សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

គំនិត ២០ យ៉ាងដើម្បីបំផុសការធ្វើដំណើរនៅវៀតណាមរបស់អ្នក

ប្រសិនបើអ្នកមិនទាន់បានធ្វើទេ នេះអាចជាឆ្នាំដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយប្រទេសវៀតណាម។ ក្នុងនាមជាប្រទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស វៀតណាមធ្វើឱ្យអ្នកធ្វើដំណើរប្លែកអារម្មណ៍ជាមួយនឹងខណៈពេលដ៏អស្ចារ្យជាច្រើន។ ទេសភាពបៃតងស្រស់បំព្រង ស្ថាបត្យកម្មបុរាណ និងអាហារដ៏ឆ្ញាញ់ពិសារ សុទ្ធតែរួមចំណែកបង្កើតបានជាវិស្សមកាលដែលមិនអាចបំភ្លេចបាន។

ប្រសិនបើអ្នកមិនធ្លាប់ទៅ ពេលនេះគឺជាពេលវេលាដ៏រំភើបដើម្បីរៀបចំផែនការដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នក។ តើធ្លាប់ទៅរួចហើយមែនទេ? អ្នកនឹងស្វែងរកឃើញហេតុផលថ្មីៗជាច្រើនដើម្បីត្រឡប់មកវិញ។ ខាងក្រោមនេះជាគំនិតវិស្សមកាលដែលយើងចូលចិត្តជាងគេចំនួន ២០ នៅវៀតណាមនាពេលបច្ចុប្បន្ន។

ដំណើរកម្សាន្តបែបម្ហូបអាហារវៀតណាម

ជំពូក 01 —

ដំណើរកម្សាន្តបែបម្ហូបអាហារ

ម្ហូបវៀតណាមមានរសជាតិស្រាល ស្រស់ និងមានអាហាររូបត្ថម្ភខ្ពស់ វាពិតជាចំណុចលេចធ្លោនៃវិស្សមកាលណាមួយ។ ទោះបីជាគ្មានអ្វីអាចយកឈ្នះអាហារតាមចិញ្ចើមផ្លូវក្នុងស្រុកបានក៏ដោយ ប៉ុន្តែនាពេលថ្មីៗនេះ ប្រទេសនេះកំពុងពង្រឹងវិស័យភោជនីយដ្ឋានរបស់ខ្លួន ដោយមានទីតាំងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងដើម្បីស្វែងរក ជាពិសេសនៅក្នុងទីក្រុងធំៗ។

ដំណើរកម្សាន្តបែបម្ហូបអាហារកំពូលៗរបស់យើងនៅវៀតណាម

ស្វែងយល់ពីបរិយាកាសភោជនីយដ្ឋានដ៏រស់រវើកនៃទីក្រុងហូជីមិញ។ តាកូ នំឆែវ (banh xeo) និង នំប៉័ង (banh mi) តម្លៃ ១០០ដុល្លារ របស់ Anan Saigon គ្រាន់តែជាឧទាហរណ៍ពីរអំពីរបៀបដែលអាហារវៀតណាមត្រូវបានកែច្នៃឡើងវិញសម្រាប់អ្នកញ៉ាំសម័យទំនើប។ សាកល្បង Quince, Laang និង Pizza 4Ps ដើម្បីភ្លក្សរសជាតិទិសដៅផ្នែកម្ហូបអាហារថ្មីរបស់ទីក្រុង។

ធ្វើការរុករកដោយខ្លួនឯងអំពីវប្បធម៌កាហ្វេរបស់វៀតណាម។ កសិដ្ឋានកាហ្វេ K’Ho នៅដាឡាត់ គឺជាកន្លែងដ៏សមរម្យមួយដើម្បីចាប់ផ្តើម។ ពីទីនោះ សូមទៅទស្សនាហាងកាហ្វេសម័យទំនើបក្នុងទីក្រុងហូជីមិញ និងនៅតាមចិញ្ចើមផ្លូវនៃទីក្រុងហាណូយ ដើម្បីភ្លក្សរសជាតិកាហ្វេពងមាន់ កាហ្វេដូង និង បាក់ស៊ីវ (bac xiu)។ 

