ប្រសិនបើក្ដីស្រឡាញ់គឺជាពាក្យដែលមានប្រាំតួអក្សរ ហើយមិនពេញលេញទេបើគ្មានរូបអ្នក នោះប្រទេសវៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពរ៉ូមែនទិកពីធម្មជាតិសម្រាប់គូស្នេហ៍ផ្អែមល្ហែម ហើយតំបន់ផ្សេងៗគ្នាផ្តល់នូវរសជាតិនៃក្ដីស្រឡាញ់ខុសៗគ្នា។
នៅភាគកណ្ដាលនៃប្រទេស ក្រុងហ្វេ (Hue) និងហូយអាន (Hoi An) មានស្នេហ៍បេតិកភណ្ឌដ៏ទាក់ទាញ។ ផលិតផលសិប្បកម្ម និងស្នាដៃធ្វើដោយដៃ ការច្នៃប្រឌិតផ្នែកម្ហូបអាហារ និងស្ថាបត្យកម្មបុរាណ កំពុងរង់ចាំគូស្នេហ៍ដែលចង់ចេះចង់ដឹង និងស្វែងរកវប្បធម៌ និងភាពអាថ៌កំបាំង។
នៅភាគខាងជើង កសិកម្មជនជាតិដើមភាគតិចនៅសាប៉ា (Sa Pa) លាតសន្ធឹងតាមជម្រាលភ្នំដូចជារលកពណ៌បៃតង និងគ្រាប់ធញ្ញជាតិពណ៌មាស។ តំបន់ខ្ពង់រាបដាឡាត (Da Lat) ផ្តល់ជូននូវកូនភ្នំប្លែកអារម្មណ៍មួយបែបទៀត៖ អ័ព្ទ និងចម្ការតែ អាកាសធាតុត្រជាក់សមស្របសម្រាប់ការឱបក្រសោប និងឧទ្យានដ៏កោងកាងដែលរីកដុះដាលដោយបាច់ផ្កាចម្រុះពណ៌ដូចឥន្ធនូ។
នៅទាំងចុងខាងជើង និងចុងខាងត្បូងបំផុតនៃប្រទេស កោះត្រូពិចដូចជា ភូក្វុក (Phu Quoc) និង Cat Ba ក្បែរឆកសមុទ្រ Ha Long កំពុងរង់ចាំសម្រាប់ការរត់តាមគ្នារៀបការ និងការភ្ជាប់ពាក្យ។ ខ្សាច់ពណ៌សនៃប្រជុំកោះ ការឃ្លាតឃ្លាតស្ងប់ស្ងាត់នៃទូកទេសចរណ៍ និងសមុទ្រខៀវស្រងាត់ដ៏ល្វឹងល្វើយ សុទ្ធតែប្រគល់ខ្លួនជូនគូស្នេហ៍ជាអង្រឹងនៃក្ដីស្រឡាញ់។
វាអាចទៅរួចក្នុងការចំណាយពេលរាប់សប្តាហ៍ ឬរាប់ខែដើម្បីធ្លាក់ក្នុងអន្លង់ស្នេហ៍នៅ (និងជាមួយ) ប្រទេសវៀតណាម។ ខាងក្រោមនេះជាគោលដៅរ៉ូមែនទិកបំផុតទាំងប្រាំមួយរបស់វៀតណាម សម្រាប់វិស្សមកាលខ្លី ឬការដើរកម្សាន្តក្រេបទឹកឃ្មុំ។
ជំពូក 01 —
ដាឡាត
មានហេតុផលល្អដែល ដាឡាត ត្រូវបានគេហៅថាជា "ទីក្រុងនៃរដូវផ្ការីកអមតៈ"។ វាជាជម្រកអាកាសធាតុសមរម្យឆ្ងាយពីអាកាសធាតុតំបន់ក្តៅរបស់វៀតណាម ជាទីក្រុងនៃផ្កានិងគូស្នេហ៍ក្រេបទឹកឃ្មុំ ខ្យល់អាកាសបរិសុទ្ធ ទឹកធ្លាក់ស្រស់ស្អាត និងបឹងដ៏ស្រស់បំព្រង។
