ភូកុក (Phu Quoc) ប្រហែលជាល្បីល្បាញបំផុតដោយសារឆ្នេរសមុទ្រខ្សាច់សដ៏វែងអន្លាយ តែភាពសម្បូរបែបនៃបទពិសោធន៍ជាច្រើននៅលើកោះនេះទៅវិញទេ ដែលធ្វើឱ្យទីនេះក្លាយជាគោលដៅវិស្សមកាលដ៏ស័ក្តិសមបំផុត។ អ្នកស្រឡាញ់ធម្មជាតិអាចជ្រើសរើសទស្សនាឧទ្យានជាតិ និងសកម្មភាពទេសចរណ៍ធម្មជាតិដែលការពារដោយអង្គការ UNESCO អ្នកចូលចិត្តការផ្សងព្រេងអាចរីករាយជាមួយនឹងកីឡាលើទឹកជាច្រើនប្រភេទ ហើយកោះធម្មជាតិចំនួន ២១ ផ្សេងទៀតនៃប្រជុំកោះភូកុកគឺស្ថិតនៅត្រឹមតែការជិះទូកមួយភ្លែតប៉ុណ្ណោះ ដោយរង់ចាំអ្នកមកស្វែងយល់។
ជំពូក 01 —
១. ឆ្នេរសមុទ្រ
ជាមួយនឹងឆ្នេរសមុទ្រប្រវែង ១៥០ គីឡូម៉ែត្រ អ្នកអាចចំណាយពេលជារៀងរាល់ថ្ងៃនៅភូកុកនៅលើឆ្នេរខុសៗគ្នា។ ឆ្ពោះទៅទិសខាងកើតទៅកាន់ឆ្នេរ បាយសៅ (Bai Sao) ដ៏ស្រស់ស្អាតដូចរូបថតប៉ូស្ដាល់ ដើម្បីសាកល្បងកីឡាលើទឹកដូចជាការជិះក្តារខ្យល់ ឬជិះម៉ូតូទឹក (jet skiing)។ ឆ្ពោះទៅទិសខាងលិចសម្រាប់ហាងកាហ្វេ ក្លឹប និងទស្សនាថ្ងៃលិចនៅឆ្នេរឡុងប៊ីច (Long Beach)។ នៅទិសខាងជើង មានឆ្នេរ ហ្គាញ់ដាវ (Ganh Dau) ដ៏ស្ងប់ស្ងាត់ ដែលមានភាពឯកជនដោយសារជួរភ្នំគ្របដណ្តប់ដោយព្រៃឈើ។ ឆ្នេរភាគខាងត្បូងល្អៗបំផុតគឺរាយប៉ាយពេញប្រជុំកោះដែលមានកោះចំនួន ២២ ហើយអាចធ្វើដំណើរទៅដល់តាមរយៈទូក។
ជំពូក 02 —
២. សមុទ្រស្អាត ទឹកថ្លាឆ្វង់
ឆ្នេរសមុទ្រមានភាពស្រស់ស្អាតស្រាប់ទៅហើយ ប៉ុន្តែសមុទ្រជុំវិញកោះភូកុកមានការទាក់ទាញដោយឡែកមួយទៀត។ ទឹកសមុទ្រនៅទីនេះមានរលកស្ងប់ស្ងាត់ និងថ្លាដូចកញ្ចក់ពណ៌បៃតង។ កោះជាច្រើននៅក្នុងប្រជុំកោះនេះត្រូវបានព័ទ្ធជុំវិញដោយប្រព័ន្ធផ្កាថ្មដ៏ក្រាស់ និងចម្រើនលូតលាស់យ៉ាងល្អ ទាំងប្រភេទផ្កាថ្មទន់ និងផ្កាថ្មរឹង។ ទឹកសមុទ្រដ៏បរិសុទ្ធ និងថ្លាឆ្វង់នេះគឺប្រៀបដូចជាបង្អួចមើលទៅកាន់ពិភពក្រោមទឹកដែលមានពណ៌ស្រស់ឆើតឆាយ ធ្វើឱ្យភូកុកក្លាយជាកន្លែងដ៏ល្អបំផុតមួយនៅក្នុងប្រទេសវៀតណាម ដើម្បីសាកល្បងកីឡាលើទឹក និងសកម្មភាពក្រោមទឹកដូចជាការមុជទឹកមើលផ្កាថ្ម (snorkeling និង diving)។