ស្វែងយល់ពីអាហារតាមចិញ្ចើមផ្លូវពិតប្រាកដរបស់វៀតណាម។ គ្មានកន្លែងណាដែលស័ក្តិសមជាងក្នុងការទទួលយកបទពិសោធន៍នៃម្ហូបវៀតណាម ជាងការដើរតាមច្រកផ្លូវតូចៗ និងមានបរិយាកាសពិសេសនៃរាជធានីនោះទេ។ លើសពីហ្វើ (pho) ហើយរីករាយជាមួយ ប៊ុនដៅ (bun dau), ប៊ុនឆា (bun cha), ប៊ុនថាង (bun thang) និងមុខម្ហូបល្បីៗផ្សេងទៀតនៃទីក្រុងហាណូយ។

គោលដៅផ្សងព្រេងកំពូលៗនៅវៀតណាម

ជំពូក 02 —

ការផ្សងព្រេង

ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងដាច់ស្រយាលរបស់វៀតណាម នៅតែជាទីកន្លែងក្នុងក្ដីស្រមៃសម្រាប់អ្នកស្វែងរកការផ្សងព្រេងជាច្រើន។ ជម្រើសកម្សាន្តក្រៅផ្ទះរបស់ប្រទេសនេះកំពុងពង្រីកជាបន្តបន្ទាប់ ខណៈដែលបទពិសោធន៍កម្រិតពិភពលោកកាន់តែច្រើនត្រូវបានបើកនៅទីតាំងដែលមិនធ្លាប់ឮពីមុនមក។

គោលដៅផ្សងព្រេងកំពូលៗរបស់យើងនៅវៀតណាម

ជិះម៉ូតូតាមច្រកផ្លូវភ្នំនៃខេត្តហាយ៉ាង (Ha Giang)។ ខេត្តភាគខាងជើងមួយនេះមានសមត្ថភាពធ្វើឱ្យអ្នកភ្ញាក់ផ្អើល និងស្ទើរតែដកដង្ហើមមិនដល់ឃ្លោះ មិនមែនតែម្តងនោះទេ ប៉ុន្តែជាច្រើនលើកច្រើនសារ។ ក្រៅពីផ្លូវដែលមានទេសភាពដ៏ស្រស់ស្អាតអស្ចារ្យ ហាយ៉ាង ក៏បន្សល់ទុកនូវភាពស្និទ្ធស្នាលតាមរយៈការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងវប្បធម៌ជនជាតិភាគតិចដ៏សម្បូរបែបផងដែរ។ 

ប្រឈមមុខនឹងរូងភ្នំធំជាងគេបំផុតនៅលើពិភពលោកក្នុងឧទ្យានជាតិ Phong Nha-Ke Bang។ មានបញ្ជីរង់ចាំយ៉ាងវែងសម្រាប់ការទស្សនារូងភ្នំ Hang Son Doong ដែលជារូងភ្នំធំជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែកុំឱ្យរឿងនោះមករារាំងអ្នកឱ្យសោះ។ មានរូងភ្នំច្រើនជាង ៣០០ ដែលមានទំហំខុសៗគ្នានៅ Phong Nha។ ចូលរួមដំណើរកម្សាន្តច្រើនថ្ងៃដើម្បីទទួលបានបទពិសោធន៍ពេញលេញ។ 

បញ្ចេញសមត្ថភាពប្រឈមមុខនឹងការតស៊ូនៅដាឡាត់ (Da Lat)។ ក្រុងដាឡាត់ដ៏រ៉ូមែនទិក ដែលធ្លាប់ជាកន្លែងសម្រាកកាយសម្រាប់គូស្នេហ៍ និងពិធីបុណ្យផ្កា កំពុងផ្លាស់ប្តូរមុខមាត់ខ្លួនឯងទៅជាគោលដៅសម្រាប់អ្នកចូលចិត្តសកម្មភាពក្រៅផ្ទះ។ ទៅបោះជំរំនៅឧទ្យានជាតិ Bidoup, សាកល្បងជិះទូក SUP នៅបឹង Tuyen Lam និងប្រឈមមុខនឹងទឹកធ្លាក់ Datanla ជាមួយនឹងដំណើរកម្សាន្ត កីឡាផ្លោះរូងជ្រោះ (canyoning) កម្រិតពិភពលោក។ 

វិស្សមកាលវប្បធម៌កំពូលៗនៅវៀតណាម

ជំពូក 03 —

រតនសម្បត្តិវប្បធម៌

ប្រទេសវៀតណាមមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងផ្នែកវប្បធម៌ ដោយមានបេតិកភណ្ឌពិភពលោក UNESCO មិនតិចជាង ៨ កន្លែងដែលនៅរាយប៉ាយពេញប្រទេស។ របៀបរស់នៅរបស់ជនជាតិវៀតណាម រួមបញ្ចូលទាំងវប្បធម៌ទីក្រុងថ្មីដ៏ទាន់សម័យ ព្រមទាំងភូមិសិប្បកម្មបុរាណ និងតន្ត្រីប្រពៃណីផងដែរ។  

