សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

មគ្គុទ្ទេសក៍សម្រាប់អ្នកធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យតេត

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឬបុណ្យ Tết Nguyên Đán គឺជាការអបអរសាទរដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម។ នៅទូទាំងប្រទេសវៀតណាម ក្នុងអំឡុងពេលនេះ គ្រួសារជួបជុំគ្នាឡើងវិញ និងគោរពបូជាបុព្វបុរសរបស់ពួកគេ ព្រមទាំងបួងសួងសុំសំណាងល្អ ភាពសំបូរសប្បាយ និងសុខភាពល្អក្នុងឆ្នាំថ្មី។ ថ្ងៃឈប់សម្រាកជាសាធារណៈអាចមានរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ ការអបអរសាទរបុណ្យ Tết មានរយៈពេលយូរជាងនេះ។ ប្រសិនបើអ្នកកំពុងទស្សនាប្រទេសវៀតណាមជុំវិញបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នេះជាអ្វីដែលអ្នកអាចរំពឹងទុក។ 

ការធ្វើដំណើរបុណ្យ Tet 2020 នៅវៀតណាម

ជំពូក 01 —

ការចាប់ផ្តើមថ្មី

បុណ្យ Tết សម្គាល់ថ្ងៃដំបូងនៃឆ្នាំថ្មីប្រពៃណីចិន និងជាការចាប់ផ្តើមនៃរដូវផ្ការីកនៅភាគខាងជើងនៃប្រទេសវៀតណាម។ ពិធីបុណ្យនេះមានប្រភពដើមតាំងពីសម័យដើមនៃការតាំងលំនៅឋានរបស់ជនជាតិវៀតណាមនៅតំបន់ដីសណ្តទន្លេក្រហម នៅពេលដែលបុណ្យ Tết មានន័យថាជាវដ្តថ្មីនៃការដាំដុះស្រូវស្រែ។ នាពេលបច្ចុប្បន្ន អត្ថន័យនៃពិធីបុណ្យនេះមានជម្រៅជ្រៅជាងឫសគល់កសិកម្មរបស់វា៖ វប្បធម៌វៀតណាមផ្តោតលើសារៈសំខាន់នៃការចាប់ផ្តើមថ្មីដ៏មានសិរីមង្គល ដោយឡោមព័ទ្ធដោយគ្រួសារ និងមនុស្សជាទីស្រឡាញ់។

ពិធីបុណ្យ tet នៅវៀតណាម

ជំពូក 02 —

ការរៀបចំខ្លួន

នៅទូទាំងប្រទេសវៀតណាម ការរៀបចំសម្រាប់បុណ្យ Tết ចាប់ផ្តើមជាច្រើនសប្តាហ៍ជាមុន ដោយសារការសម្អាត ការតុបតែង និងការរៀបចំឱ្យស្អាតបាតគឺជាផ្នែកមួយយ៉ាងធំនៃប្រពៃណីបុណ្យនេះ។ ប្រជាជនវៀតណាមទិញខោអាវថ្មី កាត់សក់ ស្លរម្ហូបពិសេសៗ ទិញផ្កា និងថែមទាំងលាងម៉ូតូរបស់ពួកគេទៀតផង។ ផ្ទះ និងការិយាល័យនីមួយៗនឹងតុបតែងដោយបដា 'Chúc Mừng Năm Mới' ហើយដើមក្រូចឃ្វិច ឬដើមផ្កា peach នឹងត្រូវដាក់នៅកន្លែងដ៏មានកិត្តិយស។ ដើមក្រូចឃ្វិចកាន់តែធំ គ្រួសារនោះនឹងទទួលបានភាពសំបូរសប្បាយ និងសុខភាពកាន់តែល្អក្នុងឆ្នាំថ្មី។ ផ្លូវថ្នល់ពោរពេញដោយពណ៌ឆើតឆាយ នៅពេលដែលដើមឈើទាំងនេះត្រូវបានដឹកជញ្ជូននៅលើកែបម៉ូតូ។ ក្នុងការរង់ចាំថ្ងៃឈប់សម្រាកដ៏វែងឆ្ងាយនេះ បរិយាកាសរីករាយនៃពិធីបុណ្យបានគ្របដណ្តប់ពេញផ្ទៃប្រទេស។ 