ជំពូក 03 —
៣. អ្នកស្រឡាញ់ធម្មជាតិ
ច្រើនជាងពាក់កណ្តាលនៃកោះភូកុកត្រូវបានការពារជាតំបន់ជម្រកជីវមណ្ឌល UNESCO។ ដើរភ្នំឆ្លងកាត់ឧទ្យានជាតិភូកុក ដើម្បីជ្រមុជខ្លួនអ្នកនៅក្នុងធម្មជាតិលើគោក ឬជិះទូកដើម្បីទទួលបទពិសោធន៍នៅតំបន់ការពារសមុទ្រ UNESCO។ ប្រសិនបើអ្នកចង់បានបទពិសោធន៍ដែលប្រឈមជាងនេះ អ្នកអាចឡើងទៅកាន់កំពូលភ្នំមួយនៃជួរភ្នំដែលរត់ពីត្បូងទៅជើងដូចជាឆ្អឹងខ្នងឆ្លងកាត់ឧទ្យាន។ ប្រសិនបើអ្នកមិនចង់ប្រើកម្លាំងបាយខ្លាំង អ្នកក៏មិនបាត់បង់ឱកាសដែរ -- ទឹកធ្លាក់ សួយត្រាញ់ (Suoi Tranh Waterfall) អាចទៅដល់បានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីក្លោងទ្វារឧទ្យាន។
ជំពូក 04 —
៤. សម្រាប់អ្នកចូលចិត្តអាហារ
កោះភូកុកល្បីល្បាញលើពិភពលោកខាងទឹកត្រី និងអាហារសមុទ្រ។ ទស្សនាផ្សាររាត្រីភូកុកដ៏មមាញឹក ដើម្បីភ្លក្សរសជាតិមុខម្ហូបអាហារសមុទ្រឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដែលមុខម្ហូបជាច្រើនជាមេកានិងរូបមន្តពិសេសប្រចាំតំបន់ មានតែនៅលើកោះភូកុកប៉ុណ្ណោះ។ អ្នកចូលចិត្តអាហារមិនអាចរំលងទឹកត្រីភូកុកបានឡើយ។ ចូលរួមទស្សនារោងចក្រផលិត ដើម្បីស្វែងយល់ពីការផលិតរតនសម្បត្តិដែលគេទទួលស្គាល់ជាអន្តរជាតិនេះ ព្រមទាំងភ្លក្សរសជាតិប្រភេទផ្សេងៗគ្នា ដូចជាអ្នកជំនាញភ្លក្សស្រាស្រង់រសជាតិត្រីកាតាំងសង្កត់។
ជំពូក 05 —
៥. ភូកុកកម្រិតប្រាំផ្កាយ៖ រីសតប្រណីតៗ
ការស្នាក់នៅក្នុងកន្លែងស្នាក់នៅដ៏ប្រណីតផ្តល់នូវតុល្យភាពយ៉ាងល្អជាមួយនឹងការផ្សងព្រេង ហើយភូកុកមានរីសតប្រណីតៗកម្រិតពិភពលោកយ៉ាងសម្បូរបែប។ បញ្ចេញកម្លាំងដើរភ្នំ និងហែលទឹកនៅពេលថ្ងៃ រួចត្រឡប់មកវិញទទួលសេវាកម្មស្ប៉ាក្បែរអាងហែលទឹក និងស្រាក្រឡុកដ៏ឥតខ្ចោះដែលរៀបចំដោយអ្នកក្រឡុកស្រាជំនាញនៅបារកម្រិតខ្ពស់។ ភូកុកបានធ្វើជាម្ចាស់ផ្ទះនៃពិធី Gala Ceremony សម្រាប់ពានរង្វាន់ World Travel Awards ក្នុងឆ្នាំ ២០១៩ ហើយរីសតនៅលើកោះនេះបានឈ្នះពានរង្វាន់អន្តរជាតិសម្រាប់រចនាប័ទ្ម និងសេវាកម្មកម្រិតពិភពលោក។