វិស្សមកាលវប្បធម៌កំពូលៗរបស់យើងនៅវៀតណាម

សម្រួលអារម្មណ៍ដើរលំហែកាយតាមដងទឹកនៅហយអាន (Hoi An)។ ផ្ទះល្វែងលាបពណ៌លឿងទុំនៅក្នុងកំពង់ផែពាណិជ្ជកម្មចាស់នេះ មានរូបរាងដូចកាលពីសតវត្សមុនអញ្ចឹងដែរ។ ការតុបតែងលម្អដោយចង្កៀងគោមសូត្រ បង្កើតបានជាបរិយាកាសដ៏ទាក់ទាញខ្លាំង។ វាលស្រែបៃតងស្រស់ និងឆ្នេរខ្សាច់ស គឺស្ថិតនៅចម្ងាយត្រឹមតែការជិះកង់យ៉ាងលឿនប៉ុណ្ណោះ។

ធ្វើដំណើរត្រឡប់ទៅកាន់អតីតកាលនៅនិញបិញ (Ninh Binh)។ និញបិញ ដែលជាគោលដៅដ៏អស្ចារ្យនៅចម្ងាយពីរម៉ោងពីទីក្រុងហាណូយ ធ្លាប់ជារាជធានីនៃភាគខាងជើងវៀតណាម។ នៅទីនេះ ទន្លេពត់ពេន វត្តអារាមបុរាណ និងភ្នំថ្មកំបោរខ្ពស់ៗ បង្កើតបានជាទេសភាពដ៏ល្បីល្បាញបំផុតមួយចំនួនរបស់វៀតណាម។ ឡើងទៅកាន់កំពូលភ្នំ Hang Mua ដើម្បីទស្សនាទេសភាពដ៏អស្ចារ្យនៃតំបន់លិចទឹក។

ជ្រមុជខ្លួនអ្នកនៅក្នុងប្រវត្តិសាស្ត្ររាជវង្សនៃប្រទេសវៀតណាម។ ជារឿយៗត្រូវបានមើលរំលងដោយអ្នកធ្វើដំណើរ ទីក្រុងហ្វេ (Hue) មានទីតាំងប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់វៀតណាម រួមទាំងបន្ទាយកែវ Hue និងព្រះបរមរតនកោដ្ឋនៃព្រះរាជាត្រកូល ង្វៀន (Nguyen)។ ស្នាក់នៅតាមដងទន្លេ Perfume ដ៏ស្រស់ស្អាត ហើយសម្រួលចង្វាក់ជីវិតដោយជិះស៊ីក្លូ និងដើរលេងកម្សាន្ត។ 

ការវិស្សមកាលវប្បធម៌កំពូលៗនៅវៀតណាម

ជំពូក 04 —

ពិធីបុណ្យ និងព្រឹត្តិការណ៍ផ្សេងៗ

វ្រូម វ្រូម វៀតណាម! រៀងរាល់ឆ្នាំ ប្រទេសវៀតណាមតែងតែទទួលស្វាគមន៍ព្រឹត្តិការណ៍គួរឱ្យរំភើបកាន់តែច្រើន។ ពិធីបុណ្យ Hue Festival, ពិធីបុណ្យកាំជ្រួចអន្តរជាតិដាណាំង (Danang International Fireworks Festival) និងពិធីបុណ្យសែនព្រះខែ (Mid-autumn Festival) គឺជាហេតុផលដ៏ល្អមួយចំនួនក្នុងការមកទស្សនា។ 

ពិធីបុណ្យ និងព្រឹត្តិការណ៍លេចធ្លោបំផុតរបស់យើងនៅវៀតណាម

ប្រារព្ធអបអរវប្បធម៌រាជវាំងហ្វេតាមដងទន្លេ។ រៀងរាល់ឆ្នាំ ក្រុងហ្វេ (Hue) តែងតែរៀបចំពិធីបុណ្យវប្បធម៌មួយដើម្បីអបអរសាទរបេតិកភណ្ឌរបស់ទីក្រុងដែលជារាជធានីបុរាណនៃរាជវង្ស Nguyen។ ការសម្តែងតាមដងផ្លូវ ការបង្ហាញម៉ូដសម្លៀកបំពាក់អៅយ៉ាយ (Ao Dai) និងសិល្បៈប្រពៃណីត្រូវបានសម្តែងនៅលើដងផ្លូវ និងសួនច្បារតាមបណ្តោយដងទន្លេ។