គន្លឹះ៖ ការអបអរសាទរបុណ្យ Tết ចាប់ផ្តើមបីថ្ងៃមុនចូលឆ្នាំថ្មីប្រពៃណីចិន និងមានរយៈពេលពីរបីថ្ងៃបន្ទាប់ពីនោះ។ ព្យាយាមចៀសវាងការធ្វើដំណើរកម្សាន្តជុំវិញប្រទេសវៀតណាមនៅពេលនេះ ព្រោះមជ្ឈមណ្ឌលដឹកជញ្ជូននឹងមានភាពកកកុញខ្លាំង ហើយសំបុត្រអាចនឹងលក់អស់។ ក្នុងឆ្នាំ ២០២១ ថ្ងៃដំបូងនៃឆ្នាំថ្មីប្រពៃណីចិនគឺថ្ងៃសុក្រ ទី ១២ ខែកុម្ភៈ។ 

បុណ្យ Tet វៀតណាម ២០២០

ជំពូក 03 —

បញ្ជីទិញទំនិញ

នៅក្នុងថ្ងៃមុនបុណ្យ Tết ផ្សារ និងផ្លូវថ្នល់ពោរពេញដោយអ្នកទិញទំនិញយ៉ាងកកកុញ។ ស្ត្រីមេផ្ទះដែលរវល់បានជ្រើសរើសទិញក្រដាសក្រពង់ ផ្កាកម្រងក្រដាស និងគ្រឿងតុបតែងពណ៌ក្រហម និងពណ៌មាសដ៏មានសិរីមង្គល ដែលមានរាងដូចត្រី កាក់ ផាវ និងផ្កា។ ឆ្នាំចិននីមួយៗត្រូវបានតំណាងដោយសត្វរាសី ដែលត្រូវបានបង្ហាញនៅលើស្ទីគ័រភ្លឺចាំង ឬនៅលើគោមក្រដាស។ អ្នកស្រុកយក bao lì xì ពណ៌ក្រហមជាច្រើនដុំទៅផ្ទះ - ស្រោមសំបុត្រប្រាក់សំណាង - ដែលជាទូទៅត្រូវបានផ្តល់ជូនដោយចាស់ទុំដល់សមាជិកគ្រួសារដែលក្មេងជាង ឬដោយអ្នកគ្រប់គ្រងដល់បុគ្គលិក។ វាជាសញ្ញានៃភាពពេញវ័យសម្រាប់យុវជនវៀតណាមក្នុងការឈប់ទទួលយក lì xì ហើយចាប់ផ្តើមជូនវាវិញ។ 

បុណ្យ Tet នៅវៀតណាម

ជំពូក 04 —

ការធ្វើម្ហូបក្នុងថ្ងៃឈប់សម្រាក

អាហារ -- ជាពិសេសនំបុណ្យ Tết bánh chưng -- គឺជាសមាសភាគដ៏សំខាន់មួយនៃការអបអរសាទរ។ យោងតាមរឿងព្រេងប្រជាប្រិយ ព្រះរាជា Hùng ចុងក្រោយមិនអាចសម្រេចព្រះទ័យថាបុត្រារបស់ទ្រង់មួយណានឹងឡើងស្នងរាជសម្បត្តិឡើយ ដូច្នេះទ្រង់បានរៀបចំការប្រកួតប្រជែងមួយដើម្បីស្វែងរកបុត្រាដែលអាចយកម្ហូបដ៏ល្អបំផុតនៅក្នុងលោកមកថ្វាយទ្រង់។ បុត្រាម្នាក់បានលេចធ្លោ ដោយទ្រង់បានថ្វាយនំអង្ករដំណើបពីរប្រភេទនេះដែលតំណាងឱ្យមេឃ និងដី។ មុខម្ហូបដ៏សាមញ្ញទាំងនេះបានធ្វើឱ្យព្រះរាជាពេញព្រះទ័យយ៉ាងខ្លាំង ហើយទ្រង់ក៏បានប្រគល់រាជសម្បត្តិឱ្យទៅបុត្រាអង្គនោះ។ នៅទូទាំងប្រទេសវៀតណាម គ្រួសារនានានឹងអង្គុយពិសារអាហារជប់លៀងពេញមួយថ្ងៃ និងរៀបចំផ្លែឈើដំណាប់ក្នុងប្រអប់យ៉ាងស្អាតសម្រាប់ភ្ញៀវពិសា។

គន្លឹះ៖ នៅហាណូយ អ្នកអាចទិញ bánh chưng នៅហាង Quốc Hương លើផ្លូវ Hàng Bông ដែលបានលក់នំទាំងនេះអស់រយៈពេល ២០០ ឆ្នាំមកហើយ។