ភូមិគ្រឹះ និងវីឡាដែលសាងសង់ដោយជនជាតិបារាំង ត្រូវបានផ្លាស់ប្តូរទៅជាផ្ទះសំណាក់ដែលមើលឃើញទិដ្ឋភាពភ្នំ និងជ្រលងភ្នំ។ ជិះកង់ – កង់ជិះពីរនាក់ប្រហែលជាល្អទេ? – ដើម្បីធាក់កាត់បឹងស្ងប់ស្ងាត់ និងផ្លូវលម្អដោយផ្កាយ៉ាងមានកំណាព្យ។ បឹង Xuan Huong ស្ថិតនៅចំកណ្តាលទីក្រុង និងផ្តល់ជូននូវទិដ្ឋភាពថ្ងៃលិចយ៉ាងអស្ចារ្យ។ វាគ្រាន់តែជាដំណើរជិតៗទៅកាន់បឹង Tuyen Lam ដែលជាបឹងទឹកសាបដ៏ស្អាតបំផុតមួយនៅតំបន់ខ្ពង់រាប។ ទីក្រុងនៃផ្ការាប់ពាន់ប្រភេទនេះ ក៏ជាកន្លែងដ៏ល្អប្រសើរសម្រាប់ទេសចរណ៍សុខភាព និងការលំហែកាយផងដែរ។
ទីក្រុងនេះមានផ្ការីកគ្រប់ពេលវេលា។ សួនផ្កាគ្របដណ្តប់គ្រប់ច្រកល្ហក ដាំដុះជាជួរឥតឈប់ឈរនៅក្នុងឧទ្យានសាធារណៈដ៏ធំល្វឹងល្វើយ។ ឧទ្យានមួយក្នុងចំណោមឧទ្យានទាំងនេះត្រូវបានគេហៅថា ជ្រលងភ្នំនៃក្ដីស្រឡាញ់ (Valley of Love) ដែលឈ្មោះរបស់វាទទួលបានពីភាសាបារាំង “Vallee d’Amour”។ ឧទ្យាននេះត្រូវបានបង្កើតឡើងសម្រាប់គូស្នេហ៍យ៉ាងពិតប្រាកដ។ ដើរកាន់ដៃគ្នាកាត់រូបចម្លាក់ និងវាលផ្កាឡាវ៉េនឌ័រ តម្រង់ទៅកាន់ផ្លូវឡើងភ្នំ Vong Canh ដែលក្រាស់ក្រៃដោយព្រៃស្រល់។ ដើរតាមកាំជណ្តើរ ឬឡើងទៅដល់កំពូល ដើម្បីមើលជ្រលងភ្នំបង្ហាញពណ៌ចម្រុះយ៉ាងរស់រវើកទល់នឹងផ្ទៃមេឃស្រឡះនៃដាឡាត។
ជំពូក 02 —
ភូក្វុក
ភូក្វុក គឺជាគោលដៅដើរកម្សាន្តក្រេបទឹកឃ្មុំដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។ វាជាកោះធំបំផុតនៅក្នុងប្រទេស ដែលមានឆ្នេរសមុទ្រចម្រុះព័ទ្ធជុំវិញឧទ្យានជាតិដែលការពារដោយអង្គការ UNESCO។ សកម្មភាពរ៉ូមែនទិកគ្រប់បែបយ៉ាងអាចស្វែងរកបាននៅទីនេះ។
ចំណាយពេលថ្ងៃដ៏ស្រស់បំព្រង និងល្ងាចពណ៌ផ្កាឈូកដើរលេងកម្សាន្តតាមឆ្នេរសមុទ្រស្ងប់ស្ងាត់ ឬអ៊ូអរ – គ្រាន់តែផ្លាស់ប្តូរឆ្នេរឱ្យត្រូវតាមបរិយាកាសដែលអ្នកចង់បាន។ ជីវិតរាត្រីតាមឆ្នេរសមុទ្រ និងរ៉េស៊ីដង់រវីរវៃកម្រិតស៊េរីខ្ពស់កំពុងរង់ចាំគូស្នេហ៍ដែលត្រូវការការថែទាំយ៉ាងស្រួល និងការជប់លៀង។ ស្វែងរកកន្លែងខ្សាច់ដែលព័ទ្ធជុំវិញដោយជ្រលងថ្មដើម្បីភាពស្ងប់ស្ងាត់ និងឯកជនភាព ដោយគ្មានអ្វីក្រៅពីទឹករលកធ្វើជាតន្ត្រី និងមិត្តភក្តិកំដរ។ គ្រឿងសមុទ្រស្រស់ៗមានយ៉ាងសម្បូរបែប និងមានតម្លៃសមរម្យ ដូច្នេះការញ៉ាំអាហារដ៏ប្រណីតអាចរកបាននៅលើតុគ្របក្រណាត់ស ឬនៅក្នុងខ្ទមតូចៗនៃភូមិអ្នកនេសាទ។