ចងខ្សែស្បែកជើងត្រៀមខ្លួនសម្រាប់រត់ម៉ារ៉ាតុងតាមផ្លូវភ្នំ ឬក្នុងទីក្រុង។ កម្មវិធីរត់ម៉ារ៉ាតុងថ្មីៗរបស់វៀតណាម គឺជាមូលហេតុដ៏អស្ចារ្យមួយដើម្បីទស្សនាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនៃប្រទេសនេះ។ កម្មវិធីរត់ម៉ារ៉ាតុងលើភ្នំនៅសាប៉ា (Sapa Mountain Marathon) នាំមុខគេទាក់ទងនឹងទេសភាពដ៏ស្រស់ត្រកាល ហើយការរត់តាមផ្លូវធម្មជាតិនៅដាឡាត់ (Da Lat), តាំដាវ (Tam Dao) និងម៉ុកចាវ (Moc Chau) ក៏នៅកៀកកិតពីក្រោយដែរ។

ទស្សនាក្រុមបាញ់កាំជ្រួចដ៏ល្អបំផុតលើពិភពលោកនៅដាណាំង។ រៀងរាល់ឆ្នាំ ទីក្រុងឆ្នេរសមុទ្រដាណាំង (Da Nang) តែងតែរៀបចំពិធីបុណ្យបាញ់កាំជ្រួចយ៉ាងអធិកអធម ដោយមានក្រុមអន្តរជាតិចូលរួមប្រកួតប្រជែងបង្កើតការសម្តែងដ៏អស្ចារ្យនៅលើទន្លេហាន (Han River)។ ទិញសំបុត្រជួរមុខ ឬទស្សនាយ៉ាងរីករាយពីបារលើដំបូលអគារទំនើបៗក្នុងទីក្រុង។

តំបន់ទេសចរណ៍កំពូលៗនៅវៀតណាម

ជំពូក 05 —

ដំណើរកម្សាន្តលំហែលើឆ្នេរ

ចាប់ពីវីឡាទស្សនាទេសភាពសមុទ្រ រហូតដល់ភូមិអ្នកនេសាទដ៏សាមញ្ញ ឆ្នេរសមុទ្រដ៏វែងអន្លាយរបស់វៀតណាមសន្យាថានឹងផ្តល់ជូននូវវិស្សមកាលឆ្នេរសមុទ្រគ្រប់ទម្រង់។ ក្រៅពីទីក្រុងជាប់ឆ្នេរ វៀតណាមក៏មានកោះដ៏ស្ងប់ស្ងាត់ ដូចជាកោះកូនដាវ (Con Dao) និងកោះលីសើន (Ly Son) ដែលជាកន្លែងអ្នកអាចរីករាយនឹងឆ្នេរខ្សាច់ដ៏វែងតែម្នាក់ឯង និងលិចលង់ក្នុងជីវភាពរស់នៅរបស់អ្នកស្រុក។ 

កម្មវិធីដំណើរកម្សាន្តតាមឆ្នេរសមុទ្រលេចធ្លោបំផុតរបស់យើងនៅវៀតណាម

នាំគ្រួសារទាំងមូលមកសម្រាកលំហែកាយនៅកោះភូកុក។ ដោយមានឆ្នេរខ្សាច់សយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបារដ៏ទាក់ទាញ ការជិះទូកកម្សាន្តតាមកោះយ៉ាងងាយស្រួល និងរមណីយដ្ឋានសណ្ឋាគារប្រណីតៗ ភូកុក (Phu Quoc) មានអ្វីៗគ្រប់យ៉ាង។ គ្រួសារទាំងឡាយអាចទស្សនាការសម្តែងនៅឧទ្យានកម្សាន្ត VinWonders និងជិះកាស្យុងឆ្លងសមុទ្រ Sunworld ទៅកាន់កោះហនថម (Hon Thom)។ 

