សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

សេចក្តីណែនាំអំពីទេសចរណ៍ប្រកបដោយចីរភាព

ទេសចរណ៍គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយ។ វាបង្កើតការងារនិងប្រាក់ចំណូល បើកទូលាយទស្សនវិស័យលើវប្បធម៌ផ្សេងទៀត និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច រួមទាំងជនជាតិភាគតិចនិងអាជីវកម្មខ្នាតតូច។ ទាំងអស់នេះស្តាប់ទៅពិតជាល្អណាស់ មែនទេ? ប៉ុន្តែប្រសិនបើវាជាការពិត តើការអំពាវនាវឲ្យមានការធ្វើដំណើរដោយទទួលខុសត្រូវ ឬទេសចរណ៍ប្រកបដោយចីរភាពកើតចេញពីណា? ហើយតើពាក្យទាំងនេះមានន័យដូចម្តេច? សូមអានបន្តសម្រាប់សេចក្តីណែនាំសាមញ្ញអំពីអត្ថន័យនៃការធ្វើដំណើរប្រកបដោយចីរភាព និងរបៀបចាប់ផ្តើម។ 

មគ្គុទ្ទេសក៍ធ្វើដំណើរប្រកបដោយចីរភាព

ជំពូក 01 —

ហេតុអ្វីបានជាត្រូវធ្វើដំណើរប្រកបដោយចីរភាព

តម្រូវការកាន់តែច្រើនឡើងសម្រាប់ការធ្វើដំណើរប្រកបដោយចីរភាព កើតចេញពីកំណើនឥតដែនកំណត់នៃវិស័យទេសចរណ៍នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ទោះបីជាគំនិតដែលថាគ្រប់គ្នាចង់ធ្វើដំណើរស្តាប់ទៅល្អយ៉ាងណាក៏ដោយ នៅក្នុងការពិត កំណើនឥតមានការទប់ស្កាត់នៃវិស័យទេសចរណ៍ទៅកាន់គោលដៅណាមួយ អាចបង្កផលប៉ះពាល់ដល់វប្បធម៌ រចនាសម្ព័ន្ធសង្គម សត្វព្រៃ និងជីវចម្រុះ។ 

សូម្បីតែដោយមិនមានបំណងក៏ដោយ ក៏អ្នកធ្វើដំណើរយ៉ាងច្រើនជាញឹកញាប់នាំមកនូវផលប៉ះពាល់មិនចង់បានមកជាមួយពួកគេផងដែរ។ ការកកកុញមនុស្សច្រើនហួសប្រមាណ សំរាម កង្វះអនាម័យនិងទឹកស្អាត និងការខូចខាតដល់បរិស្ថានធម្មជាតិ គឺជាផលវិបាកទូទៅនៃការអភិវឌ្ឍទេសចរណ៍ឥតមានការទប់ស្កាត់។ ការកើនឡើងនៃកាកសំណល់ប្លាស្ទិក គឺជាផលប៉ះពាល់ដ៏លេចធ្លោមួយនៃទេសចរណ៍ហួសកម្រិតដែលអ្នកប្រហែលជាធ្លាប់បានជួបប្រទះក្នុងការធ្វើដំណើររបស់អ្នក។ ផលប៉ះពាល់ផ្សេងទៀត ដូចជាការកើនឡើងនៃកម្រិតកាបូន ជះឥទ្ធិពលក្នុងទម្រង់ដែលមើលមិនសូវឃើញច្បាស់ ប៉ុន្តែមានភាពបំផ្លិចបំផ្លាញស្មើគ្នា។

ទាំងឧស្សាហកម្មទេសចរណ៍ និងអ្នកធ្វើដំណើរផ្ទាល់ សុទ្ធតែមានការព្រួយបារម្ភអំពីការខូចខាតដល់ភពផែនដីរបស់យើង ហើយមានការជម្រុញចិត្តឲ្យធ្វើអ្វីមួយដើម្បីដោះស្រាយបញ្ហានេះ។ 

