ប្រទេសវៀតណាមត្រូវបានគេស្គាល់តាមរយៈពណ៌ពីរគឺ៖ ពណ៌ក្រហមនៃទង់ជាតិ និងពណ៌បៃតងនៃដែនដីរបស់ខ្លួន។ ចាប់ពីផ្ទៃទឹកពណ៌ខៀវស្រងាត់នៃ Ha Long រហូតដល់វាលស្រែពណ៌បៃតងខ្ចីនៃ Sa Pa អ្នកទេសចរត្រូវបានទាក់ទាញចិត្តដោយទិដ្ឋភាពដ៏បៃតងស្រស់ រហូតមើលទៅស្ទើរតែស្អាតហួសពីការពិត។ នេះពិតជាករណីនៅក្នុងតំបន់មួយដែលមិនសូវមាននៅលើផែនទីទេសចរណ៍ដូចតំបន់ផ្សេងទៀត – នោះគឺ Moc Chau ដែលជាតំបន់ភ្នំមានចម្ងាយ ២០០ គីឡូម៉ែត្រពីហាណូយ និងត្រូវបានប្រសិទ្ធនាមថាជា «គ្រាប់ពន្លកបៃតង» នៃភាគពាយ័ព្យ។
អ្នកដើរប្រពន្ធ័ធម្មជាតិដែលដឹងច្បាស់ តែងតែមកទស្សនាដើម្បីកោតសរសើរភាពស្រស់ស្អាតនៃចម្ការតែជាច្រើន ចម្ការហូបផ្លែ វាលផ្កា ភ្នំ និងព្រៃឈើ ហើយនិងរីករាយជាមួយអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ឥឡូវនេះ ដោយសារ Moc Chau ត្រូវបានប្រកាសឈ្មោះជា 'World's Leading Regional Nature Destination 2022' នៅក្នុងកម្មវិធី World Travel Awards មនុស្សកាន់តែច្រើនបានដាក់តំបន់នេះនៅក្នុងផែនការធ្វើដំណើរកម្សាន្តរបស់ពួកគេ។
កំពុងគិតចង់ទៅកម្សាន្តនៅ Moc Chau ដើម្បីសម្រាកលំហែកាយជាមួយធម្មជាតិមែនទេ? នេះជាកន្លែងទស្សនា និងសកម្មភាពមួយចំនួនដែលត្រូវធ្វើ...
ជំពូក 01 —
ហែលទឹកនៅក្រោមទឹកធ្លាក់
ក្នុងនាមជា 'លំហបៃតង និងលំហខៀវ' – ទីកន្លែងក្នុងធម្មជាតិ និងនៅជិតទឹក រៀងៗខ្លួន – ការនៅជិតទឹកធ្លាក់គឺផ្តល់ប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់យើង។ បង្កើនអារម្មណ៍រីករាយរបស់អ្នកជាមួយដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់មួយក្នុងចំណោមទឹកធ្លាក់ជាច្រើននៅ Moc Chau។
ទឹកធ្លាក់ Nang Tien ("ទឹកធ្លាក់ទេពអប្សរ") ដែលមានចម្ងាយ ២៦គីឡូម៉ែត្រពី Moc Chau មានពីរជាន់។ ទឹកនៅអាងផ្នែកខាងក្រោមមានជម្រៅត្រឹមចង្កេះ ហើយមានប្រភពទឹកតូចៗជាច្រើនសម្រាប់ក្មេងៗលេងកម្សាន្ត។ ដើរតាមកាំជណ្តើរដែលមានស្លែទៅកាន់ជាន់លើ ហើយអ្នកនឹងទទួលបានអាងទឹកដែលមានជម្រៅជ្រៅល្មមសម្រាប់ហាត់សមជំនាញជិះក្តារ SUP របស់អ្នក។