តម្រូវចិត្តខ្លួនឯងនៅរមណីយដ្ឋានកម្រិតផ្កាយប្រាំនៅកាំរ៉ាញ។ ថ្វីបើនៅតែជាទីកន្លែងសម្ងាត់មួយ ប៉ុន្តែកាំរ៉ាញ (Cam Ranh) កំពុងបង្កើតខ្លួនយ៉ាងស្ងៀមស្ងាត់ជាគោលដៅដ៏គួរឱ្យប្រាថ្នាសម្រាប់អ្នកដែលចង់គេចចេញពីភាពវឹកវរនៃពិភពលោកក្នុងរចនាប័ទ្មស៊ីវិល័យ។ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត រមណីយដ្ឋានកម្រិតផ្កាយប្រាំ និងទីលានវាយកូនគោលទទួលបានពានរង្វាន់ ធ្វើឱ្យការសម្រាកលំហែកាយកាន់តែងាយស្រួល។

ធ្វើជាអ្នកដើរលេងលើឆ្នេរស្ងប់ស្ងាត់នៅក្វីញ៉ន។ គ្មានកន្លែងណាដូចក្វីញ៉ន (Quy Nhon) នោះទេ ប្រសិនបើអ្នកត្រូវការគេចចេញពីភាពស្មុគស្មាញទាំងឡាយ។ ក្រុងនេសាទដ៏សែនមនោរម្យនៅភាគកណ្តាលនៃប្រទេសវៀតណាមមួយនេះ ពោរពេញដោយឆ្នេរកោះដ៏ស្ងប់ស្ងាត់។ ជិះម៉ូតូកម្សាន្តស្រូបខ្យល់អាកាសតាមដងទន្លេសមុទ្រ និងទទួលទានអាហារសមុទ្រស្រស់ៗរៀងរាល់ល្ងាច។ 

គោលដៅទេសចរណ៍ផ្សងព្រេងកំពូលៗនៅវៀតណាម

ជំពូក 06 —

ដំណើរកម្សាន្តប្រកបដោយចីរភាព

កំពុងស្វែងរកវិស្សមកាលដ៏រីករាយមែនទេ? គោលដៅទេសចរណ៍ដែលមិនសូវមានគេស្គាល់របស់វៀតណាម សន្យាថានឹងផ្តល់នូវបទពិសោធជួបប្រស្រ័យទាក់ទងពិតៗជាមួយអ្នកស្រុក និងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ នៅទីនេះ អ្នកអាចស្នាក់នៅជាមួយជនជាតិភាគតិច ចូលរួមដំណើរកម្សាន្តបែបសហគមន៍ និងសិក្សាបន្ថែមអំពីវប្បធម៌ និងប្រពៃណីក្នុងស្រុក។ 

ដំណើរកម្សាន្តបែបធម្មជាតិលេចធ្លោបំផុតរបស់យើងនៅវៀតណាម

ធ្វើដំណើរទៅកាន់តំបន់ខ្ពង់រាបកណ្តាល។ ខេត្តដាក់ឡាក់ (Dak Lak) ដែលជាដែនដីមិនទាន់មានគេស្គាល់ច្រើន សសម្បូរទៅដោយទឹកជ្រោះ ចំការកាហ្វេ និងភូមិជនជាតិភាគតិច។ ស្នាក់នៅ Lak Tented Camp និងសាកល្បងដំណើរកម្សាន្តមើលដំរីបែបសីលធម៌ដំបូងបង្អស់របស់វៀតណាមនៅឧទ្យានជាតិ Yok Don។ 

បទពិសោធទទួលការស្វាគមន៍យ៉ាងកក់ក្តៅពិតៗបែបវៀតណាមនៅផ្ទះស្នាក់។ ក្នុងតម្លៃត្រឹមតែ ១០ ទៅ ២០ ដុល្លារប៉ុណ្ណោះក្នុងមួយយប់ ផ្ទះស្នាក់នៅក្នុងប្រទេសវៀតណាមផ្តល់ជូននូវតម្លៃដ៏ពិសេស និងការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងអាហារក្នុងស្រុកដ៏ឆ្ងាញ់ពិសា។ សាកល្បងស្នាក់នៅផ្ទះស្នាក់លក្ខណៈគ្រួសារនៅម៉ៃចាវ (Mai Chau), សាប៉ា (Sa Pa) ឬក្នុងក្រុងនានានៅតំបន់ដីសណ្តទន្លេមេគង្គ ដូចជាកៃបេ (Cai Be) និងកន្ធើ (Can Tho)។ 