ប្រពៃណីបុណ្យ tet វៀតណាម

អាហារពេលល្ងាចប្រពៃណីបុណ្យ Tết គឺជាឱកាសដ៏សំខាន់សម្រាប់សមាជិកគ្រួសារក្នុងការជួបជុំ និងនិយាយអំពីឆ្នាំកន្លងផុតទៅ។ តំបន់នីមួយៗមានមុខម្ហូបប្រចាំតំបន់រៀងៗខ្លួន។ នៅភាគខាងជើង nem (ប្រលិតបំពង) bánh chưng (នំចាំងអង្ករដំណើប) និងមាន់ស្ងោរទាំងមូល គឺជាមុខម្ហូបចាំបាច់មួយចំនួន។ អាហារបុណ្យ Tết ភាគខាងត្បូងត្រូវបានធ្វើឡើងពីសាច់ជ្រូកខ ស៊ុបម្រះ និងញាំមាន់ ព្រមទាំងមុខម្ហូបផ្សេងទៀត។ មុខម្ហូបជាច្រើនតំណាងឱ្យការឆ្លងផុតភាពលំបាក ក៏ដូចជាសង្ឃឹមថ្មីសម្រាប់ឆ្នាំថ្មី។

អំពីបុណ្យ tet នៅវៀតណាម

ជំពូក 05 —

បុណ្យ Tết នៅហាណូយ

ការដើរកម្សាន្តជុំវិញផ្សារផ្កា Quảng Bá នៅជិតបឹងខាងលិច (West Lake) គឺជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាននៅសប្តាហ៍មុនបុណ្យ Tết។ អ្នកទិញទំនិញដែលស្លៀកពាក់អាវរងាយ៉ាងជិតដើម្បីការពារភាពត្រជាក់ បានទិញមែកផ្កា peach ពណ៌ស៊ីជម្ពូដ៏ល្អបំផុតដែលពួកគេអាចទិញបាន ដើម្បីនាំមកនូវសំណាងល្អក្នុងឆ្នាំថ្មី។ រាត្រីមុនថ្ងៃបុណ្យ Tết ត្រូវបានមើលឃើញល្អបំផុតនៅក្នុងច្រកឌឿងហែមនៃតំបន់ចាស់ (Old Quarter) ដែលជាកន្លែងតុសែនបណ្តោះអាសន្នរាប់រយបានលេចឡើងនៅលើចិញ្ចើមផ្លូវ ដោយមានរៀបចំសំណែនផ្លែឈើ និងមាន់ស្ងោរ។ 

គន្លឹះ៖ កាំជ្រួច​នឹង​ត្រូវ​បាន​បាញ់​នៅ​តាម​បណ្ដា​ក្រុង​ធំៗ​នៃ​ប្រទេស​វៀតណាម​នា​រាត្រី​មុន​ថ្ងៃ​បុណ្យ​តេត (ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១) ដូច្នេះ​សូម​ស្វែងរក​ទីតាំង​នៅ​ខាងក្រៅ ដើម្បី​ទស្សនា​ពន្លឺ​កាំជ្រួច​ភ្លឺ​ចែងចាំង​លើ​ផ្ទៃមេឃ​នៅ​ពាក់កណ្ដាល​អធ្រាត្រ។ 

ពិធីបុណ្យតេត ឆ្នាំ ២០២០

ជំពូក 06 —

បុណ្យតេតនៅទីក្រុងហូជីមិញ

នៅ​ភាគ​ខាងត្បូង ផ្កា​អង្គាសីល​ពណ៌​លឿង​តំណាង​ឱ្យ​ពិធី​បុណ្យចូលឆ្នាំ​ច័ន្ទគតិ។ ពិធីបុណ្យ​តេត​នៅ​ទីក្រុង​ហូជីមិញ​មាន​ពណ៌សោភ័ណ​ស្រស់ស្អាត​មិន​ចាញ់​នៅ​ភាគ​ខាងជើង​ឡើយ។ ផ្លូវ Nguyễn Huệ នៅ​ខណ្ឌ ១ គឺ​ជា​កន្លែង​រៀបចំ​ពិព័រណ៍​ផ្កា​ធំជាងគេ​ក្នុង​ប្រទេស។ សូម​ចូលរួម​ជាមួយ​ហ្វូង​មនុស្ស -- គ្រួសារ​ដែល​ស្លៀកពាក់​ខោអាវ​ថ្មីៗ និង​ស្ត្រី​វ័យក្មេង​ក្នុង​ឈុត​អាវយ៉ាយ (áo dài) កាន់​ឈើ​ថតរូប​សែលហ្វី -- ដើម្បី​កម្សាន្ត​សម្លឹង​មើល​ការ​លម្អ​ផ្កា​យ៉ាង​ស្អាត​អស្ចារ្យ។