កាន់តែជិតក្រុង ទឹកធ្លាក់មួយទៀតដែលមានសម្រស់ធម្មជាតិដ៏អស្ចារ្យគឺ Dai Yem (ហៅផងដែរថា Ban Vat)។ នេះពិតជាទឹកធ្លាក់ដែលទទួលបានការពេញនិយមបំផុតនៅក្នុងតំបន់ ហើយក៏ជាទឹកធ្លាក់មួយដែលគេកោតសរសើរបំផុតនៅក្នុងប្រទេសវៀតណាម។ វាមានពីរផ្នែក ដែលផ្នែកមួយមានទឹកធ្លាក់ចំនួនប្រាំបួន។ ចូរទៅលេងនៅរដូវវស្សាដើម្បីកោតសរសើរទឹកធ្លាក់ជាច្រើនដែលមានទំហំ និងប្រវែងខុសៗគ្នាបាញ់ហូរចូលទៅក្នុងអាងខាងក្រោម។ នៅជុំវិញទឹកធ្លាក់ មានសួនច្បារដែលបានរៀបចំយ៉ាងស្អាត និងឧបករណ៍សហការផ្សេងៗដើម្បីធ្វើឱ្យថ្ងៃលំហែកាយរបស់អ្នកមានភាពងាយស្រួល។
ជំពូក 02 —
ទស្សនាតំបន់ទេសចរណ៍ក្នុងព្រៃ
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ 'ការមុជស្រូបខ្យល់ព្រៃ' បានក្លាយជានិន្នាការសុខុមាលភាពដែលគាំទ្រដោយវិទ្យាសាស្ត្រ។ ស្រូបយកក្លិនប្រេងស្រល់ស្រស់នៅព្រៃស្រល់ Ban Ang នៃ Moc Chau។ ដើរជុំវិញបឹង ឬជួលកង់ជិះ។ ប្រសិនបើអ្នកទៅចំពេលវេលាត្រឹមត្រូវនៃឆ្នាំ អ្នកនឹងបានឃើញពណ៌លឿងដ៏ស្រស់ស្អាតនៃវាលផ្កាកាណូឡានៅជុំវិញនោះ។ នៅទីនេះក៏មានកសិដ្ឋានស្ត្រប៊ែរីផងដែរ ដែលអ្នកអាចបេះផ្លែឈើដ៏ឆ្ងាញ់ដោយផ្ទាល់ដៃសម្រាប់ដំណើរកម្សាន្តបែបពិកនិក។
សម្រាប់អារម្មណ៍នៃវប្បធម៌ និងប្រវត្តិសាស្ត្រ ចូរឆ្ពោះទៅកាន់សួនឧទ្យានព្រៃឈើ Tay Tien។ នៅទីនេះ អ្នកនឹងឃើញវិមាន Lam Vien Tay Tien។ វាត្រូវបានបង្កើតឡើងដោយទទួលបានការផុសគំនិតចេញពីកំណាព្យ «Tay Tien» ដោយអ្នកកវី Quang Dung ដែលជាទាហាននៅក្នុងកងវរៈសេនាតូច Tay Tien ដែលបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមតស៊ូប្រឆាំងបារាំង។
ជំពូក 03 —
ទៅបេះផ្លែឈើ
ដោយសារតែមានអាកាសធាតុសមរម្យ Moc Chau គឺស័ក្តិសមបំផុតសម្រាប់ការដាំដុះផ្លែឈើ ដែលជាហេតុធ្វើឱ្យទេសចរណ៍កសិកម្មមានការរីកចម្រើនយ៉ាងខ្លាំង។ ជាពិសេស អ្នកទេសចរទៅបេះ និងភ្លក់ផ្លែក្រូចពោធិ៍សាត់ ផ្លែទន្លាប់ ផ្លែអាព្រីខត ផ្លែស្ត្រប៊ែរី ផ្លែប៉េស និងផ្លែផ្លាំ។