ជំពូក 06 —
៦. ការធ្វើដំណើរយ៉ាងងាយស្រួល
វាមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ភូកុកពីក្នុងប្រទេសវៀតណាម និងពីបរទេស។ ជើងហោះហើរផ្ទាល់និងខ្លីៗរាប់សិបជើងចេញជារៀងរាល់ថ្ងៃពីទីក្រុងហូជីមិញ ហាណូយ កឹងថើ (Can Tho) និងដាណាំង (Da Nang)។ ប្រសិនបើអ្នកចង់ធ្វើដំណើរតាមផ្លូវទឹកដើម្បីទស្សនាទេសភាព នោះមានកាណូតចម្លងជារៀងរាល់ថ្ងៃចេញពី រ៉ាចយ៉ា (Rach Gia) និង ហាទៀន (Ha Tien)។
សូមកុំបារម្ភអំពីឯកសារផ្លូវការអី។ អ្នកទេសចរមកពីគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការ (វីសា) រយៈពេល ៣០ ថ្ងៃដោយឥតគិតថ្លៃដើម្បីធ្វើដំណើរទៅកាន់ភូកុក។
ជំពូក 07 —
៧. ការផ្សងព្រេង និងសកម្មភាពផ្សេងៗ
កោះភូកុកគឺជាគោលដៅកំពូលរបស់ប្រទេសវៀតណាមសម្រាប់កីឡាលើទឹក ដូច្នេះអ្នកស្វែងរកការផ្សងព្រេងគួរតែឆ្ពោះទៅកាន់ឆ្នេរសមុទ្រដោយផ្ទាល់ ដើម្បីជ្រើសរើសកីឡាលើទឹកជាច្រើនប្រភេទដូចជា ការជិះក្តារខ្យល់ (windsurfing) ជិះក្តារខ្លែង (kitesurfing) ឬជិះម៉ូតូទឹក (jet skiing)។ ប្រសិនបើ "ធម្មជាតិស្ងប់ស្ងាត់" ត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នកជាង ការជិះទូកកាយ៉ាក់ (kayaking) គឺជាជម្រើសដ៏រំភើបមួយផ្សេងទៀត។ សម្រាប់ការហាត់ប្រាណដែលផ្តល់អារម្មណ៍ដូចជាការសម្រាកកាយយ៉ាងពិតប្រាកដ អ្នកអាចចំណាយពេលវាយកូនហ្គោលនៅទីលានវាយកូនហ្គោល។
ជិះកន្ត្រកខ្សែកាបប្រវែង ១៥ គីឡូម៉ែត្រទៅកាន់កោះហនថម (Hon Thom) ដើម្បីលេងស្លាយនិងឧបករណ៍កម្សាន្តនៅឧទ្យានទឹក បន្ទាប់មកធ្វើដំណើរកម្សាន្តឆ្លងកាត់ សាហ្វារី (Safari) វិញនៅលើកោះធំ។ ឧទ្យានសត្វនេះធំបំផុតនៅក្នុងប្រទេស ដោយធ្វើការងារអភិរក្សដ៏សំខាន់ដើម្បីការពាររុក្ខជាតិ និងសត្វរាប់រយប្រភេទ រួមទាំងប្រភេទកម្រ និងកំពុងរងការគំរាមកំហែងផងដែរ។
ជំពូក 08 —
៨. ជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់
