
ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩ (ហាណូយ ប្រទេសវៀតណាម) – ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងអនុវត្តគោលការណ៍ Piece Concept (កំណត់តាមចំនួនវ៉ាលី) សម្រាប់ការអនុញ្ញាតអីវ៉ាន់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ដោយជំនួសឲ្យគោលការណ៍ Weight Concept (កំណត់តាមទម្ងន់) នាពេលបច្ចុប្បន្ន។ ក្រោមគោលការណ៍ Piece Concept ការអនុញ្ញាតអីវ៉ាន់ដោយឥតគិតថ្លៃ ត្រូវបានកំណត់ដោយចំនួនកញ្ចប់អីវ៉ាន់ ជាជាងទម្ងន់សរុបដែលអ្នកដំណើរអាចយកតាមខ្លួន។
អ្នកដំណើរដែលទិញសំបុត្រមុនថ្ងៃទី ៣១ ខែកក្កដា នៅតែទទួលបានការអនុញ្ញាតអីវ៉ាន់តាមស្តង់ដារដែលបានបញ្ជាក់នៅលើសំបុត្រដែលមានស្រាប់របស់ពួកគេ។ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ណែនាំដល់អ្នកដែលកក់សំបុត្របន្ទាប់ពីកាលបរិច្ឆេទនោះ ឲ្យពិនិត្យមើលគោលការណ៍អីវ៉ាន់សម្រាប់កាលបរិច្ឆេទធ្វើដំណើររបស់ពួកគេ។
គោលការណ៍ Piece Concept ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក រួមមាន Air France, British Airways, All Nippon Airways និង Korean Air។ ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យគោលការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ស្របគ្នានឹងក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀត ដែលផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់អ្នកដំណើរដែលមានជើងហោះហើរតភ្ជាប់។
ក្រោមគោលការណ៍ថ្មីនេះ អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម (Business Class) នឹងទទួលបានការអនុញ្ញាតដោយឥតគិតថ្លៃចំនួន ១ កញ្ចប់ (៣២គីឡូក្រាម) លើផ្លូវហោះហើរក្នុងស្រុកវៀតណាម និងវៀតណាម - អាស៊ីអាគ្នេយ៍ ហើយចំនួន ២ កញ្ចប់ (៣២គីឡូក្រាម/ក្នុងមួយកញ្ចប់) លើផ្លូវហោះហើរវៀតណាម - អាស៊ីខាងជើង, អឺរ៉ុប, អូស្ត្រាលី និងអាមេរិក។
អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) មានសិទ្ធិនាំយក ១ កញ្ចប់ (២៣គីឡូក្រាម) លើផ្លូវហោះហើរក្នុងស្រុកវៀតណាម និងវៀតណាម – អាស៊ីអាគ្នេយ៍, អាស៊ីខាងជើង, អឺរ៉ុប និងអូស្ត្រាលី ហើយចំនួន ២ កញ្ចប់ (២៣គីឡូក្រាម/ក្នុងមួយកញ្ចប់) លើផ្លូវហោះហើរវៀតណាម - ជប៉ុន និងអាមេរិក។
អ្នកដំណើរថ្នាក់សន្សំសំចៃជាន់ខ្ពស់ (Premium Economy) អាចទទួលបាន ២ កញ្ចប់ (២៣គីឡូក្រាម/ក្នុងមួយកញ្ចប់) លើផ្លូវហោះហើរវៀតណាម - អាស៊ីខាងជើង, អឺរ៉ុប, អូស្ត្រាលី និងអាមេរិក ហើយចំនួន ១ កញ្ចប់ (៣២គីឡូក្រាម) លើផ្លូវហោះហើរ ហាណូយ – ហូជីមិញ។
ពាក់ព័ន្ធនឹងអីវ៉ាន់យួរដៃ ចំនួនកញ្ចប់ដែលបានអនុញ្ញាតនៅតែដដែល ប៉ុន្តែទម្ងន់អតិបរមានៃកញ្ចប់នីមួយៗនឹងត្រូវបានកើនឡើង។ អ្នកដំណើរថ្នាក់សន្សំសំចៃអាចយកមកតាមខ្លួន ១ កញ្ចប់ បូករួមទាំងសម្ភារតូចមួយ (សរុបមិនលើសពី ១២គីឡូក្រាម) ខណៈដែលអ្នកដំណើរថ្នាក់សន្សំសំចៃជាន់ខ្ពស់ និងថ្នាក់ពាណិជ្ជកម្មអាចយកមកតាមខ្លួន ២ កញ្ចប់ បូករួមទាំងសម្ភារតូចមួយ (សរុបមិនលើសពី ១៨គីឡូក្រាម)។ លក្ខខណ្ឌទាំងនេះអាចមានការកម្រិត ផ្អែកលើករណីជាក់ស្តែង។
អ្នកដំណើរថ្នាក់សន្សំសំចៃដែលធ្វើដំណើរលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទៅ និងមកពីអឺរ៉ុប និងអូស្ត្រាលី ចាប់ពីថ្ងៃទី ១ ខែសីហា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ នឹងទទួលបានការអនុញ្ញាតបន្ថែមអីវ៉ាន់ ១ កញ្ចប់ទៀត (២៣គីឡូក្រាម)។ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏នឹងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០% លើការទិញជាមុនមុនពេលហោះហើរ ព្រមទាំងកម្រៃសេវាបន្ថែមអីវ៉ាន់ផងដែរ។
វិធានការអីវ៉ាន់ថ្មីទាំងនេះត្រូវបានអនុវត្តលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines តែប៉ុណ្ណោះ។ អ្នកដំណើរដែលធ្វើដំណើរលើសេវាកម្មហោះហើរតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត គួរតែពិគ្រោះជាមួយគោលការណ៍អីវ៉ាន់របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ គេហទំព័ររបស់ Vietnam Airlines ឬទាក់ទងភ្នាក់ងារ ទីភ្នាក់ងារលក់សំបុត្រ ឬផ្នែកបម្រើអតិថិជនរបស់ Vietnam Airlines តាមរយៈលេខ +84 24 38320320។