ប្រភព៖ អ៊ីនធឺណិត
ជួលម៉ូតូដើម្បីផ្សងព្រេងកាត់តាមទេសភាព ជាមួយល្បឿនបន្តិចបន្តួច និងសក់បក់តាមខ្យល់។ ផ្នែកភាគច្រើននៃឧទ្យានជាតិដែលលាតសន្ធឹងលើសពីពាក់កណ្តាលនៃកោះ អាចរុករកបានតាមរយៈយានយន្តកង់ពីរ ដោយមិនខ្វះកន្លែងទស្សនាទេសភាពឡើយ។ ប៉ុន្តែអ្នកស្នេហាធម្មជាតិពិតប្រាកដគួរតែរុករកដោយថ្មើរជើង – មានការដើរព្រៃជាច្រើនថ្ងៃដែលត្រូវធ្វើនៅទីនេះ ដែលស័ក្តិសមសម្រាប់កម្រិតកាយសម្បទាគ្រប់បែបយ៉ាង។ ផ្លូវដើរទាំងអស់ព័ទ្ធជុំវិញទឹកធ្លាក់ រូងភ្នំ និងព្រៃកាលដើមចម្បង ដោយផ្ទុកនូវប្រព័ន្ធអេកូឡូស៊ីពោរពេញទៅដោយជីវិតរុក្ខជាតិ និងសត្វ។
ជំពូក 03 —
សាប៉ា
ស្ថិតនៅភាគពាយ័ព្យនៃប្រទេសវៀតណាម ចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រពីហាណូយ សាប៉ា គឺជាគោលដៅល្បីល្បាញលើពិភពលោកយ៉ាងពិតប្រាកដសម្រាប់អ្នកទេសចរដែលស្វែងរកការផ្សងព្រេងដែលងាយស្រួលទៅដល់ និងការដើរព្រៃបែបវប្បធម៌ដ៏រំភើបសម្រាប់គូស្នេហ៍។ ទីក្រុងសាប៉ាផ្ទាល់មិនសូវជាមានអ្វីលេចធ្លោទេ – គឺទេសភាពធម្មជាតិនេះឯងដែលស័ក្តិសមនឹងការធ្វើដំណើរ – ប៉ុន្តែយ៉ាងណាក៏ដោយ វាជាមូលដ្ឋានដ៏អស្ចារ្យសម្រាប់ការរុករក។ ស្នាក់នៅក្នុងផ្ទះសំណាក់សហគមន៍ (homestay) ដែលគ្រប់គ្រងដោយគ្រួសារជនជាតិដើមភាគតិច សម្រាប់បទពិសោធន៍ដ៏ពិតប្រាកដ។ កន្លែងភាគច្រើនទាំងនេះស្ថិតនៅតាមជួរភ្នំក្រៅទីក្រុង ហើយថ្ងៃរះនាពេលព្រឹកព្រលឹមនាំមកនូវសេចក្តីសន្យានៃថ្ងៃមួយនៅក្នុងធម្មជាតិដ៏ស្ងប់ស្ងាត់ឆ្ងាយ។
គូស្នេហ៍ដែលចូលចិត្តការផ្សងព្រេង គួរតែពិចារណាលើការដើរឡើងភ្នំហ្វានស៊ីប៉ង់ (Fansipan) ដែលជាភ្នំខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍។ ទិដ្ឋភាពពីលើអាកាសផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃស្មើនឹងការដើរឡើងភ្នំផ្ទាល់។ អ្នកដើរភ្នំនឹងទទួលបាននូវការជ្រមុជខ្លួនក្នុងធម្មជាតិជាច្រើនម៉ោង ទស្សនីយភាពដ៏ស្រស់ស្អាតអស្ចារ្យពីកំពូលភ្នំ និងចំណងមិត្តភាពក្នុងការជម្នះបញ្ហាប្រឈមជាមួយគូស្នេហ៍។ ប្រសិនបើការដើរឡើងភ្នំមានអារម្មណ៍ថានឿយហត់ខ្លាំងពេកសម្រាប់វិស្សមកាលរ៉ូមែនទិក