្រុងនេះបម្រើជាមូលដ្ឋានដ៏ល្អសម្រាប់ស្វែងយល់ពីផ្នែកផ្សេងទៀតនៃតំបន់នេះ។ ខេត្តនេះត្រូវបានគេស្គាល់នៅក្នុងស្រុកថាជា «អាងសមុទ្រហាឡុងលើគោក» ដោយសារតែជួរភ្នំថ្មកំបោរដែលលេចធ្លោនៅលើវាលស្រែ និងប្រាសាទបុរាណ។ តំបន់នេះត្រូវបានរុករកល្អបំផុតដោយការជិះទូក តាមបណ្តោយទន្លេដ៏ស្ប់ស្ងាត់ដែលបត់បែនកាត់រូងភ្នំ និងភ្នំដែលមានអាយុកាល ៣០,០០០ ឆ្នាំ។

ត្រាំងអាន និងតាមកុក គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតពីរក្នុងខេត្តនិញប៊ិញ ដោយសារទីតាំងនៅជិតតំបន់ធម្មជាតិព្រៃភ្នំពិតៗ ព្រមទាំងមានទេសភាពកសិកម្មដ៏ស្រស់ស្អាតប្លែកភ្នែក និងបូជនីយដ្ឋានប្រវត្តិសាស្ត្រ។ ត្រាំងអាន គឺជាទីតាំងនៃរាជធានីហ្វាលូ ដែលធ្លាប់ជារាជធានីនៃប្រទេសវៀតណាមក្នុងសតវត្សទី ១០ និងទី ១១ ក្នុងរជ្ជកាលរាជវង្សអធិរាជដំបូងបង្អស់របស់វៀតណាម។ នៅតាមកុក វាលស្រែពណ៌បៃតងខ្ចីដុះលូតលាស់នៅជើងភ្នំ។ តំបន់ទាំងពីរមានសេវាកម្មទស្សនាដោយទូកឆ្លងកាត់ប្រព័ន្ធរូងភ្នំរាប់សិបដែលតភ្ជាប់គ្នា ដោយអុំទូកកាត់តាមប្រជុំថ្មតក់ និងថ្មលូត ដែលលេចចេញដូចជាធ្មេញនៅតាមបណ្តោយដងទន្លេ។

ស្វែងយល់ សម្រាកកាយ និងកម្សាន្ត

ជំពូក 04 —

ម៉ៃចាវ

(២.៥ ម៉ោង)

ធ្វើដំណើរទៅកាន់ម៉ៃចាវដើម្បីទទួលបានបទពិសោធន៍ជនបទពិតប្រាកដនៃប្រទេសវៀតណាម ដែលមានចម្ងាយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះពីទីក្រុងហាណូយ ប៉ុន្តែមានវប្បធម៌ខុសប្លែកគ្នាយ៉ាងខ្លាំង។ ក្រុមជនជាតិភាគតិចចំនួនប្រាំពីរក្រុមផ្សេងគ្នារស់នៅក្នុងម៉ៃចាវ។ ជនជាតិថៃស និងថៃខ្មៅ គឺជាក្រុមជនជាតិដើមភាគតិចដែលមានចំនួនច្រើនជាងគេ។

ម៉ៃចាវ គឺជាតំបន់ទេសភាពនៃជួរភ្នំធំល្វឹងល្វើយដែលព័ទ្ធជុំវិញដោយផ្លូវដើររបស់កសិករដែលក្រឡែតកាត់តាមវាលស្រែ និងផ្ទះផុតពីដីរបស់អ្នកស្រុក។ ចំណាយពេលចុងសប្តាហ៍នៅក្នុងផ្ទះស្នាក់ (homestay) ដើម្បីស្រូបយកបទពិសោធន៍អាហារធ្វើនៅផ្ទះ និងជីវិតអ្នកភូមិដ៏សាមញ្ញ។ ភ្ញាក់ពីគេងជាមួយនឹងថ្ងៃរះ និងសំឡេងសត្វបក្សាយំ ហើយចំណាយពេលព្រឹក និងរសៀលជិះកង់ ឬដើរលេងកម្សាន្តជុំវិញភូមិ និងផ្ទះអ្នកស្រុកដ៏រាក់ទាក់។ គេងលក់យ៉ាងស្ប់ស្កល់ពីព្រលប់នៅក្នុងភាពងងឹតនៃជនបទ ជាមួយនឹងពន្លឺផ្កាយរះត្រដែតពេញមេឃ។

ការចំណាយពេលចុងសប្តាហ៍ដ៏លំហែកាយជាមួយរបៀបរស់នៅតាមជនបទគឺគ្រប់គ្រាន់ និងពេញលេញហើយ ប៉ុន្តែសម្រាប់អ្នកទេសចរដែលស្រឡាញ់ធម្មជាតិ អាចធ្វើដំណើរទៅខាងក្រៅក្រុងម៉ៃចាវបន្តិច ទៅកាន់តំបន់អភិរក្សធម្មជាតិពូឡឿង (Pu Luong) ដើម្បីដើរព្រៃកាត់តាមអូរ និងទឹកធ្លាក់ដែលអមដោយដើមឈើខៀវស្រងាត់។ បឹងហ្វាប៊ិញ (Hoa Binh) គឺជាជម្រើសដ៏ល្អមួយផ្សេងទៀត ដែលស័ក្តិសមបំផុតសម្រាប់ការជិះទូកកាយ៉ាក់លំហែកាយកន្លះថ្ងៃ។