ប្រសិនបើអ្នកចង់យល់ដឹងពីរបៀបរស់នៅរបស់ប្រជាជនក្នុងស្រុក ចំណាយពេលខ្លះជ្រមុជខ្លួននៅក្នុងឧស្សាហកម្មនេសាទ និងកសិកម្ម ដែលជាសសរទ្រទ្រង់សេដ្ឋកិច្ចដ៏ពិតប្រាកដរបស់កោះនេះ។ ចូលទស្សនាភូមិអ្នកនេសាទដូចជា Ham Ninh ដែលនៅទីនោះអ្នកនេសាទប្រមូលផលត្រីស្រស់ៗនៅពេលអរុណរះ និងព្រលប់ ហើយទូកចតផ្ទេរកសិផល និងស្បៀងអាហារពីដីគោកនៃប្រទេសវៀតណាមមកលើកំពង់ផែ។ ប្រសិនបើអ្នកចង់សាកល្បងបទពិសោធន៍ជីវិតនៅក្នុងសហគមន៍នេសាទជំនួសឱ្យការគ្រាន់តែសង្កេតមើល អ្នកអាចឡើងជិះទូកស្ទូចមឹកជាមួយមគ្គុទ្ទេសក៍ ហើយមើលថាតើអ្នកអាចស្ទូចអាហារពេលល្ងាចសម្រាប់ខ្លួនឯងបានដែរឬទេ។
ជំពូក 09 —
9. ប្រវត្តិសាស្ត្រ និងវប្បធម៌
ប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ និងរស់រវើកនៃកោះភូកុក (Phu Quoc) អាចសិក្សាបានតាមរយៈវិមាននានាដូចជា គុក Coconut Tree ដែលការរក្សាទុកនូវការចងចាំនៃសង្គ្រាមផ្តល់ជាបរិបទដល់បច្ចុប្បន្នកាល។ ប្រសិនបើប្រវត្តិសាស្ត្រមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកទេ នោះអ្នកអាចឈានជើងចូលទៅកាន់ភាពស្ងប់ស្ងាត់ជំនួសវិញ។ ពុះពារកាំជណ្តើរ ២២២ កាំ ទៅកាន់កំពូលវត្ត Ho Quoc ដើម្បីទស្សនាទិដ្ឋភាពទូទៅនៃមហាសមុទ្រ និងព្រៃឈើនៅពេលព្រះអាទិត្យរះ។ បញ្ចប់ថ្ងៃនៅឯជ្រោយ Dinh Cau ដែលមានកាំជណ្តើរត្រឹមតែ ២៩ កាំ ប៉ុណ្ណោះដើម្បីឡើងទៅកាន់អាស្រម ដែលជាកន្លែងទេពធីតាសមុទ្រតាមថែរក្សាអ្នកនេសាទ។
ជំពូក 10 —
10. ការដើរកម្សាន្តតាមកោះ
ដូចជាមិនទាន់មានសកម្មភាពគ្រប់គ្រាន់ត្រូវធ្វើនៅលើកោះភូកុក (Phu Quoc) ផ្ទាល់ នៅក្នុងប្រជុំកោះភូកុកនៅមានកោះ ២១ ផ្សេងទៀត ដែលកោះនីមួយៗមានលក្ខណៈពិសេស និងប្រព័ន្ធអេកូឡូស៊ីប្លែកៗរៀងៗខ្លួន។ ដោយសារកោះជាច្រើនក្នុងចំណោមកោះទាំងនោះគ្មានមនុស្សរស់នៅទាល់តែសោះ កោះទាំងនេះគឺជាកន្លែងដ៏ល្អបំផុតមួយចំនួនដើម្បីស្វែងរកធម្មជាតិពិតៗ។ ចាប់អារម្មណ៍មើលអណ្តើកសមុទ្រពណ៌បៃតង ឬអណ្តើកស្រកា ដែលជួនកាលមកពងកូននៅទីនេះ!

