ការរុករកប្រទេសវៀតណាមពីផ្ទះគឺជាការផ្សងព្រេងមួយបែបផ្សេងទៀត។ វប្បធម៌វៀតណាម អាចមើលទៅគួរឲ្យចាប់អារម្មណ៍ និងស្មុគស្មាញពីខាងក្រៅ ប៉ុន្តែវាជាប្រធានបទដ៏ជក់ចិត្តមួយ ជាពិសេសប្រសិនបើអ្នកកំពុងរៀបចំផែនការមកទស្សនា។ ពេលលាតត្រដាងរឿងរ៉ាវមួយ អ្នកនឹងរកឃើញរឿងរ៉ាវរាប់មិនអស់ផ្សេងទៀតដែលរង់ចាំឲ្យអ្នកស្ដាប់។ ចាប់ពីប្រលោមលោកដ៏មានអត្ថន័យ ដល់សិល្បៈដ៏ជក់ចិត្ត បញ្ជីអ្នកក្នុងតំបន់នេះនឹងបង្ហាញពីអក្សរសិល្ប៍ តន្ត្រី និងសិល្បៈល្អៗបំផុតមួយចំនួនរបស់វៀតណាម។ តោះមកស្វែងយល់ទាំងអស់គ្នា!
ជំពូក 01 —
សៀវភៅវៀតណាមដែលគួរតែអាន
The Tale of Kiều (ដោយ Nguyễn Du)
នៅក្នុងស្នាដៃកំណាព្យដ៏សំខាន់បំផុតមួយនៃអក្សរសិល្ប៍វៀតណាម លោក Nguyễn Du បានរៀបរាប់អំពីសាច់រឿងជីវិតរបស់ស្ត្រីស្រស់ស្អាត និងមានទេពកោសល្យម្នាក់ ដែលបានស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងដើម្បីរក្សាភាពស្មោះត្រង់ចំពោះតម្លៃខ្លួនឯងនៅក្នុងសតវត្សទី១៩។ រឿងរ៉ាវដ៏ជក់ចិត្តនេះផ្តល់នូវជ្រុងមួយនៃការស្វែងយល់អំពីឥទ្ធិពលខុងជឺ និងចិនដំបូងៗនៅវៀតណាម។ រចនាសម្ព័ន្ធកំណាព្យ ៦-៨ ដ៏ពេញនិយមបានទាក់ទាញចិត្តអ្នកអានរាប់រយឆ្នាំមកហើយ។
ទស្សនាវីដេអូគំនូរជីវចលនៃរឿងរ៉ាវនេះនៅលើ YouTube ឬស្វែងរកសៀវភៅនេះតាមអនឡាញ។
Dumb Luck (ដោយ Vũ Trọng Phụng)
សរសេរឡើងនៅក្នុងឆ្នាំ១៩៣៦ ដោយអ្នកនិពន្ធបែបសតិរអារម្មណ៍ លោក Vũ Trọng Phụng សៀវភៅ Dumb Luck ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាវិទ្យាល័យរបស់ប្រទេសវៀតណាម ហើយត្រូវបានចាត់ទុកជាសៀវភៅបុរាណល្បីល្បាញរបស់វៀតណាម។ ដោយមានបរិបទនៅភាគខាងជើងប្រទេសវៀតណាម ការប៉ះទង្គិចគ្នារវាងប្រពៃណី និងតម្លៃសង្គមថ្មីៗបាននាំឱ្យមានពេលវេលាដ៏ច្របូកច្របល់សម្រាប់វណ្ណៈកណ្តាលនៃប្រទេសនេះ ដែលលោក Vũ Trọng Phụng បានពិពណ៌នាយ៉ាងឥតខ្ចោះតាមរយៈតួអង្គល្បីៗដែលនឹងធ្វើឱ្យអ្នកសើចប្រកបដោយការរីករាយ។
ស្វែងរកសៀវភៅនេះតាមអនឡាញ។
Open the Window, Eyes Closed (ដោយ Nguyễn Ngọc Thuần)