តើអ្នកជាអ្នកថតរូបជើងថ្មីដែលចង់ថតរូបផ្កាផ្លាំពណ៌សកំពុងរីកស្កុសស្កាយដោយខ្លួនឯងមែនទេ? ចូរឆ្ពោះទៅកាន់ជ្រលងភ្នំ Na Ka ចាប់ពីពាក់កណ្តាលខែមករាដល់ចុងខែកុម្ភៈ។ ដើម្បីភ្លក់រសជាតិផ្លែឈើ ចូរទៅបេះផ្លែផ្លាំចាប់ពីខែមីនាដល់ខែឧសភា។
ជំពូក 04 —
រុករកកំពូលភ្នំ និងខ្ពង់រាប
កម្ពស់ (១ ០៥៤ ម៉ែត្រលើកម្រិតទឹកសមុទ្រ) ធ្វើឱ្យតំបន់នេះស័ក្តិសមបំផុតសម្រាប់ការដាំតែ ដែលជាភេសជ្ជៈដ៏ពេញនិយមមួយរបស់ប្រទេសវៀតណាម។ តាមពិតទៅ Moc Chau គឺជាទីតាំងនៃចម្ការតែដ៏ធំបំផុតនៅក្នុងប្រទេស។ ភ្នំតែដ៏ស្រស់ស្អាតទាំងនេះ ដែលមានចម្ងាយប្រហែល ២៥ នាទីពីទីក្រុង គឺជាកន្លែងដែលមិនគួររំលងឡើយ។ ភ្នំរលកៗដែលមើលទៅដូចជាត្រូវបានលាបពណ៌ដោយជួរនៃដើមតែលាតសន្ធឹងដាច់កន្ទុយភ្នែក។ លើសពីនេះទៅទៀត ពួកវាត្រូវបានថែទាំដោយជនជាតិនាយភាគតិច ដែលជាទូទៅស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីពណ៌ស្រស់ឆើតឆាយ ដែលបង្កើតបានជាពណ៌ផ្ទុយគ្នាយ៉ាងត្រកាល។ រៀបចំដំណើរកម្សាន្តមើលចម្ការតែចាប់ពីខែមេសាដល់ខែធ្នូ ដើម្បីរៀនពីរបៀបបេះ និងកែច្នៃតែ។ មុនពេលអ្នកត្រឡប់ទៅវិញ ចូរភ្លក់រសជាតិតែ និងទិញតែយកទៅផ្ទះ។ នៅក្នុងដំណើរកម្សាន្តមួយចំនួន អ្នកអាចជួលសម្លៀកបំពាក់ប្រពៃណីដើម្បីថតរូបបាន។ អ្នករត់ប្រណាំងតាមគន្លងធម្មជាតិគួរតែពិចារណាចូលរួមក្នុងកម្មវិធីរត់ប្រណាំងផ្លូវឆ្ងាយប្រចាំឆ្នាំ Vietnam Trail Marathon ដែលរត់ឆ្លងកាត់ចម្ការតែទាំងនេះ។
ចង់ឡើងភ្នំមែនទេ? ធ្វើដំណើរកម្សាន្តចម្ងាយ ៤០ គីឡូម៉ែត្រទៅកាន់កំពូលភ្នំ Pha Luong ដែលជា «ដំបូលនៃ Moc Chau» នៅកម្ពស់ ២ ០០០ ម៉ែត្រលើកម្រិតទឹកសមុទ្រ។ ផ្លូវទៅកាន់ទីនោះមានការលំបាកប្រឈម ហើយការឡើងភ្នំត្រូវចំណាយពេលពីមួយទៅបួនម៉ោង អាស្រ័យលើកាយសម្បទារបស់អ្នក។
ជម្រើសមួយទៀតដែលស័ក្តិសមសម្រាប់គ្រួសារទាំងមូល (ប្រសិនបើពួកគេមិនខ្លាចកម្ពស់) គឺការដើរលើស្ពានបាតកញ្ចក់វែងជាងគេបំផុតនៅលើពិភពលោក Bach Long («នាគស»)។ ជាមួយនឹងកម្ពស់ ១៥០ ម៉ែត្រ និងប្រវែង ៦៣៣ ម៉ែត្រ ស្ពានយោលថ្លានេះបានឈ្នះកំណត់ត្រាពិភពលោក Guinness នៅដើមឆ្នាំ ២០២២។ ហ៊ានដើរលើផ្លូវដើរនេះដើម្បីទស្សនាទិដ្ឋភាពទូទៅដ៏គួរឱ្យស្ញប់ស្ញែង។