កំពូលភ្នំក៏អាចទៅដល់បានដោយជិះរថភ្លើងខ្សែកាបដែលទទួលបានកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Record) ផងដែរ។ អ្នកជិះរថភ្លើងខ្សែកាបនឹងទទួលបាននូវការធ្វើដំណើរកម្សាន្តយ៉ាងរលូននៅលើអាកាស ជាមួយនឹងទិដ្ឋភាពកូនភ្នំ និងជ្រលងភ្នំពណ៌បៃតងស្រស់បក់បកជុំវិញនៅខាងក្រោមជើង។
នៅទីនេះគ្មានទិដ្ឋភាពណាមួយដែល "មិនរ៉ូមែនទិក" នោះទេ។ តំបន់សាប៉ា (Sa Pa) ទាំងមូលត្រូវបានគ្របដណ្ដប់ដោយវាលស្រែថ្នាក់ៗដែលត្រូវបានបង្កបង្កើនផលរាប់រយឆ្នាំមកហើយ ដោយរៀបជាជណ្តើរធរណីមាត្រចុះតាមជម្រាលភ្នំដាច់កន្ទុយភ្នែក។ អញ្ជើញមកទស្សនានៅរដូវប្រមូលផល - ពីខែមីនាដល់ខែឧសភា និងពីខែកញ្ញាដល់ខែវិច្ឆិកា - ដើម្បីទស្សនាទិដ្ឋភាពធម្មជាតិដែលជ្រលក់ដោយពណ៌មាសនៃរដូវស្លឹកឈើជ្រុះ រង់ចាំការច្រូតកាត់។ សម្រាប់ពេលវេលាដែលនៅសល់ក្នុងមួយឆ្នាំ វាលស្រែពោរពេញទៅដោយស្រមោលពណ៌បៃតងរាប់ពាន់ប្លែកៗពីគ្នា ហើយវាលស្រែដែលមានទឹកលិចឆ្លុះបញ្ចាំងមេឃពណ៌ខៀវដូចជាផ្ទះកញ្ចក់។
ជំពូក 04 —
ឆ្នេរសមុទ្រហាឡុង (Ha Long Bay)
ឆ្នេរសមុទ្រហាឡុង គឺជាគោលដៅក្រេបច័ន្ទទឹកឃ្មុំដ៏ពេញនិយមបំផុតមួយក្នុងប្រទេសវៀតណាម។ បេតិកភណ្ឌពិភពលោករបស់ UNESCO មួយនេះ ទាក់ទាញគូស្នេហ៍ និងអ្នកធ្វើដំណើរគ្រប់វ័យមកទស្សនាទិដ្ឋភាពភ្នំថ្មកំបោរដ៏អស្ចារ្យដូចជានៅលើពិភពលោកផ្សេងទៀត។ ទម្រង់ភ្នំថ្មកំបោរដ៏ខ្ពស់ស្កឹមស្កៃលេចឡើងពីផ្ទៃទឹកពណ៌ត្បូងមរកត។ កោះជាច្រើនមិនទាន់មានការប៉ះពាល់ពីអរិយធម៌មនុស្សឡើយ ហើយនៅតែរក្សាភាពព្រៃផ្សៃដោយព្រៃរ៉ាម ភាពអាថ៌កំបាំងស្រស់បំព្រងទល់នឹងថ្មស្រួច និងមហាសមុទ្រដ៏ល្វឹងល្វើយ។
វិធីដ៏ល្អបំផុតក្នុងការរុករកឆ្នេរសមុទ្រហាឡុង គឺការជិះកប៉ាល់កម្សាន្ត។ ជ្រើសរើសដំណើរកម្សាន្តដែលសមស្រប - មិនថាចំនួនប៉ុន្មានថ្ងៃ ឬប៉ុន្មានយប់ អាចជាការបូកបញ្ជូលគ្នាយ៉ាងរីករាយរវាងកីឡា ឬការហាលថ្ងៃ ការផ្សងព្រេង ឬការសម្រាកកម្សាន្ត។ ជិះទូកកាយ៉ាក់ឆ្លងកាត់រូងភ្នំ និងជុំវិញកោះដែលគ្មានមនុស្សរស់នៅ។ មុជទឹកមើលប្រជុំកោះផ្កាឈូរ និងភាពរីករាយនៃជីវិតជលផលមានពណ៌ចម្រុះ។ ទៅទស្សនាភូមិអ្នកនេសាទបណ្តែតទឹក ដើម្បីស្វែងយល់ពីវប្បធម៌ និងភ្លក្សរសជាតិអាហារសមុទ្រ។ ឬគ្រាន់តែសម្រាកនៅលើកប៉ាល់ ខណៈពេលដែលទូកអណ្តែតឆ្លងកាត់ទិដ្ឋភាពធម្មជាតិ វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ក្នុងការទស្សនាដោយភ្នែកទទេតែម្នាក់ឯង។
