«យើងបានតាមដានមើលវិស័យអាហារូបត្ថម្ភរបស់វៀតណាមក្នុងរយៈពេលយ៉ាងយូរមកហើយ ហើយយើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលនៅទីបំផុតបានប្រកាសពីបញ្ជីជ្រើសរើសភោជនីយដ្ឋានជាលើកដំបូងបង្អស់នៃ MICHELIN Guide សម្រាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ» លោក Gwendal Poullennec នាយកអន្តរជាតិនៃ MICHELIN Guide បានប្រសាសន៍។ «ទីក្រុងហូជីមិញ មិនត្រឹមតែជាទីក្រុងធំបំផុតរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីក្រុងដែលមានភាពអ៊ូអរ និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលវិស័យអាហារដ្ឋានមានភាពរស់រវើក ព្រមទាំងពោរពេញដោយថាមពល និងឱកាសផងដែរ។ ដោយមិនមានការកម្រិតលើប្រភពដើមនៃអាហារ ទំហំ និងប្រភេទម្ហូប ទីក្រុងនេះមិនខ្វះនូវរសជាតិដ៏ឆ្ងាញ់ពិសា និងបទពិសោធន៍នៃការទទួលទានអាហារដ៏គួរឲ្យចងចាំនោះឡើយ។ ផ្ទុយទៅវិញ ទីក្រុងហាណូយផ្តល់នូវបរិយាកាសបែបធូរស្រាល និងលំហែកាយ ជាមួយនឹងហាងតូចៗ និងភោជនីយដ្ឋាននានាដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់ចាស់ (Old Quarter) នៃទីក្រុង។ អ្នកអធិការកិច្ចរបស់យើងមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការស្វែងរកឃើញកន្លែងដ៏ល្អឆ្នើមលាក់កំបាំងជាច្រើន ដែលបង្ហាញពីការចម្អិនអាហារបែបដើមពិតៗជាមួយនឹងរសជាតិដ៏លេចធ្លោ។»
ការបង្ហាញខ្លួនលើកដំបូងនៃ MICHELIN Guide នៅវៀតណាម ទទួលបានការគាំទ្រពីក្រុមហ៊ុន Sun Group ដែលជាក្រុមហ៊ុនសម្ព័ន្ធដ៏ធំមួយដែលមានបេសកកម្មលើកកម្ពស់ និងអភិរក្សសម្ផស្ស និងវប្បធម៌ដ៏ពិសេសរបស់វៀតណាម តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០៧។ លោក Dang Minh Truong ប្រធានក្រុមប្រឹក្សាភិបាលនៃ Sun Group បានប្រសាសន៍ថា៖ «ការចេញផ្សាយកំណែដំបូងនៃ MICHELIN Guide Hanoi & Ho Chi Minh City គូសបញ្ជាក់ពីរបត់សំខាន់មួយសម្រាប់វិស័យអាហារូបត្ថម្ភ និងកែច្នៃម្ហូបអាហាររបស់វៀតណាម។ តាមរយៈឱកាសនេះ យើងសង្ឃឹមថានឹងទទួលស្គាល់ពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់ចុងភៅ និងភោជនីយដ្ឋានកំពូលៗនៃគោលដៅទេសចរណ៍នេះ ព្រមទាំងអបអរសាទរចំពោះភាពសម្បូរបែប និងភាពផ្ចិតផ្ចង់នៃមុខម្ហូបវៀតណាម។ យើងជឿជាក់ថា MICHELIN Guide នឹងបំផុសគំនិត និងជំរុញការបង្កើតថ្មី និងភាពឆ្នើមនៅក្នុងឧស្សាហកម្មនេះ ហើយខ្ញុំពិតជាមានសេចក្តីរំភើបក្នុងការទស្សនាមើលពីរបៀបដែលវានឹងកែប្រែទិដ្ឋភាពអាហារូបត្ថម្ភនៅវៀតណាមក្នុងឆ្នាំខាងមុខ។ ជាមួយនឹងការចេញផ្សាយលើកដំបូងនៃ MICHELIN Guide នៅវៀតណាម យើងសង្ឃឹមថានឹងជួយលើកកម្ពស់ទេសចរណ៍អន្តរជាតិ និងផ្សព្វផ្សាយពីក្តីស្រឡាញ់ចំពោះអាហារក្នុងស្រុកដ៏ឆ្ងាញ់ពិសាដែលទីក្រុងហាណូយ និងទីក្រុងហូជីមិញមានជូនភ្ញៀវទេសចរ»។
MICHELIN Guide បង្ហាញពីការវាយតម្លៃភោជនីយដ្ឋានរបស់ខ្លួនតាមរយៈប្រព័ន្ធពានរង្វាន់/កម្រិតកិត្តិយសដ៏ទូលំទូលាយ ដែលក្នុងនោះល្បីល្បាញជាងគេគឺ ផ្កាយ MICHELIN (MICHELIN Stars) ដែលទទួលបានការទទួលស្គាល់ទូទាំងពិភពលោក ផ្តល់ជូនដល់បទពិសោធន៍អាហារូបត្ថម្ភល្អបំផុតនៅក្នុងបញ្ជីភោជនីយដ្ឋានដែលត្រូវបានជ្រើសរើសដោយមគ្គុទ្ទេសក៍។ ទន្ទឹមនឹងការវាយតម្លៃកម្រិតផ្កាយដ៏គួរឲ្យប្រាថ្នា បញ្ជីជ្រើសរើសក៏រួមបញ្ចូលផងដែរនូវផ្នែក Bib Gourmand ដ៏ពេញនិយម ដែលជាពានរង្វាន់ផ្តល់ជូនដល់ភោជនីយដ្ឋានដែលផ្តល់នូវអាហារមានគុណភាពល្អស័ក្តិសមនឹងតម្លៃបំផុត។
ប្រភព៖ អ៊ីនធឺណិត
គ្រឹះស្ថាន/ភោជនីយដ្ឋានទាំងអស់ត្រូវបានជ្រើសរើសដោយអ្នកអធិការកិច្ចអនាមិកនៃ MICHELIN Guide បន្ទាប់ពីការសាកល្បងជាច្រើនលើក និងផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៥ ដូចគ្នាដែលត្រូវបានប្រើប្រាស់នៅជុំវិញពិភពលោក៖ គុណភាពនៃគ្រឿងផ្សំ ភាពស្ទាត់ជំនាញនៃបច្ចេកទេសធ្វើម្ហូប សុខដុមរមនានៃរសជាតិ ការបញ្ចេញនូវអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ចុងភៅនៅក្នុងមុខម្ហូប និងភាពថេរនៃគុណភាព ទាំងតាមពេលវេលានិងទូទាំងម៉ឺនុយទាំងមូល។ ទីតាំង ការលម្អ បម្រើសេវាកម្ម និងសម្ភារបរិក្ខារដែលមាន មិនមែនជាផ្នែកនៃលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសនោះទេ ទោះបីជាពួកវាអាចនឹងត្រូវបានរំលេចប្រសិនបើមានភាពទាក់ទាញពិសេសក៏ដោយ។
បញ្ជីជ្រើសរើសពេញលេញនឹងមានផ្តល់ជូនជាពិសេសក្នុងទម្រង់ឌីជីថលនៅលើគ្រប់បណ្តាញផ្លូវការទាំងអស់របស់ MICHELIN Guide៖ គេហទំព័រ កម្មវិធីទូរស័ព្ទដៃ និងបណ្តាញទំនាក់ទំនងសង្គម។