សៀវភៅទទួលបានពានរង្វាន់ដ៏ស្រស់ស្រាយនេះផ្តល់នូវទិដ្ឋភាពនៃជីវិតកុមារភាពវៀតណាមនៅក្នុងភូមិដ៏សមញ្ញមួយ។ តាមរយៈភ្នែក និងការស្រមើស្រមៃរបស់ក្មេងអាយុដប់ឆ្នាំ ការផ្សងព្រេងនៅផ្សារភូមិ ក្រោមដើមដូង ឬនៅក្នុងព្រៃ គឺពិតជាគួរឱ្យរំភើបអស្ចារ្យ។ អ្នកថែមទាំងអាចរកឃើញថា កុមារភាពនៅចន្លោះវាលស្រែទាំងនេះមិនខុសគ្នាប៉ុន្មានពីកុមារភាពរបស់អ្នកឡើយ។
ស្វែងរកសៀវភៅនេះតាមអនឡាញ។
គន្លឹះ៖ ដាក់រឿង Yellow Flowers on the Green Grass (២០១៥) ទៅក្នុងបញ្ជីទស្សនារឿងរបស់អ្នក។ ជីវិតនៅជនបទ និងទិដ្ឋភាពដ៏ស្រស់ស្អាតគួរឱ្យស្ញប់ស្ញែងពីភាគកណ្តាលនៃប្រទេសវៀតណាមត្រូវបាននាំយកមកកាន់អេក្រង់ធំ នៅក្នុងការកែច្នៃពីសៀវភៅកុមារភាពដ៏ផ្អែមល្ហែមមកជារឿងភាគនេះ។
ជំពូក 02 —
តន្ត្រីវៀតណាមដ៏អស្ចារ្យ
កំណាព្យចម្រៀង Ca trù
កំណាព្យចម្រៀងមានច្រើនទម្រង់ ប៉ុន្តែ ca trù គឺជារចនាប័ទ្មដែលរកឃើញនៅភាគខាងជើង។ អ្នកចម្រៀងស្រីចម្បងម្នាក់វាយទ្រម៉ោស ខណៈពេលសម្តែងនៅជិតអ្នកលេងឧបករណ៍តន្ត្រីពីរនាក់។ ការសម្តែង ca trù មួយចំនួនក៏រួមបញ្ចូលទាំងការរាំផងដែរ។ ទម្រង់សិល្បៈនេះត្រូវបានប្រើប្រាស់ក្នុងការបួងសួង ការកម្សាន្ត ការសម្តែងនៅក្នុងព្រះរាជវាំង និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការ UNESCO។
បទចម្រៀងរបស់ Trịnh Công Sơn
ក្នុងមួយជីវិតរបស់គាត់ តន្ត្រីករដែលរៀនដោយខ្លួនឯង លោក Trịnh Công Sơn បានតាក់តែងបទចម្រៀងប្រមាណ ៦០០ បទ ដែលបទចម្រៀងភាគច្រើនត្រូវបានប្រជាជនវៀតណាមស្គាល់ និងចូលចិត្ត។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មក រចនាសម្ព័ន្ធមេឡូឌីដ៏សាមញ្ញ និងទំនុកច្រៀងប្រកបដោយគំនិតច្នៃប្រឌិតរបស់គាត់បានទាក់ទាញបេះដូងរបស់អ្នកគាំទ្រតន្ត្រីក្នុងស្រុក។ មានហាងកាហ្វេជាច្រើនក្នុងប្រធានបទ Trịnh Công Sơn នៅវៀតណាម ដែលអ្នកអាចរីករាយជាមួយបទចម្រៀងស្នេហារបស់គាត់តាមរយៈឧបករណ៍បំពងសំឡេងបែបបុរាណ។
Hoàng Thuỳ Linh