សម្រាកលំហែកាយនៅក្រោមកំពូលភ្នំបែបកាស្តក្នុងខេត្តនិញប៊ិញ។ ចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះពីហាណូយ និញប៊ិញ (Ninh Binh) ល្បីល្បាញដោយសារទេសភាពធម្មជាតិដ៏អស្ចារ្យ។ នៅតំបន់តាំកុក (Tam Coc) អ្នកនឹងប្រទះឃើញសណ្ឋាគារអេកូប្រណីតៗ និងផ្ទះស្នាក់ដ៏ទាក់ទាញនៅក្រោមជ្រលងភ្នំថ្មឆ្នៃបុរាណ។ ចូលរួមដំណើរកម្សាន្តអេកូទេសចរណ៍នៅតំបន់រមណីយដ្ឋានត្រាងអាន (Trang An Scenic Complex) ដែលជាបេតិកភណ្ឌពិភពលោក UNESCO។

កម្មវិធីដំណើរកម្សាន្តប្រណីតៗកំពូលនៅវៀតណាម

ជំពូក 07 —

ការសម្រាកលំហែកាយ និងភាពស៊ីវិល័យប្រណីត

ទេសភាពដ៏ស្រស់ត្រកាល និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម ធ្វើឱ្យទីនេះក្លាយជាទីតាំងដ៏ឥតខ្ចោះសម្រាប់វិស្សមកាលដ៏ប្រណីត។ នៅតាមទីក្រុង សណ្ឋាគាររចនាប័ទ្មអាណានិគមផ្តល់នូវទិដ្ឋភាពអតីតកាល ឯនៅលើឆ្នេរសមុទ្រវិញ រមណីយដ្ឋាននានារបស់វៀតណាមគឺជាផ្ទៃនៃភាពស៊ីវិល័យទំនើប ដែលរួមបញ្ចូលជាមួយលក្ខណៈពិសេសក្នុងស្រុកដ៏វិសេសវិសាល។ 

កម្មវិធីដំណើរកម្សាន្តប្រណីតលេចធ្លោបំផុតរបស់យើងនៅវៀតណាម

ជិះទូកកម្សាន្តឆ្លងកាត់តំបន់កោះតុងកឹង។ ឆ្នេរសមុទ្រដ៏អស្ចារ្យរបស់វៀតណាមមិនដែលធ្វើឱ្យភ្ញៀវទេសចរខកបំណងឡើយ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកធ្វើដំណើរកំពុងស្វែងរកលើសពីហាឡុង (Ha Long) ដោយទៅរុករកឡានហា (Lan Ha) និងបៃទូឡុង (Bai Tu Long) ផងដែរ។ ចំណាយពេលប៉ុន្មានថ្ងៃដ៏អស្ចារ្យលើផ្ទៃទឹក ភ្ញាក់ឡើងជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល និងទទួលទានអាហារដ៏មានឱជារស។ 

ចុះឈ្មោះសម្រាប់កម្មវិធីថែរក្សាសុខភាព និងស្ប៉ា។ ត្រូវការការសម្រាកលំហែកាយ និងស្ដារកម្លាំងមែនទេ? ហេតុអ្វីមិនសាកល្បងទៅកាន់គោលដៅថែទាំសុខភាពដ៏ស្ងប់ស្ងាត់របស់វៀតណាម? ទស្សនាទីក្រុងដាណាំងដើម្បីទទួលបានរមណីយដ្ឋានដែលមានសេវាកម្មស្ប៉ា និងកម្មវិធីសុខភាពទទួលបានពានរង្វាន់ ឬទៅកាន់ជើងភ្នំនៅក្រុងហ្វេ (Hue) សម្រាប់រមណីយដ្ឋានទឹកក្តៅធម្មជាតិ និងអុនសែន (Onsen) ៧ ជំហានដំបូងគេនៅវៀតណាម។ 

លេងនៅទីលានវាយកូនហ្គោលទទួលបានការវាយតម្លៃខ្ពស់បំផុតរបស់វៀតណាម។ ឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាមកំពុងក្លាយជាគោលដៅវាយកូនហ្គោលថ្មីដ៏ពេញនិយមបំផុតប្រចាំតំបន់។ ទីលានចំនួនប្រាំមួយដែលត្រូវបានរចនាឡើងដោយវីរបុរសវាយកូនហ្គោលដ៏ល្បីល្បាញដូចជា Sir Nick Faldo និង Greg Norman បានតម្រៀបជួរតាមបណ្តោយឆ្នេរ ដោយទាញយកផលប្រយោជន៍យ៉ាងល្អឥតខ្ចោះពីវាលស្រែ ព្រៃឈើ និងភ្នំ។ 

ចង់បានគំនិតធ្វើដំណើរនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតក្នុងប្រអប់សំបុត្ររបស់អ្នក។