កប៉ាល់កម្សាន្តសាធារណៈមានជូន ដើម្បីចែករំលែកបទពិសោធន៍ជាមួយក្រុមមិត្តភក្តិជិតស្និទ្ធ ឬអ្នកចម្លែក។ វិធីដែលរ៉ូមែនទិកជាងនេះ គឺការកក់កប៉ាល់ផ្ទាល់ខ្លួន។ ចុងភៅផ្ទាល់ខ្លួន បន្ទប់គេងដ៏ស្អាតបាត ជញ្ជាំងកញ្ចក់ អាងងូតទឹក និងអ្នកជំនាញស្រា គឺជាការចំណាយយ៉ាងមានតម្លៃ។ ប៉ុន្តែព្រះអាទិត្យនឹងរៀបអស្តង្គតសម្រាប់គ្រប់កម្រិតថវិកា ដើម្បីបំភ្លឺពិភពលោកឱ្យមានពណ៌ចម្រុះ។ មេឃភ្លឺចែងចាំងដោយក្រុមផ្កាយដ៏អស្ចារ្យ នៅពេលដែលភាពងងឹតគ្របដណ្តប់លើភ្នំថ្មកំបោរ។
ជំពូក 05 —
ហូយអាន (Hoi An)
ហូយអាន គឺជាទីក្រុងគ្មានដែនកំណត់ពេលវេលា ដែលស្នេហាបុរាណបំពេញតាមដងផ្លូវដោយបរិយាកាសដ៏ជ្រាលជ្រៅ។ វាជាទីក្រុងដែលបង្កើតឡើងសម្រាប់ការធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយបរិយាកាសរបស់វាពោរពេញទៅដោយស្នេហារាប់សតវត្សរ៍។
ស្ថាបត្យកម្មខ្លួនវាផ្ទាល់គឺជាការរួមផ្សំគ្នានៃពហុវប្បធម៌ដ៏ទាក់ទាញ។ ឥទ្ធិពលចិន ជប៉ុន បារាំង និងវៀតណាម ទាំងអស់មានវត្តមាននៅទីនេះ។ ដើរកម្សាន្តតាមច្រកផ្លូវតូចៗ ឆ្លងកាត់ផ្លូវខ្វាត់ខ្វែងនៃថ្នាំពណ៌លឿងចាស់ ក្រោមផ្កាក្រដាសពណ៌ផ្កាឈូក និងពណ៌ស្វាយដែលព្យួរចុះពីយ៉រដែកស្ថាបត្យកម្មបារាំង។ វាស្រួលក្នុងការភ្លេចពេលវេលានៅក្នុងក្រុងដ៏ស្អាតមួយនេះ ប៉ុន្តែត្រូវប្រាកដថាបានជិះកង់ឆ្លងកាត់វាលស្រែ។ ផ្លូវស៊ីម៉ង់ត៍តូចៗកាត់តាមវាលស្រែពណ៌បៃតងដើរឆ្លងកាត់ក្លិនដី និងក្លិនទឹកភ្លៀង។
ប្រភព៖ អ៊ីនធឺណិត
នៅពេលថ្ងៃរហូតដល់ថ្ងៃលិច វាស្រួលក្នុងការស្វែងរកជ្រុងស្ងប់ស្ងាត់នៅឆ្នេរ An Bang ឬឆ្នេរ Cua Dai។ ភោជនីយដ្ឋាន និងហាងកាហ្វេជាន់ផ្ទាល់ដីតម្រៀបគ្នានៅខាងក្រោយឆ្នេរ ដូច្នេះអ្វីៗទាំងអស់នៅតែមានអារម្មណ៍ថាបើកចំហទៅកាន់ផ្ទៃមេឃ។ ជំនោរសមុទ្រមានភាពស្ងប់ស្ងាត់។ នៅទីនេះ មហាសមុទ្រខ្សឹបខ្សៀវជាជាងបន្លឺសំឡេងលាន់ឮ។ សម្លឹងមើលទៅឆ្នេរសមុទ្រខាងជើង ដើម្បីមើលភ្នំ Sơn Trà - ដាណាំង (Da Nang) គឺពិតជានៅជិតណាស់ ប៉ុន្តែពីចំណុចនេះ ហាក់ដូចជានៅឆ្ងាយល្មមដើម្បីធ្វើឱ្យមន្តស្នេហ៍របស់ហូយអានមានអារម្មណ៍ដូចជានៅក្នុងពិភពដាច់ដោយឡែកមួយ។