អាល់ប៊ុមចុងក្រោយរបស់ Hoàng Thuỳ Linh ដែលមានឈ្មោះថា Hoang បានបញ្ចូលធាតុផ្សំពីតន្ត្រីប្រជាប្រិយវៀតណាមទៅក្នុងតន្ត្រីប៉ុបសម័យទើប និងវីដេអូចម្រៀងរបស់នាងបានបង្ហាញពីទំនុកច្រៀងប្រកបដោយភាពកំប្លែង។ ពិធីសាសនាប្រពៃណី ជំនឿ និងវប្បធម៌ជនជាតិនានាត្រូវបានរៀបរាប់ក្នុងជ្រុងមើលថ្មី។ សាកមើលថាតើអ្នកអាចសម្គាល់ឃើញរឿងព្រេងប្រជាប្រិយវៀតណាមណាមួយនៅក្នុងវីដេអូចម្រៀងខាងលើដែរឬទេ ហើយកុំភ្លេចបើកអត្ថបទរត់ជាភាសាអង់គ្លេស។
ជំពូក 03 —
សិល្បករវៀតណាមដែលជម្រុញគំនិត
Nguyễn Gia Trí
ក្នុងនាមជាគ្រូផ្នែកគំនូរលាក់កឺវៀតណាម ស្នាដៃច្រើនផ្ទាំងដ៏លម្អិតរបស់លោក Nguyễn Gia Trí ពេលខ្លះត្រូវចំណាយពេលមួយទសវត្សរ៍ដើម្បីបញ្ចប់។ ខណៈពេលដែលគំនូររបស់គាត់ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍សិល្បៈជុំវិញពិភពលោក គំនូរដែលនៅជិតបេះដូងរបស់គាត់បំផុតនោះ គឺស្ថិតនៅក្នុងសារមន្ទីរវិចិត្រសិល្បៈទីក្រុងហូជីមិញ។ Spring Garden of the Central, South, and North គឺជាទ្រព្យសម្បត្តិសិល្បៈជាតិដែលត្រូវបានការពារមួយក្នុងចំណោមទាំងប្រាំបីរបស់ប្រទេសវៀតណាម។
ទស្សនាស្នាដៃសិល្បៈនៅទីនេះ។
Mai Trung Thứ
លោក ម៉ៃ ត្រុងធឺ (Mai Trung Thứ) គឺជាបេក្ខជនម្នាក់ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាដំបូងគេពីសាលាវិចិត្រសិល្បៈឥណ្ឌូចិន (École des Beaux-Arts de l'Indochine) នៅទីក្រុងហាណូយសម័យអាណានិគម។ គំនូរសូត្ររបស់លោកពិពណ៌នាអំពីទិដ្ឋភាពជនបទនៃប្រទេសវៀតណាម។ ដោយទទួលបានការបណ្តុះបណ្តាលពីសិល្បករជនជាតិបារាំង លោក ម៉ៃ ត្រុងធឺ បានរួមបញ្ចូលបច្ចេកទេសគំនូរប៉ែកបស្ចិមប្រទេសជាមួយធាតុផ្សំរបស់វៀតណាមដើម្បីបង្កើតនូវសិល្បៈដ៏ពិសេសប្លែក។ ទស្សនាសិល្បៈវៀតណាមសម័យអាណានិគមបន្ថែមទៀតនៅលើគេហទំព័ររបស់សារមន្ទីរវិចិត្រសិល្បៈជាតិ។
មើលស្នាដៃសិល្បៈនៅទីនេះ។
Thành Chương
ល្បីល្បាញតាមរយៈគំនូរបច្ចុប្បន្នភាពអំពីក្មេងឃ្វាលក្របី និងក្របីរបស់ពួកគេ លោក Thành Chương តែងតែស្វែងរកគំនិតច្នៃប្រឌិតពីជីវិតរស់នៅប្រចាំថ្ងៃដ៏សមញ្ញនៅជនបទវៀតណាម។ ភាគច្រើននៃគំនូរស្នាដៃរបស់ លោក Thành Chương ត្រូវបានដាក់តាំងនៅក្នុងព្រះរាជវាំងសិល្បៈ Thành Chương Việt Palace ដែលស្ថិតនៅក្រៅក្រុងហាណូយ ជាទីតាំងបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យមួយដែលមានស្ថាបត្យកម្ម និងស្នាដៃសិល្បៈវៀតណាមយ៉ាងទាក់ទាញ។
