នឹកដល់រសជាតិម្ហូបវៀតណាមមែនទេ? ដល់ពេលត្រូវបង្ហាញស្នាដៃច្នៃប្រឌិតនៅក្នុងផ្ទះបាយរបស់អ្នកហើយ។ រីករាយជាមួយម្ហូបវៀតណាមដើមនៅឯផ្ទះជាមួយរូបមន្តដ៏ងាយស្រួលទាំងប្រាំនេះ។ ទស្សនាវីដេអូខាងក្រោមដើម្បីមើលពីវិធីធ្វើម្ហូបវៀតណាមបុរាណចំនួនប្រាំមុខតាមដំណាក់កាល រួចទាញយក សៀវភៅរូបមន្ត សម្រាប់កម្រិតរង្វាស់ និងការណែនាំលម្អិត។ សូមរីករាយក្នុងការធ្វើម្ហូប!
ជំពូក 01 —
Bánh xèo | នំផេនខេកស្រួយ
នៅប្រទេសវៀតណាម នំផេនខេកប្រៃស្រួយនេះមានច្រើនទំហំ ប៉ុន្តែវាតែងតែត្រូវបានមូលជាមួយបន្លែបៃតងស្រស់ និងរុក្ខជាតិតែស រួចជ្រលក់ក្នុងទឹកត្រីលាយស្រាលៗ ដើម្បីទទួលបានរសជាតិ និងអារម្មណ៍ប្លែកមាត់។ ការលាយម្សៅ Bánh xèo ឲ្យត្រូវសមាមាត្រល្អគឺជាការប្រឈមធំបំផុត ប៉ុន្តែលទ្ធផលដែលទទួលបានគឺពិតជាស័ក្តិសមណាស់។ ទទួលទាន Bánh xèo នៅក្តៅៗ ហើយញ៉ាំនីមួយៗដោយប្រើដៃរបស់អ្នក ដើម្បីទទួលបានបទពិសោធន៍ពេញលេញ។
អានបន្ថែម៖ នំមូលវៀតណាមឆ្ងាញ់ៗទាំង ១០ មុខ
ជំពូក 02 —
Cá kho tộ | ត្រីខឆ្នាំងដី
ត្រីខស្ករកកក្នុងឆ្នាំងដី គឺជាម្ហូបមួយមុខដែលនឹងនាំអារម្មណ៍អ្នកត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញភ្លាមៗ។ រំដេង ម្ទេស និងម្រេចខ្ចី រួមផ្សំជាមួយត្រីទឹកសាប និងទឹកដូងផ្អែម បង្កើតបានជាម្ហូបបុរាណប្រចាំតំបន់ វាលទំនាបទន្លេមេគង្គ។ ការអាំងត្រីក្នុងឆ្នាំងដីនៅក្នុងឡ ធ្វើឲ្យទឹកជ្រលក់មានឱកាសក្លាយជាស្ករកក និងធ្វើឲ្យសាច់ត្រីទន់ផុយល្អ។
ជំពូក 03 —
Đậu phụ sốt cà | តៅហ៊ូខទឹកប៉េងប៉ោះ
តៅហ៊ូខទឹកប៉េងប៉ោះ គឺជាម្ហូបសាមញ្ញមួយដែលចុងភៅវៀតណាមគ្រប់រូបស្គាល់យ៉ាងច្បាស់។ តៅហ៊ូចៀនរំងាស់ក្នុងទឹកប៉េងប៉ោះ រួចរោយស្លឹកខ្ទឹមស្រស់ពីលើ បង្កើតបានជា អាហារបួស ដ៏ងាយស្រួល និងមានសុខភាពល្អ។ ប្រាកដថាត្រូវប្រើតៅហ៊ូស្រស់ និងរឹងល្អសម្រាប់រូបមន្តនេះ។ ទទួលទានតៅហ៊ូជាមួយឆាត្រកួនខ្ទឹមស បាយស និងទឹកត្រី សម្រាប់អាហារថ្ងៃត្រង់បែបស្រុកស្រែពិតៗ។
ជំពូក 04 —
Bánh mì trứng | នំប៉័ងគៀបពងទា
មាន រាប់រយទម្រង់ នៃនំប៉័ង Bánh mì នៅប្រទេសវៀតណាម ប៉ុន្តែ នំប៉័ងបាហ្គេតគៀបពងទាចៀនក្តៅៗនេះ គឺជាអាហារពេលព្រឹក ឬអាហារសម្រន់ដ៏ឆ្ងាញ់ពេញនិយមនៅទូទាំងប្រទេស។ អ្នកប្រហែលជាចូលចិត្តអាំងនំប៉័ងបាហ្គេតរបស់អ្នកលើចង្រ្កានអាំង ដើម្បីឲ្យវាក្តៅ និងស្រួយ មុនពេលដាក់គ្រឿងគៀប។ អ្នកក៏អាចបន្ថែមរសជាតិ Bánh mì របស់អ្នកជាមួយប៊័រ ទឹកម្ទេស ឬប៉េងប៉ោះ ឬជ្រើសរើសបែបបួសជាមួយតៅហ៊ូប្រឡាក់គ្រឿងរបស់យើងបានផងដែរ។
ជំពូក 05 —
Bún thang | ស៊ុបគុយទាវសាច់មាន់
សាច់មាន់ សាច់ក្រក ពងទា ផ្សិត បង្គា និងរុក្ខជាតិតែស ត្រូវបានលាយបញ្ចូលគ្នាយ៉ាងពិសេសនៅក្នុង ស៊ុបគុយទាវ ស្ទាយហាណូយតែមួយគត់នេះ។ ទឹកស៊ុបក្តៅថ្លា ជាមួយគុយទាវទន់ល្មើយ និងគ្រឿងរោយពីលើដែលហាន់ជាសរសៃៗ ធ្វើឲ្យជនជាតិវៀតណាមនឹកឃើញដល់ការជួបជុំគ្រួសារ និងអាហារថ្ងៃត្រង់នាថ្ងៃអាទិត្យ។ បង្កើនរសជាតិនៃចាន Bún thang របស់អ្នកទៅកម្រិតមួយទៀត ដោយបន្ថែមប្រហុកបង្គាបន្តិច និងច្របាច់ក្រូចឆ្មារមួយចំណិត។
សាកល្បងធ្វើម្ហូបទាំងនេះដោយខ្លួនឯង! ទាញយករូបមន្តធ្វើម្ហូប។