មគ្គុទ្ទេសក៍ធ្វើដំណើរប្រកបដោយចីរភាព

ជំពូក 02 —

ការស្វែងរកតុល្យភាព

ការយល់ដឹងកាន់តែច្រើនឡើងអំពីផលប៉ះពាល់នៃទេសចរណ៍នេះ បានបង្កើតឲ្យមានប្រភេទទេសចរណ៍ដែលមានការទទួលខុសត្រូវកាន់តែច្រើន ដូចជាទេសចរណ៍ជម្រើស ទេសចរណ៍ធម្មជាតិ ទេសចរណ៍ទទួលខុសត្រូវ និងទេសចរណ៍ប្រកបដោយចីរភាព។ អាជីវកម្មទាំងអស់នៅក្នុងប្រភេទទាំងនេះមានទស្សនៈក្នុងការបង្កើនផលប៉ះពាល់វិជ្ជមាននៃទេសចរណ៍ឲ្យដល់កម្រិតអតិបរមា និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឲ្យនៅកម្រិតអប្បបរមា។ អ្នកខ្លះជ្រើសរើសសង្កត់ធ្ងន់លើទិដ្ឋភាពបរិស្ថានវិទ្យា ចំណែកអ្នកផ្សេងទៀតដោះស្រាយបញ្ហាសង្គម-វប្បធម៌ ប៉ុន្តែចំណុចរួមគឺការអភិវឌ្ឍទេសចរណ៍ប្រកបដោយសុខដុមរមនាកាន់តែខ្លាំង។ 

គោលដៅគឺដើម្បីធានាថាភ្ញៀវទេសចរ ក៏ដូចជាសហគមន៍ម្ចាស់ផ្ទះរបស់ពួកគេ នឹងអាចរីករាយ និងទទួលបានផលប្រយោជន៍ពីរមណីយដ្ឋានទេសចរណ៍ ទាំងពេលបច្ចុប្បន្ន និងនាអនាគត។

វិធីសាស្ត្រនេះរក្សាតុល្យភាពផលប្រយោជន៍សេដ្ឋកិច្ច សង្គម-វប្បធម៌ និងបរិស្ថានវិទ្យារបស់អ្នកទេសចរ សហគមន៍មូលដ្ឋាន និងឧស្សាហកម្មទេសចរណ៍។ អ្វីទាំងនេះត្រូវបានគេស្គាល់ថាជា «សសរស្ដម្ភទាំងបីនៃទេសចរណ៍ប្រកបដោយចីរភាព» ដែលត្រូវបានគេហៅយ៉ាងទូលំទូលាយថា «ប្រជាជន ភពផែនដី និងប្រាក់ចំណេញ»។ «ប្រជាជន» សំដៅលើវប្បធម៌ និងសហគមន៍មូលដ្ឋាន «ភពផែនដី» តំណាងឲ្យបរិស្ថានធម្មជាតិ និង «ប្រាក់ចំណេញ» សំដៅលើចីរភាពសេដ្ឋកិច្ច។ សកម្មភាពទេសចរណ៍ប្រកបដោយចីរភាពដោះស្រាយសសរស្ដម្ភទាំងបីនេះ។

សកម្មភាពនៃឧស្សាហកម្មទេសចរណ៍ស្ថិតក្រោមជំពូក «ទេសចរណ៍ទទួលខុសត្រូវ» ខណៈដែលសកម្មភាពរបស់អ្នកទេសចរត្រូវបានគេហៅថា «ការធ្វើដំណើរដោយទទួលខុសត្រូវ»។ ពោលគឺ ទេសចរណ៍ទទួលខុសត្រូវ និងការធ្វើដំណើរដោយទទួលខុសត្រូវ គឺជាការបង្ហាញចេញរៀងៗខ្លួនរបស់ក្រុមហ៊ុនទេសចរណ៍ និងអ្នកទេសចរដែលមានការប្តេជ្ញាចិត្តចំពោះទេសចរណ៍ប្រកបដោយចីរភាព។