ជំពូក 05 —
ដើរទស្សនាល្អាងភ្នំ
ទីណាមានភ្នំ ទីនោះតែងមានល្អាង។ ម៉ុកចៅ (Moc Chau) មានល្អាងយ៉ាងច្រើន។ ជាពិសេស មាន «ល្អាងប្រចៀវ» (Son Moc Huong) នៅតាមបណ្តោយផ្លូវសំខាន់ឆ្លងកាត់ទីប្រជុំជន។ ចែកកាំជណ្ដើរដ៏ចោទដើម្បីទៅដល់ល្អាងដ៏អាថ៌កំបាំងដែលពោរពេញទៅដោយអាសនៈបូជា ថ្មខ្នុរ ថ្មពន្លក – និងសត្វប្រចៀវ។ ព្រេងនិទានតំណាលថា មាននាគមួយបានហោះកាត់តំបន់នេះ ហើយដោយសារតែបានឃើញសម្រស់ដ៏ស្រស់ស្អាត នាគក៏បានសម្រេចចិត្តឈប់ និងរស់នៅទីនេះ។ ដើម្បីជាការថ្លែងអំណរគុណ នាគបានប្រគល់គ្រាប់គុជចំនួន ៧ គ្រាប់ដល់ទីកន្លែងនេះ ដែលក្រោយមកបានក្លាយជាភ្នំទាំង ៧។
ប្រភព៖ អ៊ីនធឺណិត
ជំពូក 06 —
ដើរព្រៃនៅតំបន់អភិរក្សធម្មជាតិ
ដើម្បីទស្សនារុក្ខជាតិ សត្វព្រៃ ទឹកជ្រោះ និងល្អាងភ្នំយ៉ាងសម្បូរបែប សូមអញ្ជើញទៅកាន់តំបន់អភិរក្សធម្មជាតិ Xuan Nha ដែលមានផ្ទៃដីព្រៃធម្មជាតិប្រមាណ ២៣ ០០០ ហិកតា។ ផ្នែកខ្លះនៃតំបន់នេះត្រូវបានគ្របដណ្ដប់ដោយភ្នំថ្មកំបោរ ដូច្នេះអ្នកអាចស្រមៃមើលពីទេសភាពដ៏អស្ចារ្យដែលកំពុងរង់ចាំអ្នក។ អ្នកដែលចូលចិត្តផ្នែករុក្ខសាស្ត្រនឹងរីករាយជាខ្លាំង ដោយសារតែរុក្ខជាតិដ៏សម្បូរបែបរួមមានរុក្ខជាតិឱសថ និងប្រភេទជិតផុតពូជ។ លើសពីនេះ គេបានរកឃើញប្រភេទសត្វថនិកសត្វ ១៦០ ប្រភេទ សត្វស្លាប ៤៨ ប្រភេទ សត្វលូនវារ ៤៤ ប្រភេទ និងសត្វទ្វេជីវិត ១៩ ប្រភេទនៅទីនេះ។
ជំពូក 07 —
សម្រាកនៅលើផ្ទះផុតដី
ម៉ុកចៅ ជាជម្រកនៃក្រុមជនជាតិភាគតិចខុសៗគ្នា ១២ ក្រុម ដែលភាគច្រើននៃពួកគេរស់នៅក្នុងផ្ទះផុតដី។ ផ្ទះទាំងនេះអាចរកឃើញនៅតាមទីតាំងនានា រួមមានភូមិ Doi, ភូមិ Hoa និងភូមិ Ang។ កក់ការស្នាក់នៅបែបហូមស្តេនៅទីនេះ ដើម្បីសម្រាកលើផ្ទះផុតដី ភ្លក់មុខម្ហូបប្រពៃណី និងសិក្សាស្វែងយល់បន្ថែមអំពីរបៀបរស់នៅប្លែកអារម្មណ៍ និងខុសប្លែកពីគេ។