គន្លឹះ​នៃ​ការ​ដើរ​កម្សាន្ត​បុណ្យ​តេត​សម្រាប់​អ្នក​ធ្វើដំណើរ

មគ្គុទ្ទេសក៍ពិធីបុណ្យតេតនៅវៀតណាម

- ប្រជាជន​មកពី​គ្រប់​ទិសទី​ក្នុង​ប្រទេស​នឹង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​សម្រាប់​ពិធីបុណ្យ​តេត ដែល​ធ្វើឱ្យ​មាន​តម្រូវការ​ខ្លាំង​លើ​សំបុត្រ​រថយន្តក្រុង រថភ្លើង និង​យន្តហោះ ព្រមទាំង​បន្ទប់​សណ្ឋាគារ។ ប្រសិនបើ​អ្នក​ត្រូវ​ធ្វើដំណើរ​ក្នុង​អំឡុង​ពេល​នេះ សូម​ព្យាយាម​កក់​សំបុត្រ​ធ្វើដំណើរ និង​កន្លែង​ស្នាក់នៅ​ឱ្យ​បាន​មុន​វេលា​យូរ។

- ដោយសារ​បុគ្គលិក​ជាច្រើន​បាន​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ អាជីវកម្ម និង​ភោជនីយដ្ឋាន​ភាគច្រើន​តែងតែ​បិទទ្វារ​យ៉ាងហោចណាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​បុណ្យ​តេត។ សូម​ត្រៀម​ចិត្ត​ថា​ក្រុង​នានា​នឹង​ស្ងប់ស្ងាត់​ក្នុង​អំឡុង​ពេល​នេះ ព្រមទាំង​មាន​ជម្រើស​អាហារ និង​ការ​ទិញទំនិញ​មាន​កម្រិត។

- ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​បុណ្យ​តេត គឺ​ជា​ឱកាស​ដ៏​កម្រ​មួយ​ក្នុង​ការ​ទស្សនា​ទីក្រុង​ធំៗ​នៃ​ប្រទេស​វៀតណាម​ដែល​ប្រាសចាក​ពី​សំឡេង​រំខាន និង​ការកកស្ទះ​ចរាចរណ៍។ សូម​ទាញយក​ផលប្រយោជន៍​ពី​ភាពស្ងប់ស្ងាត់​នេះ ហើយ​ដើរ​កម្សាន្ត​ដោយ​កង់ ម៉ូតូ ឬ​ដើរ​ដោយ​ជើង។

- អ្នក​អាច​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅ​លេង​ផ្ទះ​របស់​គ្រួសារ​ណាមួយ​ក្នុង​ឱកាស​បុណ្យ​តេត ដែល​ជា​កិត្តិយស​ដ៏​ធំធេង។ ក្នុង​អំឡុង​ពេល​បុណ្យ​តេត វា​មាន​សារៈសំខាន់​ណាស់​ដែល​មិនត្រូវ​ចូល​ទៅ​លេង​ផ្ទះ​ជនជាតិ​វៀតណាម​ណា​ម្នាក់​ដោយ​គ្មាន​ការអញ្ជើញ​ឡើយ ព្រោះ​ភ្ញៀវ​ដំបូង​គេ​នៃ​ឆ្នាំ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ពិសេស​ដើម្បី​នាំ​សំណាងល្អ​មក​ឱ្យ​គ្រួសារ​នីមួយៗ។

- ការ​ជូនពរ​ដ៏​កក់ក្ដៅ​ត្រូវ​បាន​គេ​កោតសរសើរ និង​ចូលចិត្ត​យ៉ាងខ្លាំង​នៅ​ជុំវិញ និង​ក្នុង​អំឡុង​ពេល​បុណ្យ​តេត។ នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី សូម​ញញឹម ហើយ​និយាយ​ថា “Chúc Mừng Năm Mới” (រីករាយ​ឆ្នាំ​ថ្មី) ទៅកាន់​អ្នក​រាល់គ្នា​ដែល​អ្នក​បាន​ជួប!

ចង់បានគំនិតធ្វើដំណើរកម្សាន្តនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតរបស់យើងក្នុងប្រអប់សាររបស់អ្នក។