រៀបចំផែនការវិស្សមកាលប្រកបដោយចីរភាពនៅប្រទេសវៀតណាមជាមួយមគ្គុទ្ទេសក៍ធ្វើដំណើរព័រណ៌បៃតងរបស់យើង។

មគ្គុទ្ទេសក៍ធ្វើដំណើរប្រកបដោយចីរភាព

ជំពូក 03 —

ការធ្វើការជាមួយគ្នា

ទេសចរណ៍ប្រកបដោយចីរភាពតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យទេសចរណ៍។ ភាគីពាក់ព័ន្ធទាំងនេះរួមមាន ភ្នាក់ងាររដ្ឋាភិបាល ឧស្សាហកម្មទេសចរណ៍ និងអ្នកធ្វើដំណើរដូចជាអ្នកជាដើម។ តើវាដំណើរការយ៉ាងដូចម្តេចក្នុងការអនុវត្តជាក់ស្តែង?

នៅប្រទេសវៀតណាម រដ្ឋាភិបាលបានចែងអំពីចីរភាពនៅក្នុងច្បាប់ទេសចរណ៍ ជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស។ វាជាភារកិច្ចរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍគោលនយោបាយ និងច្បាប់ទេសចរណ៍ប្រកបដោយចីរភាព។ ច្បាប់ទាំងនេះនឹងត្រូវបានអនុវត្តដោយអាជ្ញាធរមូលដ្ឋាន រួមជាមួយវិស័យទេសចរណ៍ដែលមានកិច្ចសហប្រតិបត្តិការ។ ក្រៅពីគោលនយោបាយរដ្ឋាភិបាល សកម្មភាពប្រកបដោយការទទួលខុសត្រូវរបស់អ្នកធ្វើដំណើរ និងឧស្សាហកម្មទេសចរណ៍ មានឥទ្ធិពលយ៉ាងខ្លាំងលើអនាគតនៃគោលដៅទេសចរណ៍។

ការស្ទង់មតិបង្ហាញថា តម្រូវការសម្រាប់ការធ្វើដំណើរពណ៌បៃតង គឺជាការវិវត្តកើនឡើង។ ការស្ទង់មតិក៏បង្ហាញផងដែរថា វាមានការលំបាកសម្រាប់អ្នកធ្វើដំណើរក្នុងការទទួលបានព័ត៌មានត្រឹមត្រូវអំពីសហគ្រាសទេសចរណ៍ណាដែលធ្វើសកម្មភាពដោយទទួលខុសត្រូវ និងកំពុងអនុវត្តតាមគោលការណ៍សំខាន់ៗសម្រាប់ប្រតិបត្តិការប្រកបដោយចីរភាព។ គោលការណ៍សំខាន់ៗទាំងនេះរួមមាន ប្រសិទ្ធភាពថាមពលនិងទឹក ការគ្រប់គ្រងកាកសំណល់ ការការពារបរិស្ថាន និងលក្ខខណ្ឌការងារសមរម្យ។ អ្នកធ្វើដំណើរត្រូវមានព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាននេះយ៉ាងងាយស្រួល ដើម្បីពួកគេអាចធ្វើការជ្រើសរើសដោយផ្អែកលើការយល់ដឹងកំឡុងពេលរៀបចំផែនការវិស្សមកាល។