នៅពេលយប់ ផ្លូវថ្នល់មានពន្លឺពណ៌មាសដ៏អស្ចារ្យចេញពីគោមសូត្រព្យួររាប់មិនអស់។ ឆ្ពោះទៅកាន់ទន្លេសម្រាប់អាហារពេលល្ងាចក្រោមពន្លឺទៀន ហើយបន្ទាប់មកដើរលេងក្រោមពន្លឺព្រះច័ន្ទ។ បណ្តែតគោមក្រដាស ដើម្បីមើលពន្លឺទៀនរបស់វា នាំយកបំណងប្រាថ្នារបស់គូស្នេហ៍ទៅតាមខ្សែទឹក។
ជំពូក 06 —
ហ្វេ (Hue)
ប្រសិនបើហូយអានសម្បូរទៅដោយភាពរ៉ូមែនទិក នោះហ្វេគឺរឹតតែពោរពេញទៅដោយភាពរ៉ូមែនទិកយ៉ាងជ្រាលជ្រៅ។ ហ្វេ ពិតជានឹងក្លាយជាការបំផុសគំនិតសម្រាប់មនុស្សគ្រប់គ្នាក្នុងការធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងជ្រាលជ្រៅ ជាទីក្រុងនៃយុគសម័យមាសដែលមានព្រះរាជវាំង ម្ហូបឆ្ងាញ់ៗ និងទីកន្លែងសម្រាប់ "ការដើរដែលមិនអាចបំភ្លេចបាន"។
នេះជាអតីតរាជធានីនៃប្រទេសវៀតណាម ជាទីក្រុងនៃបន្ទាយ ផ្នូរ និងប្រាសាទ។ រូបចម្លាក់ថ្មសម្តែងការគោរពដោយស្ងៀមស្ងាត់ចំពោះវីរបុរសដែលបានកសាងជាតិ។ ដើរកាន់ដៃគ្នាកាត់តាមនគរហាមឃាត់ (Forbidden City) ដែលជាទ្រព្យសម្បត្តិការពារដោយជញ្ជាំងខ្ពស់ៗ ហាក់ដូចជាត្រូវបានការពារពីពេលវេលាផ្ទាល់។
ស្នាមបាក់បែកនៃរាជវង្សបុរាណហាក់គ្មានស្រមោលនៃបច្ចុប្បន្នកាលឡើយ - វាច្បាស់ណាស់ថាទាំងនេះគឺជាមរតកប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលបានកន្លងផុតទៅ។ ប៉ុន្តែវត្តអារាម និងប្រាសាទនានានៅក្នុងក្រុងហ្វេ គឺជាកន្លែងដែលការស្វែងយល់ផ្នែកផ្លូវចិត្ត និងវិញ្ញាណនៅតែមានជីវិតនិងរស់រវើក។ នៅពេលអរុណរះ ព្រះសង្ឃសូត្រធម៌ដើម្បីចាប់ផ្ដើមថ្ងៃថ្មី។ សម្រាប់ថ្ងៃរសៀលដ៏ស្ងប់ស្ងាត់និងផ្អែមល្ហែម សូមដើរកម្សាន្តតាមទីសក្ការបូជាទាំងនេះនៅពេលថ្ងៃត្រង់។ ប្រហែលជាដើមប៊ុនសាយមួយចំនួនដែលត្រូវបានដាំដុះ ថែទាំ និងស្រឡាញ់រាប់អានតាំងពីច្រើនជំនាន់មក អាចនាំមកនូវសតិនិងការយកចិត្តទុកដាក់ដល់ទំនាក់ទំនងស្នេហា - ជាការរំឭកដ៏ប្រពៃឱ្យរស់នៅក្នុងពេលបច្ចុប្បន្ន និងបណ្តោយឱ្យពេលវេលាដើរតាមដំណើរដ៏ស្រស់ស្អាតរបស់វាឆ្លងកាត់ប្រវត្តិសាស្ត្រ។




