សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

បទពិសោធន៍ធ្វើដំណើរកម្សាន្តតាមរថភ្លើងប្រណីតដ៏អស្ចារ្យបំផុតនៅភាគកណ្តាលនៃប្រទេសវៀតណាម

ពេលនិយាយអំពីបទពិសោធន៍ធ្វើដំណើរកម្សាន្តក្នុងក្ដីស្រមៃ ការធ្វើដំណើរតាមរថភ្លើងប្រណីត គឺជាជម្រើសដ៏អស្ចារ្យបំផុតមួយ។ ការធ្វើដំណើរតាមរថភ្លើង តែងតែមានបង្កប់នូវអារម្មណ៍នឹកអាឡោះអាឡៃ និងភាពរ៉ូមែនទិក រំលឹកដល់ពេលវេលាដ៏ស្ងប់ស្ងាត់ និងយឺតៗកាលពីអតីតកាល។ សំឡេងរថភ្លើងរត់លើផ្លូវដែក ចង្វាក់នៃការរំកិលខ្លួន និងការទស្សនាទេសភាពជនបទនាខាងក្រៅដោយលង់លក់ក្នុងអារម្មណ៍ សុទ្ធសឹងតែរួមចំណែកបង្កើតបានជាបទពិសោធន៍បែបបុរាណដែលមនុស្សតិចតួចណាស់មិនចង់ស្វែងយល់។ បន្ថែមពីលើនេះ ការទទួលទានអាហារដ៏មានរសជាតិឆ្ងាញ់ពិសារ ការបម្រើសេវាកម្ម និងបរិក្ខារលំដាប់ VIP នឹងធ្វើឱ្យអ្នកទៅដល់គោលដៅដោយអារម្មណ៍ស្រស់ថ្លា ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ និងទទួលបានការផុសផុលនូវគំនិតថ្មីៗ។

ប្រភព៖ thevietagetrain

តើអ្នកចង់សាកល្បងបទពិសោធន៍ជិះរថភ្លើងថ្នាក់ទីមួយឆ្លងកាត់ទេសភាពដ៏ស្រស់ស្អាតនៃភាគកណ្តាលនៃប្រទេសវៀតណាម ដោយមិនចាំបាច់សម្រាកនៅទីនោះមួយយប់ដែរឬទេ? ធ្វើដំណើរបកក្រោយត្រឡប់ទៅកាន់អតីតកាលនៅលើរថភ្លើង The Vietage ជារថភ្លើងប្រណីតដែលរត់រវាងគោលដៅឆ្នេរសមុទ្រដ៏ល្អបំផុតពីររបស់វៀតណាម គឺទីក្រុងដាណាំង និង ក្វីញ៉ន។

រថភ្លើងប្រណីត vietage

ជំពូក 01 —

The Vietage

ដោយចាប់ផ្តើមចេញដំណើរពីទីក្រុងដាណាំងនៅពេលព្រឹក និងត្រឡប់មកវិញនៅពេលល្ងាច ដំណើរដែលមានប្រវែង ៣១៨ គីឡូម៉ែត្រ (រយៈពេល ៦ ម៉ោង) នេះ នឹងនាំអ្នកធ្វើដំណើរតាមបណ្តោយផ្នែកខ្លះនៃ "ខ្សែរថភ្លើងបង្រួបបង្រួមជាតិ" ប្រវត្តិសាស្ត្ររបស់ប្រទេស ដោយឆ្លងកាត់ស្ថានីយ Tra Kieu, Tam Ky និង Quang Ngai។ នៅតាមផ្លូវ អ្នកនឹងបានទស្សនា និងកោតសរសើរចំពោះភាពស្រស់ស្អាតនៃភាគកណ្តាលនៃប្រទេសវៀតណាម ដោយមានវាលស្រែពណ៌បៃតងស្រស់ ភ្នំព្រៃឈើខៀវស្រងាត់ និងឆ្នេរសមុទ្រដ៏ភ្លឺផ្លេក។

ប្រភព៖ thevietagetrain

នៅពេលដែលទូរទស្សន៍ CNN បានរាប់បញ្ចូលការធ្វើដំណើរតាមរថភ្លើងនេះជាការធ្វើដំណើរតាមផ្លូវដែកដ៏អស្ចារ្យបំផុតទាំង ៦ នៅអាស៊ី ពួកគេបានរៀបរាប់ថា៖ "ទេសភាពមានភាពស្ងប់ស្ងាត់និងខៀវស្រងាត់៖ ក្របីស៊ីស្មៅក្នុងវាលស្រែដ៏ល្វឹងល្វើយ ភូមិឋានដ៏សាមញ្ញកន្លងផុតទៅ ហើយវាលស្រែពណ៌បៃតងដ៏ស្រស់បំព្រងទាក់ទាញចិត្តឱ្យថតរូប។"