មគ្គុទ្ទេសក៍ធ្វើដំណើរប្រកបដោយចីរភាព

ជំពូក 04 —

តើត្រូវចាប់ផ្តើមពីណា

នៅប្រទេសវៀតណាម អ្នកធ្វើដំណើរត្រូវទាក់ទាញដោយធនធានវប្បធម៌ និងធម្មជាតិដ៏សម្បូរបែប ក៏ដូចជាបេតិកភណ្ឌពិភពលោកចំនួន ៨ ដែលចុះបញ្ជីដោយអង្គការ UNESCO។ អ្នកនឹងរីករាយដែលបានដឹងថា ក្រៅពីរមណីយដ្ឋានដ៏អស្ចារ្យ ប្រទេសវៀតណាមក៏ជាទីតាំងនៃក្រុមហ៊ុនជាច្រើនដែលផ្តល់ជូននូវផលិតផល និងសេវាកម្មទេសចរណ៍ផ្អែកលើគោលការណ៍នៃទេសចរណ៍ប្រកបដោយចីរភាព។

អ្នកអាចស្វែងរកក្រុមហ៊ុនវៀតណាមដែលអនុវត្តគោលការណ៍ទាំងនេះនៅលើទំព័រ ទេសចរណ៍ប្រកបដោយចីរភាព របស់យើង។ ឧទាហរណ៍ ក្រុមហ៊ុន Bhaya Cruises នៅឆកសមុទ្រ Ha Long បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រតិបត្តិការដោយទទួលខុសត្រូវ និងសម្អាតឆកសមុទ្រ ហើយ Mekong Rustic នៅ Can Tho គាំទ្រដល់សិប្បករ និងកសិករក្នុងស្រុកតាមរយៈការទស្សនាកម្សាន្តផ្អែកលើសហគមន៍ និងការស្នាក់នៅផ្ទះអ្នកស្រុក។ នៅក្នុងបញ្ជីនេះ អ្នកក៏នឹងឃើញប្រតិបត្តិករទេសចរណ៍ រីសតបែបធម្មជាតិ សណ្ឋាគារខ្នាតតូច & មធ្យម និងតំបន់ទាក់ទាញទេសចរណ៍ដែលមានប្រវត្តិជោគជ័យក្នុងការអនុវត្តសសរស្ដម្ភទាំងបីនៃចីរភាព៖ មនុស្ស ភពផែនដី និងប្រាក់ចំណេញ។

អ្នកក៏នឹងឃើញក្រុមហ៊ុនដែលផ្តល់ការយកចិត្តទុកដាក់បន្ថែមលើសសរស្ដម្ភមួយ ដូចជាធម្មជាតិ ឬសហគ្រាសសង្គមដែលផ្តោតលើមនុស្ស ដូចជាជនជាតិភាគតិច និងជនងាយរងគ្រោះ។ ជាចុងក្រោយ យើងបានបង្ហាញគម្រោងមួយចំនួនដែលត្រូវបានចាត់ទុកដោយច្បាស់លាស់ថាជាអាជីវកម្មប្រកបដោយចីរភាព ដូចជា Collective Memory Boutique នៅ Ha Noi ដែលលើកកម្ពស់សិល្បៈវៀតណាម និងផលិតផលពាណិជ្ជកម្មយុត្តិធម៌ពីសិប្បករ ភូមិ និងអ្នកធ្វើសិប្បកម្មនៅទូទាំងប្រទេស។ 

មគ្គុទ្ទេសក៍ទេសចរណ៍ប្រកបដោយចីរភាព

យើងសង្ឃឹមថាធនធាននេះផ្តល់ឱ្យអ្នកនូវចំណុចចាប់ផ្តើមសម្រាប់ស្វែងរកជម្រើសប្រកបដោយចីរភាពយ៉ាងសម្បូរបែបដែលប្រទេសវៀតណាមមាន ហើយបំផុសគំនិតអ្នកឱ្យមកកម្សាន្តវិស្សមកាលដោយរីករាយ និងមានការទទួលខុសត្រូវនៅទីនេះក្នុងពេលឆាប់ៗ។ 

ចង់បានគំនិតធ្វើដំណើរនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានរឿងរ៉ាវល្អៗបំផុតរបស់យើងនៅក្នុងប្រអប់សំបុត្ររបស់អ្នក។