មើលស្នាដៃសិល្បៈនៅទីនេះ។
គន្លឹះ៖ សម្រាប់សិល្បៈសម័យទើបពីប្រទេសវៀតណាមបន្ថែមទៀត សូមចូលមើលពិព័រណ៍និម្មិត Vietnam: New Winds នៅលើ Google Arts & Culture។
ជំពូក 04 —
កម្មវិធីទូរទស្សន៍បំផុសគំនិតអំពីប្រទេសវៀតណាម
Jack Whitehall: Travels with My Father (រដូវកាលទី ០១, ភាគ ០៥ & ០៦)
គូឪពុក និងកូនប្រុសដ៏កំប្លែង Jack និង Michael Whitehall បានធ្វើដំណើរមកដល់ទីក្រុងបុរាណហយអាន (Hội An) សម្រាប់ដំណាក់កាលចុងក្រោយនៃដំណើរកម្សាន្តរបស់ពួកគេ ដែលជា "ការណែនាំដ៏អស្ចារ្យមួយអំពីប្រទេសវៀតណាម"។ ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តនៅវៀតណាម ពួកគេបានរៀនពីរបៀប (មិនត្រូវ) អុំទូកឈើនៅលើផ្ទៃទឹកនៃទីក្រុងហយអាន ហើយបានបន្តដំណើរផ្សងព្រេងក្នុងក្រុងហាណូយ។
Street Food (ភាគ ០៧)
ភាគនេះនៃកម្មវិធី Netflix Original នាំអ្នកទៅកាន់ដំណើរកម្សាន្តម្ហូបអាហារនៅភាគខាងត្បូងប្រទេសវៀតណាម។ ចាប់ពីហាងលក់ខ្យងដែលបើកពេញមួយយប់ រហូតដល់អ្នកលក់នំប៉័ងបាញ់មី (bánh mì) អាយុ ៨០ ឆ្នាំ ទស្សនិកជននឹងទទួលបាននូវបទពិសោធន៍ម្ហូបអាហារយ៉ាងឈ្ងុយឆ្ងាញ់។ សិក្សាអំពីប្រវត្តិនៅពីក្រោយមុខម្ហូបនីមួយៗ ដើម្បីឱ្យអ្នកអាចត្រៀមខ្លួនមុនពេលធ្វើដំណើរទៅកាន់ប្រទេសដែលពិព័រណ៍ World Travel Awards បានប្រសិទ្ធនាមថាជា 'គោលដៅកុលិនារីឈានមុខគេក្នុងតំបន់អាស៊ី' កាលពីឆ្នាំ ២០១៩។
Anthony Bourdain: Parts Unknown (រដូវកាលទី ០៨, ភាគ ០១)
ក្ដីស្រឡាញ់របស់លោក Anthony Bourdain ចំពោះម្ហូបអាហារវៀតណាមត្រូវបានគេដឹងយ៉ាងច្បាស់។ រដូវកាលទី ៨ នៃកម្មវិធី Parts Unknown ចាប់ផ្តើមនៅទីក្រុងហាណូយ ជាកន្លែងដែលលោក Bourdain និងលោក Barack Obama ទទួលទានអាហារប៊ុនឆា (bún chả) ជាមួយគ្នា។ នៅក្នុងភាគនេះ ចុងភៅដ៏ល្បីល្បាញរូបនេះបានទៅទស្សនាស្តង់អាហារល្បីៗនៅតំបន់ចាស់ Old Quarter ក្នុងក្រុងហាណូយ ធ្វើដំណើរទៅកាន់ឈូងសមុទ្រហាឡុង (Hạ Long Bay) ដើម្បីញ៉ាំមឹកអាំងស្រស់ៗ និងបានបង្ហាញអតីតប្រធានាធិបតីពីរបៀបញ៉ាំមីផងដែរ។