រថភ្លើង The Vietage ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសណ្ឋាគារ Anantara ក្នុងឆ្នាំ ២០២០ ដែលដើមឡើយជាសេវាកម្មសម្រាប់ភ្ញៀវសណ្ឋាគាររបស់ខ្លួនក្នុងការធ្វើដំណើររវាងរមណីយដ្ឋានពីររបស់ពួកគេ គឺ Anantara Hoi An Resort និង Anantara Quy Nhon Villas ដែលជារមណីយដ្ឋានវីឡាជាប់ឆ្នេរសមុទ្រដាច់ដោយឡែកមានអាងហែលទឹកផ្ទាល់ខ្លួន។ តាមពិតទៅ The Vietage គឺជាទូរថភ្លើងមួយដែលត្រូវបានកែច្នៃឡើងវិញជាបន្ទប់កាប៊ីនប្រណីតដែលភ្ជាប់ជាមួយរថភ្លើងធម្មតា និងដំណើរការជារៀងរាល់ថ្ងៃនៃសប្តាហ៍។ ហើយវាបើកទូលាយសម្រាប់អ្នកគ្រប់គ្នាក្នុងការទស្សនាកម្សាន្ត មិនមែនត្រឹមតែភ្ញៀវរបស់ Anantara ប៉ុណ្ណោះទេ។ ភាពឯកជនត្រូវបានធានាយ៉ាងប្រាកដ ដោយសារចំនួនអ្នកដំណើរត្រូវបានកម្រិតត្រឹម ១២ នាក់ក្នុងបន្ទប់កាប៊ីនឌុបចំនួន ៦ ដោយមានធានាកៅអីជិតបង្អួច។

ប្រភព៖ thevietagetrain

រថភ្លើងប្រណីត vietage

ជំពូក 02 —

ការបម្រើសេវាកម្មកម្រិត VIP

អ្នកនឹងត្រូវបានទទួលស្វាគមន៍នៅលើផ្លាតហ្វមជាមួយនឹងភេសជ្ជៈស្វាគមន៍ ហើយត្រូវបានបម្រើដូចជាក្សត្រក្នុងអំឡុងពេលធ្វើដំណើរទាំងមូល។ ចំពោះតម្លៃសំបុត្ររបស់អ្នក អ្នកក៏ទទួលបានភេសជ្ជៈដោយឥតគិតថ្លៃមិនកំណត់ (រួមមានស្រាទំពាំងបាយជូរ ស្រាបៀរ សាំប៉ាញ ភេសជ្ជៈកំប៉ុង ម៉កតែល ខុកតែល តែ ឬកាហ្វេ) ការម៉ស្សាក្បាល និងក ជាមួយនឹងទិដ្ឋភាពតាមបង្អួច ព្រមទាំងអាហារ ៣ មុខដ៏មានរសជាតិឆ្ងាញ់ដែលទទួលបានគំនិតច្នៃប្រឌិតពីម្ហូបបារាំង និងវៀតណាម។ អាហារសម្រន់ប្រណីតៗ ដូចជាសាំប៉ាញ ពងត្រីកាវអ៊ែ (caviar) ថ្លើមទា (foie gras) និងឈីសចម្រុះប្រណីតៗ គឺមានរៀបចំជូនប្រសិនបើអ្នកកុម្ម៉ង់ទុកមុន។ លើសពីនេះ គ្រឿងផ្សំជាច្រើនគឺជាផលិតផលពិសេសដែលរកបាននៅក្នុងស្រុក។ ដូចជាម្រេចមកពីកោះ Phu Quoc ខ្ទឹមបារាំងមកពីកោះ Ly Son ជាដើម។

ប្រភព៖ thevietagetrain

ហើយអ្វីៗទាំងអស់នេះកើតឡើងនៅក្នុងបរិយាកាសដ៏ស្រស់ស្អាត និងទូលំទូលាយ។ ការរចនាខាងក្នុងបែបឈើ Art Deco រំលឹកដល់សម័យអាណានិគម ដោយមានក្រឡាពណ៌ការ៉ាមែល និងរបាំងផ្តៅបន្ថែមនូវភាពស៊ីសង្វាក់គ្នាយ៉ាងស្ងប់ស្ងាត់ដល់សោភ័ណភាព។ កៅអីនៅក្នុងបន្ទប់កាប៊ីនឯកជនអាចបំប្លែងទៅជាគ្រែបាន សម្រាប់អ្នកដែលចង់សម្រាកមួយភ្នែក។ មានបាររាងក្រចកសេះដ៏ទាន់សម័យ ជាមួយនឹងទូផ្ទុកស្រាទំពាំងបាយជូរ និងតុធ្វើពីថ្មម៉ាប ដែលភេសជ្ជៈមានគុណភាពខ្ពស់ត្រូវបានបម្រើយ៉ាងមានរចនាបថ។ ធ្វើដំណើរសារជាជាមួយកុមារមែនទេ? មានម៉ឺនុយអាហារសម្រាប់កុមារ ព្រមទាំងសកម្មភាពសប្បាយៗដើម្បីឱ្យពួកគេកម្សាន្តអារម្មណ៍នៅតាមផ្លូវ។